(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មបានស្នើទៅកាន់បណ្តាក្រុមហ៊ុន សហគ្រាសក្នុងស្រុកខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយដៃគូក្នុងស្រុកដូចគ្នា និងដៃគូអន្តរជាតិបន្ថែម ដើម្បីរួមគ្នាកសាងនិងស្តារសហគមន៍ឡើងវិញ ក្រោយរងវិបត្តិនៃជំងឺកូវីដ-១៩។
ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ធ្វើឡើងក្រោមអធិបតីភាពលោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិបត្តិកូវីដ-១៩បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនទាបបំផុតជាលើកដំបូងក្នុងឆ្នាំ២០២០កន្លងទៅ ដោយសារការធ្លាក់ចុះយ៉ាងគំហុកនូវតម្រូវការពីខាងក្រៅ ជាពិសេសសកម្មភាពនានាក្នុងវិស័យសេវាកម្ម ដូចជាវិស័យទេសចរណ៍ ឧស្សាហកម្ម ការធ្វើដំណើរ និងឤកាសចរស៊ីវិលជាដើម ខណៈដែលវិស័យឧស្សាហកម្មក៏ទទួលរងផលប៉ះទង្គិចផងដែរ ដោយសារភាពរអាក់រអួលនៅក្នុងខ្សែច្រវាក់នៃការផ្គត់ផ្គង់ជាសកល។
លោកបានរំលឹកដែរថា ដើម្បីប៉ះប៉ូវនូវផលប៉ះពាល់អវិជ្ជមាននេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយន្តការប្រកបដោយសង្គតិភាពក្នុងការយកឈ្នះលើវិបត្តិកូវីដ-១៩ តាមរយៈការកំណត់យកការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ ដើម្បីសម្រេចឱ្យបានយ៉ាងឆាប់រហ័សនូវភាពស៊ាំសហគមន៍ និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។ ការសម្រេចបាននូវសមិទ្ធផលដ៏លឿនបែបនេះ បានធ្វើឱ្យកម្ពុជាឈានដល់ការបើកសកម្មភាពសង្គម-សេដ្ឋកិច្ច និងបើកប្រទេសពេញលេញឡើងវិញដូចបច្ចុប្បន្ននេះ។
លោក ឈួន ដារ៉ា បានស្នើថា «បណ្តាក្រុមហ៊ុន សហគ្រាស និងបណ្តាប្រទេសចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់ត្រូវខិតខំរួមគ្នាកសាង និងស្តារសហគមន៍នេះឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី»។
គួរជម្រាបថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងស្តារសហគមន៍នេះឡើងវិញនោះ ក្រសួងពាណិជ្ជកម្មបានផ្ដួចផ្ដើមរៀបចំឱ្យមានពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ ដែលជាឱកាសដ៏ប្រសើរបំផុតសម្រាប់អ្នកចូលរួមក្នុងការស្វែងរកដៃគូពាណិជ្ជកម្មដើម្បីពង្រីកធុរកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាពីកម្ពុជាទៅកាន់អន្តរជាតិ។ ពិព័រណ៍នេះធ្វើឡើងក្រោមប្រធានបទ «ការវិលត្រឡប់មកធ្វើធុរកិច្ចជាធម្មតាឡើងវិញ» នាថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានស្តង់ចូលរួមតាំងពិព័រណ៍សរុបចំនួន២៦៨ស្តង់ ក្នុងនោះមានក្រុមហ៊ុន RUNTOGETHER ដែលគួរឱ្យចាប់អារម្មរណ៍។
លោករដ្ឋលេខាធិការ ឈួន ដារ៉ា លើកឡើងដែរថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះបានជួយជំរុញសកម្មភាពពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសឡើងវិញ បង្កើតឱកាសទីផ្សារ តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគកាន់តែល្អប្រសើររវាងកម្ពុជាជាមួយអន្តរជាតិ បន្ទាប់ពីអាក់ខានមួយរយៈពេលខ្លីដោយសារវិបត្តិកូវីដ-១៩។ ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះក៏ជាឱកាសដ៏ប្រសើរបំផុតសម្រាប់អ្នកចូលរួមក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម ដើម្បីពង្រីកកិច្ចការធុរកិច្ចនិងវិនិយោគនៅកម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសរបស់ពួកគេវិញដែរ។
បើតាមលោក កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលឆ្នាំ២០២២នេះ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ក្នុងនោះមានស្តង់ពីស្ថានទូតបរទេសប្រចាំនៅកម្ពុជា ស្តង់មកពីរាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងមកពីបរទេសដែលមានក្រុមហ៊ុន សហគ្រាសសរុបចំនួន១៨១ក្រុមហ៊ុន។ ភ្ញៀវអន្តរជាតិដែលចូលរួមតាំងពិព័រណ៍គឺមានដូចជាប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អ៉ីតាលី កូរ៉េខាងត្បូង តួកគី សិង្ហបុរី វៀតណាម ឡាវ ឥណ្ឌូណេស៊ី ថៃ និងប៉ាគីស្ថាន។
លោក កៅ កោសល បានបន្តថា ផលិតផលដែលមានដាក់តាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍ រួមមាន៖
* ផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងការកែច្នៃកសិផល
* ផលិតផលម្ហូបអាហារ និងភេសជ្ជៈ
* យានយន្ត គ្រឿងយន្ត និងឧបករណ៍បម្រើការក្នុងឃ្លាំង
* ផលិតផលសូត្រ និងវត្ថុអនុស្សាវរីយ៍
* ផលិតផលសៀវភៅ និងការអាន
* ផលិតផលគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ
* និងផលិតផលបន្ទាប់បន្សំផ្សេងៗទៀត ដូចជាគ្រឿងសម្អាង សម្ភារការិយាល័យ គម្រោងវិនិយោគ ផលិតផលសិប្បកម្ម និងទំនិញប្រើប្រាស់ទូទៅ៕