(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្ស មានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិនីមួយៗ ហើយការអភិវឌ្ឍធនធានមនុស្សនេះ គឺត្រូវគិតគូរពីកត្តាធំៗចំនួន៣ គឺការអប់រំ សុខភាព និងការគាំពារសង្គម។

លោក វង្សី វិស្សុត បានថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពីសមិទ្ធផលការងាររបស់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

លោក វង្សី វិស្សុត បានថ្លែងដូចនេះថា «ការគិតគូរក្នុងការអភិវឌ្ឍធនធានមនុស្ស យើងគិតគូរទៅដល់កត្តា ៣យ៉ាងធំៗ កត្តាទី១៖ ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ កត្តាទី២៖ កត្តាសុខភាព សុខុមាលភាព ហើយបើសុខភាពរឹងមាំនឹងធ្វើឱ្យមនុស្សមានបញ្ញា មានកម្លាំងក្នុងការធ្វើការងារ ប៉ុន្តែបើសិនជាមនុស្សពូកែយ៉ាងណាក៏ដោយ បើសិនជាមានជំងឺហើយ គឺចប់ហើយ។ កត្តាទី៣៖ ការគាំពារសង្គម សម្រាប់ទ្រទ្រង់ធានានូវស្ថេរភាពនៃជីវិតរបស់មនុស្ស»

លោក វង្សី វិស្សុត បានបន្ថែមថា ទាក់ទងនឹងគោលនយោបាយការអភិវឌ្ឍធនធានមនុស្ស ជំនាញ គឺជាចំណុចគន្លឹះសម្រាប់រយៈពេលវែង នៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្ស។ ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន តែងតែលើកជាចំណុចខ្លីៗ ដែលជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍជាតិគឺ ទឹក ភ្លើង ផ្លូវ និងមនុស្ស ដែលនេះគិតចាប់ពីក្រោយពីដំណាក់កាលនៃការងើបចេញពីរបប ប៉ុល ពល គឺឱ្យតម្លៃទៅលើហេដ្ឋារចនាសម្ព័ន្ធ ខាងផ្នែករឹងជាធំ ដោយឡែកក្នុងដំណាក់កាល១០ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលក៏បានប្រែឱ្យតម្លៃមនុស្ស ធំជាង ទឹក ភ្លើង ផ្លូវ វិញផងដែរ។

លោក វង្សី វិស្សុត បានឱ្យដឹងថា ធន់ធានមនុស្ស គឺជាប្រភព និងជាកត្តាមួយនៃការអភិវឌ្ឍ និងការនិយោគទៅលើប្រទេសមួយ ដោយសារមនុស្ស គឺមានទាំងជំនាញ ការចេះធ្វើ ចេះដឹង និងមានទាំងទស្សនៈ ទាំងសុខភាពផងដែរ៕