Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនៈមិត្តអ្នកអាន៖ រឿងរ៉ាវនៅពីក្រោយពិធីសាសនាសុំសេចក្តីសុខ តែធាតុពិតការបន់ស្រន់សុំលាបំណន់ ដល់បុគ្គលម្នាក់តែប៉ុណ្ណោះ

20-06-2016 16:02

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិថុនានេះ ភរិយា និងកូនស្រី កឹម សុខា រួមទាំងមន្ត្រី និងសកម្មជនប្រមាណ៤០០នាក់ បានធ្វើពិធីមួយ នៅខេត្តសៀមរាប ដែលឲ្យឈ្មោះថា ពិធីសាសនាសុំសេចក្តីសុខ។ តើគណបក្សសង្គ្រោះជាតិ ឬកឹម សុខា ខ្វះសេចក្តីសុខមែនឬ ? សូម្បីខ្ញុំមិនឆ្លើយក៏ទាំងអស់គ្នាបាន ដឹងរួចទៅហើយ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវផ្លូវភេទ គឺ កឹម សុខា ខ្វះសេចក្តីសុខពិតមែនមួយរយៈនេះ ដោយសារតែទង្វើអសីលធម៌ផ្ទាល់របស់គាត់។

ការពិតនៅពីក្រោយពិធីនេះ អ្នកណាៗក៏ដឹងដែរថា «នេះជាការបន់ស្រន់សុំលាបំណន់ឲ្យបុគ្គល កឹម សុខា ដែលធ្វើខុសសម្បថកាលឆ្នាំ២០១៣ កន្លងមកតែប៉ុណ្ណោះ!»។ ប៉ុន្តែវត្ថុសក្ត័សិទ្ធនៅទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា នឹងមិនលើកលែងឲ្យបុគ្គល កឹម សុខា នោះទេ។

តាមលិខិតសុំទៅអាជ្ញាធរ និងការគ្រោងទុក គឺអ្នករៀបចំស្នើសុំសម្រាប់អ្នកចូលរួមពិធីចំនួន៧០០នាក់។ ក៏ប៉ុន្តែចំនួនជាក់ស្តែងក្នុងពិធីលាបំណន់នេះ គឺប្រមូល មិនបានគ្រប់តាមផែនការទេ ដោយអ្នកចូលរួមនៅឯព្រះអង្គចេក ព្រះអង្គចម មានប្រមាណ២០០នាក់ ហើយអ្នកចូលរួមនៅមុខអង្គរ គឺមានតែប្រមាណ ៤០០នាក់ប៉ុណ្ណោះ ដែលក្នុងនោះគឺរាប់ទាំងភ្ញៀវទេសចរណ៍ និងអ្នកឈរមើលផង។

អ្នកអង្គុយនៅជិតប្រពន្ធ កឹម សុខា បាននិយាយប្រាប់ថា គាត់លឺប្រពន្ធ កឹម សុខា និយាយបន់ស្រន់នៅខាងមុខព្រះអង្គចេកព្រះអង្គចមថា សុំធ្វើម៉េចឲ្យប្តីគាត់គឺ កឹម សុខា បានរួចទុក្ខទោស កុំឲ្យមានអ្នកចងកម្ម ចងពារ...។

មើលមួយភ្លែត ពិធីនេះគឺមានមន្ត្រីគណបក្សសង្គ្រោះជាតិចូលរួម ប៉ុន្តែមើលឲ្យច្បាស់ ពិធីនេះគឺដឹកមុខដោយប្រពន្ធ និងកូនស្រី កឹម សុខា ព្រមទាំងមនុស្ស មួយចំនួនតូចដែលស្និទ្ធនឹង កឹម សុខា ប៉ុណ្ណោះ។ មនុស្សសំខាន់ក្នុងកូតា សម រង្ស៊ី ដូចជា អេង ឆៃអ៊ាង, យឹម សុវណ្ណ, មួរ សុខហួរ, ជូឡុង សូមួរ៉ា ជាដើម គឺមិនខ្ចីរវល់នោះទេ។

សូម្បី កឹម សុខា ខ្លួនឯង ក៏មិនហ៊ានទៅសៀមរាប ទៅលាបំណន់នេះដែរ! ហេតុអ្វី?

ទី១៖ ខ្លាចការអនុវត្តន៍ច្បាប់លើខ្លួនគាត់ គឺខ្លាចការចាប់ខ្លួន។
ទី២៖ ខ្មាសអៀនមហាជន។
ទី៣៖ ខ្លាចអ្នកកាសែតសួរនាំ។
ទី៤៖ បាត់បង់សេចក្តីក្លាហាននិងចាញ់បារមីវត្ថុសក្ត័សិទ្ធ។

ដូច្នេះហើយ កឹម សុខា បានបង្កើតលេសនៅជួបជុំក្រុមយុវជននៅឯទីស្នាក់ការ គណបក្សនៅទីក្រុងភ្នំពេញ។ យុវជនដែលត្រូវបានចុចឈ្មោះគៀងគរ ឲ្យឡើងមកភ្នំពេញបាននិយាយថា ស្តាប់ចុះស្តាប់ឡើង លោក កឹម សុខា និយាយតែរឿងសុំជួយការពារគាត់។ យុវជនដែលឡើងមកគ្មានបានអ្វីទេ ថែមទាំងត្រូវអស់លុយថ្លៃធ្វើដំណើរ និង ថ្លៃអាហារទៀត...។

ជាបន្តបន្ទាប់ករណី កឹម សុខា ធ្វើឲ្យគណបក្សសង្គ្រោះជាតិ កាន់តែអន់ទៅៗ។ គណបក្សទាំងមូលបាត់ម្ចាស់ការ។ អ្វីៗដែលបង្កើតឡើង គឺនៅលើគោក ហើយគ្រប់ៗគ្នា ងាយយល់បាន គឺដើម្បីគ្រាន់តែចង់រំដោះទុក្ខបុគ្គល កឹម សុខា ប៉ុណ្ណោះ។

បើនិយាយជារួមអំពីមាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា សុខសន្តិភាព គឺបានគ្របដណ្តប់ ទូទាំងផ្ទៃប្រទេស។ ជាង២០ឆ្នាំចុងក្រោយនេះ កម្ពុជាមិនត្រឹមតែទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ គឺកម្ពុជាមានការឯកភាពទាំងទឹកដី និងប្រជាជន។ សេចក្តីសុខ សុវត្ថិភាព និង ភាពសប្បាយរីករាយ គឺស្តែងនៅលើស្នាមញញឹមរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ហើយគ្រប់គ្នាអាចធ្វើដំណើរកម្សាន្តបានគ្រប់ទិសទី និង អាចធ្វើពិធីបាននៅគ្រប់ទីកន្លែង។ វាលើកលែងតែទណ្ឌិត និងអ្នកធ្វើខុសពាក្យសម្បថ ឬប្រព្រឹត្តកាមគុណដែលនាំឲ្យ មានទោសសៅហ្មងចំពោះខ្លួន ផ្ទាល់តែប៉ុណ្ណោះ ដែល «បិទសិទ្ធិខ្លួនឯង» ឬ «ឃុំឃាំងខ្លួនឯង»។

ប្រជាជនកម្ពុជា មិនឱ្យតម្លៃ លែងគាំទ្រ និងមិនអនុគ្រោះ​ អ្នកនយោបាយដែលគ្មានទស្សន:វិស័យវែងឆ្ងាយចំពោះជាតិ និងប្រជាជននោះទេ។ ភាពកំសាក និង ទង្វើថោកទាប មិនអាចបិទបាំងរឿងអាស្រូវស្មោកគ្រោកបាននោះទេ។ សម្បថដែលគ្មានភាពស្មោះត្រង់គឺទណ្ឌកម្ម និងទោស​។ ដូច្នេះវត្ថុសក្ត័សិទ្ធនៅទឹកដីអង្គរ ក៏មិនអហោសកម្មលើកលែងឱ្យអ្នកនយោបាយថោកទាបដូច កឹម សុខា​ នេះដែរ​៕

ដោយ៖ សេនាជាតិ