(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញលិខិតចំហរមួយ ដើម្បីប្រតិកម្មទៅនឹងការចុះផ្សាយ របស់វិទ្យុអាស៊ីសេរី កាលពីម្សិលមិញ ចំពោះរឿង «អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា គណបក្សមិនត្រូវការអនុសាសន៍ពីអ្នកក្រៅទេ»។
លោក ផៃ ស៊ីផាន បានហៅការផ្សព្វផ្សាយនេះថា មានខ្លឹមសារខុសពីការពិត ទៅនឹងសម្តីរបស់ លោក ឈឹម ផលវរុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅក្នុងវេទិកា «យុវជនស្តីពី ប្រជាធិបតេយ្យរបស់គណបក្សនយោបាយ សម្រាប់លើកកម្ពស់ការចូលរួមរបស់យុវជន» កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញ ដោយសំអាងថា លោកក៏បានចូលរួមក្នុងវេទិកានោះដែរ។
ខាងក្រោមនេះ គឺជាលិខិតចំហរទាំងស្រុងរបស់ លោក ផៃ ស៊ីផាន៖
«លិខិតចំហរគោរពជូនជនរួមជាតិ ជាពិសេសអ្នកធ្វើព័ត៌មានវិទ្យុអាស៊ី ខ្ញុំមានការភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំង ចំពោះអ្នកធ្វើព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលមានខ្លឹមសារប្រាស់ចាកពីការពិត ដែល ឯ.ឧ បណ្ឌិត ឈឹម ផលវរុណ ដែលជាអ្នកនាំពាក្យគណបក្សប្រជាជន បានលើកឡើង នៅក្នុងវេទិកា «យុវជនស្តីពី ប្រជាធិបតេយ្យរបស់គណបក្សនយោបាយ សម្រាប់លើកកម្ពស់ការចូលរួមរបស់យុវជន»។
ទាំងខ្លឹមសារ ទាំងវិជ្ជាជីវៈ និងក្រមសីលធម៌ គឺប្រាស់ចាកទាំងស្រុង ក្នុងការទទួលខុសត្រូវ ចំពោះសេរីភាពទទួលបានព័ត៌មានពិត របស់សាធារណជន។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះយុវជនទាំងអស់ មិនត្រឹមតែគាំទ្រគណបក្សប្រជាជននោះទេ ក៏ប៉ុន្តែរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង ថែរក្សាសន្តិភាព ភាពក្សេមក្សាន្ត និងវឌ្ឍនភាពរបស់មហាជន នោះរាប់ទាំង វិស័យសន្តិសុខ សេដ្ឋកិច្ច និងកីឡា រួមទាំងវិស័យកម្សាន្ត បង្ហាញនូវសមត្ថភាពរបស់យុវជន ដែលមានមនុស្ស រាប់លាននាក់អបអរ និងគាំទ្រចំពោះសកម្មភាពនេះ។ ខ្ញុំបានឃើញយុវជន ជាមួយនិងគណបក្សប្រជាជន ដែលមានសម្តេចតេជោ ជាប្រធាន លោកតែងតែលើកទឹកចិត្ត និងជួយគាំទ្រ ឲ្យយុវជនទាំងអស់ មានអនាគតតាមរយះចំណេះដឹង និងសកម្មភាពល្អៗ ដើម្បីចូលរួមកសាងសង្គម។ សម្តេចតេជោ បានបង្ហាញឲ្យឃើញ នូវការប្តេជ្ញា ធ្វើអ្វីគ្រប់បែបយ៉ាង គឺដើម្បីអនាគតយុវជន នោះរាប់ទាំងការផ្សាំការងារ និងការទទួលខុសត្រូវជាប្រជាពលរដ្ឋល្អ នោះរាប់ទាំងការផ្ទេរនៃការទទួលខុសត្រូវចំពោះជាតិ ដែលមានយុវជន នៅក្នុងថ្នាក់រដ្ឋមន្ត្រី ក៏ដូចជាថ្នាក់តំណាងរាស្ត្រ ដើម្បីស្នងបន្តការងារ ចាប់ផ្តើមពីសម័យបច្ចុប្បន្ននេះ នោះមិនរាប់គិតដល់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលស្ថិតនៅក្នុងជួររាជរដ្ឋាភិបាល ក៏ដូចជាយុវជនមួយចំនួនធំទៀត ដែលស្ថិតនៅក្នុងជួរគណបក្សប្រជាជន រាប់ទាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ។
ការយកចិត្តទុកដាក់របស់សម្តេចប្រធាន គណបក្សប្រជាជននេះ គឺស្វាគមន៍ដល់រាល់យុវជន មិនថាវណ្ណៈ ឬនិន្នាការនយោបាយណាមួយឡើយ។ CPP ស្វាគមន៍ជានិច្ច ដើម្បីអនាគតនៃសេចក្តីរុងរឿងរបស់ប្រទេសជាតិ។
យោងតាមការផ្សាយពត៌មានរបស់វិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា ដែលបានផ្សាយកាលពីរាត្រីថ្ងៃទី១៩ មិថុនា ២០១៦ ក្រោមចំណងជើងថា «អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា គណបក្សមិនត្រូវការអនុសាសន៍ពីអ្នកក្រៅទេ» គឺជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយ មិនមានអត្ថន័យពេញលេញ ដែលអាចវាយតម្លៃបានថា «ខ្វះវិជ្ជាជីវៈ និងមាននិន្នាការនយោបាយប្រឆាំង»។ រូបខ្ញុំផ្ទាល់ក៏បានចូលរួមក្នុងវេទិកាយុវជន កាលពីម្សិលមិញនេះដែរ ក្នុងនាមជាអ្នកសង្កេតការណ៍ និងរៀនសូត្រពីបំណងរបស់យុវជន ដើម្បីជាព័ត៌មានសុទ្ធសាធ។ អ្នកចូលរួមក្នុងវេទិកាទាំងអស់ពិតជាបានឮវាគ្មិនទី១ គឺ ឯ.ឧ បណ្ឌិត ឈឹម ផលវរុណ ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានបញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់ របស់គណបក្សប្រជាជនកម្ពុជា គឺមិនទទួលយកមេរៀន ឬអនុសាសន៍របស់គណបក្សដ៏ទៃជាដាច់ខាត ត្បិតគណបក្សប្រជាជនបានផ្តុំមតិរបស់សមាជិក និងធ្វើការសិក្សាផ្ទាល់ ក្នុងការតាក់តែងគោលនយោបាយរបស់ខ្លួន រួចស្រេចហើយ គឺមានតែរដ្ឋាភិបាលទេ ដែលអាចទទួលយកអនុសាសន៍ពី មជ្ឈដ្ឋានខាងក្រៅមកពិចារណា ក្នុងកិច្ចប្រតិបត្តិរបស់ខ្លួន។
លោកក៏បានបញ្ជាក់ផងដែរថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាទទួលយកអនុសាសន៍ និងធ្វើតាមគណបក្សដទៃ គឺមិនចាំបាច់អោយមានរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សនោះទេ ពោលគឺឯកបក្សតែម្តងទៅ។ នេះជាព័ត៌មានពិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ហើយគណបក្សប្រជាជន មាននិន្នាការខុសពីការលើកឡើងរបស់ ឯ.ឧ ប្រធានយុវជនរបស់របស់គណបក្សសង្គ្រោះជាតិ ដោយលោកលើកឡើងថា យុវជនត្រូវតែចំណាយពេលរបស់ខ្លួន ក្នុងការបំរើដាច់ខាត ដល់គណបក្សក៏ដូចជាបំរើ និងលះបង់ដាច់ខាតសម្រាប់ផលប្រយោជន៍ និងការទុកចិត្តរបស់ប្រធាន និងអនុប្រធានបក្សសង្គ្រោះជាតិ។
អ្វីដែលជាអំពើល្អ របស់យុវជន អ្វីដែលជាសមត្ថភាពរបស់យុវជន និងអ្វីនៃជម្រើសរបស់យុវជន ក្នុងកិច្ចចូលរួមកសាងជាតិ និងការពារសន្តិភាព ព្រមជាមួយសណ្តាប់ធ្នាប់សង្គមនោះ គឺជាជម្រើសរបស់គណបក្សប្រជាជន មិនត្រឹមតែការគោរពកោតសរសើរប៉ុណ្ណោះទេ គឺគណបក្សប្រជាជនស្វាគមន៍ ក្នុងការផ្តល់ឱកាសដល់រូបគេ ក្នុងសមត្ថកិច្ចដឹកនាំនៅក្នុងសង្គម។
ខ្ញុំសូមអរគុណ និងគោរពសារជាថ្មី ដល់យុវជនគ្រប់រូប ក្នុងការចូលរួម កសាងប្រជាជាតិ ដើម្បីការពារអនាគតរបស់ខ្លួន៕