(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការបណ្តុះបណ្តាលជំនាញ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ មិនត្រឹមតែដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កម្មករ ពលករ និងប្រជាជន ឲ្យមានជំនាញកាន់តែខ្ពស់ ទទួលបានប្រាក់ខែកាន់តែច្រើន។

លោក វង្សី វិស្សុត ថ្លែងបែបនេះធ្វើឡើងនៅក្នុង​សិក្ខាសាលា ស្តីពីសមិទ្ធផលការងាររបស់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងថា «ការបណ្តុះបណ្តាលជំនាញ មិនត្រឹមជួយដល់ការធ្វើឲ្យមានពិពិធកម្មសេដ្ឋកិច្ចទេ ជួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចទេ តែថែមទាំងជួយកម្មករ ពលករ ប្រជាជនខ្លួនឯង ឲ្យមានជំនាញកាន់តែខ្ពស់ដើម្បីបានប្រាក់ខែច្រើន បើយើងអត់ជំនាញផងបានប្រាក់ខែច្រើនមកពីណា ជីវភាពម៉េចនឹងធូរធាកើត កាលណាមានប្រាក់ខែច្រើន បង្កើតឲ្យមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយសារយើងមានកម្លាំងទិញក្នុងស្រុកកាន់តែច្រើ​ន»

លោកបានគូសបញ្ជាក់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច ពិសេសមូលដ្ឋាន ឧស្សាហកម្ម ទាមទារនូវការបណ្តុះបណ្តាលជំនាញ ដែលមានលក្ខណៈពិសេស ទើបយើងអាចប្រែក្លាយមូលដ្ឋាន ពីឧស្សាហកម្ម ផ្អែកលើអតិពលកម្ម ​ទៅជាឧស្សាហកម្មផ្អែកលើជំនាញ។ ដូចនេះ ការអភិវឌ្ឍជំនាញ គឺមានភាពចាំបាច់ណាស់ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង ព្រោះថា កំណើនយើងភាគច្រើនពឹងផ្អែកលើកត្តា នៃការចូលរួមកម្លាំងពលកម្ម ​រហូតដល់ប្រមាណពី ៧០% ទៅ ៨០% ដែលជាកម្រិតអតិរមា និងអស់លំហរហើយ។ ក៏ប៉ុន្តែការចូលរួមនៃកត្តាផលិតភាពការងារវិញ នៅមានកម្រិតទាបនៅឡើយ ដែលនេះឆ្លុះបញ្ចាំង ពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញ ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីធ្វើពិពិធកម្ម និងបង្កើនតម្លៃ បន្ថែមក្នុងសេដ្ឋកិច្ចផងដែរ។

លោកបន្តថា បច្ចុប្បន្នមានក្រសួងស្ថាប័នចំនួន ២ គឺក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងផ្តល់ការបណ្តុះបណ្តាលជំនាញ ទាំងផ្នែករឹង និងផ្នែកទន់។ ក៏ប៉ុន្តែការបណ្តុះបណ្តាលនេះ ជារួម គឺផ្អែកលើការផ្គត់ផ្គង់ (Supply-driven) ហើយជំនាញភាគច្រើន មានលក្ខណៈជាជំនាញទូទៅ និងមិនទាន់ឆ្លើយតបបានទាំងស្រុងទៅនឹងតម្រូវការទីផ្សារ (Skill mismatch) ហើយគុណភាព នៃជំនាញទៀតសោត ក៏នៅមិនទាន់គ្រប់គ្រាន់នៅឡើយ (Quality mismatch)។ ​ប្រការនេះ ធ្វើឱ្យមានការខ្វះចន្លោះ ក្នុងការអភិវឌ្ឍន៍ជំនាញ ដែលជាបច្ច័យធ្វើឱ្យដំណើរការ នៃការធ្វើពិពិធកម្ម ឧស្សាហកម្ម ​មានល្បឿនយឺត ធៀបនឹងគោលដៅដែលបានដាក់ចេញ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។

ការអភិវឌ្ឍជំនាញ ក៏ត្រូវគិតគូរដល់លទ្ធភាព ក្នុងការចាប់យកជំនាញ មួយផ្សេងទៀតផងដែរ ព្រោះដោយសារ ភាពជឿនលឿន និងការវិវត្តយ៉ាងឆាប់រហ័ស នៃវិស័យបច្ចេកវិទ្យា អាចធ្វើជំនាញមួយចំនួនមានផ្លាស់ប្តូរ និង ប្រែប្រួលជាបន្តបន្ទាប់។ ដូច្នេះ យើងត្រូវ បណ្តុះបណ្តាល ជំនាញមួយ ដែលអាចជាមូលដ្ឋាន សម្រាប់ទៅរៀន យកជំនាញមួយផ្សេងទៀត ឬអាចចាប់យកជំនាញថ្មីៗបន្ថែមទៀតបាន ​ដោយរួមទាំងការបណ្តុះបណ្តាលជំនាញឡើងវិញ ​និងការបង្កើនសមត្ថភាពជំនាញផងដែរ ដោយឈរលើទស្សទាន នៃការរៀនពេញមួយជីវិត។ លើសពីនេះទៀត ការបណ្តុះបណ្តាលជំនាញ គិតគូរពីតម្រូវការទីផ្សារ (Demand driven) និងផ្សារភ្ជាប់ជាមួយឧស្សាហកម្ម ដើម្បីផ្គត់ផ្គត់កម្លាំង ពលកម្មជំនាញ ស្របតាមតម្រូវការរបស់វិស័យ, វិនិយោគិន, ក្រុមហ៊ុន ឬផលិតផល ជាក់លាក់ណាមួយ ដូចជាវិស័យយានយន្តជាដើម។

លោកបានគូសបញ្ជាក់ រាជរដ្ឋាភិបាលបាន ដាក់ឱ្យដំណើរការគម្រោង មូលនិធិ អភិវឌ្ឍន៍ ជំនាញកាលពីចុងឆ្នាំ២០១៨ ដោយចំណាយថវិកាជាតិប្រមាណ១៥ លានដុល្លារអាមេរិក និងហិរញ្ញប្បទានពី ADB ប្រមាណ១០ លានដុល្លារអាមេរិក ព្រមទាំងមានការចូលរួមជា ថវិកាបដិភាគពីវិស័យឯកជនផងដែរ ក្នុងគោលដៅ ដោះស្រាយបញ្ហា ជារចនាសម្ព័ន្ធ ក្នុងប្រព័ន្ធអេកូឡូស៊ី នៃការអភិវឌ្ឍជំនាញ ទាំងមូល។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងបន្តបង្កើនថវិកាគាំទ្រ ក្នុងទិសដៅប្រែក្លាយគម្រោងនេះ ឱ្យទៅជាមូលធិនិ (Trust fund) មួយរបស់ជាតិ ដែលដើរតួនាទីជាថ្នាលជាតិ ដោយរដ្ឋមានតួនាទីជាកតាលីករ និងអ្នកសម្របសម្រួល រវាងគ្រប់តួអង្គពាក់ព័ន្ធ ក្នុងប្រព័ន្ធអេកូឡូស៊ី នៃការអភិវឌ្ឍជំនាញទាំងមូល ទាំងដៃគូអភិវឌ្ឍន៍ និង ស្ថាប័នផ្តល់ការបណ្តុះបណ្តាល ដែលមានគុណភាព និងការទទួលស្គាល់ ទាំងជាគ្រឹះស្ថាន របស់រដ្ឋ, ក្រុមហ៊ុន និងសមាគមអង្គការក្រៅរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍជំនាញនៅកម្ពុជា ដោយផ្អែកលើតម្រូវការ (Demand-driven) និងមានផ្សារភ្ជាប់ ទៅនឹងឧស្សាហកម្ម (Industry-linked), ក្រុមហ៊ុន ឬទំនិញផលិតផលណាមួយជាក់លាក់ច្បាស់លាស់។

លោកបានគូសបញ្ជាក់ថា យន្តការនេះ នឹងមិនត្រឹមតែ ចូលរួមដោះស្រាយបញ្ហាការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ ដើម្បីជួយដល់ការរីកចម្រើនងើបឡើង នៃវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង នឹងជួយបង្កើនសមត្ថភាព និងផលិតភាពនៃធនធានមនុស្សកម្ពុជាផងដែរ ដែលនេះជាមូលដ្ឋានមិនអាចខ្វះ សម្រាប់ទាក់ទាញការវិនិយោគ និងការធ្វើពិពិធកម្មឧស្សាហកម្ម និងសេវាកម្មនៅកម្ពុជា ក៏ដូចជាដើម្បីឱ្យក្លាយជាជន្ទល់ សេដ្ឋកិច្ចថ្មីមួយ សម្រាប់ទ្រទ្រង់កំណើន រយៈពេលវែង សម្រាប់ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០៕