(កំពង់ឆ្នាំង)៖ ក្រុមហ៊ុនហ្គី្រនិច(PLC) ចិញ្ចឹមបង្កងទឹកសាប ដែលកំពុងដំណើរការធ្វើស្រះចិញ្ចឹមបង្កងទឹកសាបនៅក្នុងភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានធ្វើពិធីចុះកិច្ចព្រមព្រៀង(MOU) ផ្គត់ផ្គង់បង្កងទឹកសាបប្រចាំឆ្នាំជាមួយក្រុមហ៊ុនចំនួន២ទៀតសម្រាប់លក់ចែកចាយលើទីផ្សារក្នុងស្រុកខ្មែរ។

នៅក្នុងពិធីចុះកិច្ចព្រមព្រៀង(MOU) ផ្គត់ផ្គង់បង្កងទឹកសាបខាងលើនេះលោក គឹម ហួរ ប្រធានក្រុមហ៊ុនហ្រ្គីនិច(PLC) បានលើកឡើងថា បច្ចុប្បន្នលោកកំពុងដំណើរការមុខរបរលើក្រុមហ៊ុនចំនួន២ គឺមួយក្រុមហ៊ុន(ហ្គ្រីនហ្វាម) ដែលមានការដាំដើមឈើប្រណីត និងបណ្ដុះពូជឈើប្រណីតលើដីជាង៨០០ហិកតា ពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុនក៏បានសាងសង់រោងចក្រផលិតជីធម្មជាតិ សម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុន និងលក់ចែកចាយជូនប្រជាកសិករក្នុងស្រុក សម្រាប់ដាំដំណាំកសិកម្មក្នុងស្រុកផងដែរ។

ក្រុមហ៊ុនហ្គ្រីនហ្វាម បច្ចុប្បន្នក្រៅពីមានមានរោងចក្រសម្រាប់ផលិតជីប្រភេទគ្រាប់ និងប្រភេទជីទឹកហើយនោះ ក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រស ម្រាប់ផលិតចំណីសត្វ និងចំណីបង្កងមួយទៀត ដែលនៅថ្ងៃខាងមុខការចិញ្ចឹមសត្វត្រីបង្កងមិនពិបាកទិញចូលមកពីទីផ្សារ។ ចំណែកក្រុមហ៊ុនហ្គ្រីនិច (PLC)នេះវិញ គឺជាក្រុមហ៊ុនភូមិឈើប្រណិត ដែលក្រុមហ៊ុនគ្រោងដាំដើមឈើប្រណិតលើដីចំនួន ១០ ហិកតា និងកំពុងជីកអាងចិញ្ចឹមបង្កងទឹកសាបលើដី ៤ហិកតា ចំនួន ៤០ ជាលើកដំបូងក្នុងទំហំដីសរុប ១១០ហិកតា ស្ថិតក្នុងភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក គឹម ហួរ បានបន្តថា ពូជបង្កងទឹកសាប នឹងទិញមកពីគេដែលជាបង្កងសាច់ស្វិតមានតម្លៃខ្ពស់ក្នុងទីផ្សារខេត្តតាកែវ ដែលមានតម្លៃពី២០ដុល្លារ ទៅ៣០ដុល្លារ។ ប៉ុន្តែ នៅកសិដ្ឋានរបស់លោក ដែលកំពុងធ្វើនេះពេលផលិតបង្កងលក់ គឺអាចលក់ក្នុងតម្លៃក្រោម ១០ ដុល្លារ ដោយសង្ឃឹមថា នឹងទទួលបានជោគជ័យ ព្រោះការចិញ្ចឹមបង្កងនេះ គឺលោកមានរោងចក្រផលិតចំណីត្រី ចំណីបង្កងដោយខ្លួនឯង មិនទិញចំណីបង្កងដែលមានតម្លៃថ្លៃពីគេនោះឡើយ។ ចំពោះអាងចិញ្ចឹមបង្កងវិញ គឺក្រុមការងារបច្ចេកទេសលោកជីកអាងនីមួយៗមានទំហំ ២៥ម៉ែត្រ គុណ ៣៥ម៉ែត្រ ដោយផ្ទៃក្នុងអាងត្រូវអ៊ុតកៅស៊ូ ហើយអាចដាក់កូនបង្កងបាន ៥ម៉ឺនក្បាល នឹងត្រូវចិញ្ចឹមរយៈពេល ៥ខែទើបទទួលផល។

លោកបន្ថែមថា ចំណែកក្រុមហ៊ុនចំនួន២ ដែលថ្ងៃនេះយល់ព្រមមកចុះកិច្ចព្រមព្រៀងទទួលការផ្គត់ផ្គង់បង្កងទឹកសាបពីក្រុមហ៊ុនរបស់លោកប្រចាំឆ្នាំ វិលជុំក្នុងពេលនេះ គឺ១៖ ក្រុមហ៊ុនផ្ទះទា (ដែលខ្លះហៅថា ទាអភិជន ឬទាតា រា), និង២៖ គឺក្រុមហ៊ុនផ្សារស្រុកស្រែដែលជាក្រុមហ៊ុនផ្គត់ផ្គង់បន្លែបង្ការត្រីសាច់គ្រប់ប្រភេទជូនសណ្ឋា គារ ភោជនីយដ្ឋានខ្នាតផ្កាយប្រាំធំៗ ល្បីៗ នៅភ្នំពេញ។ ពេលដំណើរការ និងពេលទទួលផលបង្កងទឹកសាបក្រុមហ៊ុនលោក អាចនឹងប្រមូលផលបង្កងក្នុងមួយថ្ងៃយ៉ាងតិចបាន ១តោន ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកខ្មែរ។

ក្នុងនោះតំណាងក្រុមហ៊ុននីមួយៗដែលបានមកចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន ហ្គ្រីននិច(PLC)
ក៏បានបង្ហាញពីភាពជោគជ័យរបស់ក្រុមហ៊ុនដែលកំពុងដំណើរការនាបច្ចុប្បន្ន ដោយក្រុមហ៊ុននីមួយៗបានអះអាងថា កំពុងបម្រើសេវាជូនភ្ញៀវទូទៅ ទាំងភ្ញៀវប្រជាពលរដ្ឋធម្មតា ទាំងភ្ញៀវអភិជនរស់នៅក្នុងភ្នំពេញ ម្ហូបអាហារបម្រើដល់ភ្ញៀវសព្វថ្ងៃផ្ដោតសំខាន់ទៅលើផលិតផលកសិកម្មធម្មជាតិ ដែលមិនមានជាតិគីមី ដើម្បីជាទំនុកចិត្តដល់អតិថិជននិងធានានូវសុខមាលភាព ដល់អតិថិជនដែលជាអ្នកយកទៅបរិភោគផងដែរ។

នាឱកាសនោះលោក សូត្រ សង់ អភិបាលស្រុកទឹកផុស បានស្វាគមន៍និងអបអរសាទរចំពោះគម្រោងចិញ្ចឹមបង្កងទឹកសាបនេះ ប្រសិនបើក្រុមហ៊ុនមានការសហការគ្នាបានល្អ ស្មោះត្រង់នឹងគ្នា ធ្វើឲ្យក្រុមហ៊ុននឹងមានការរីកចម្រើនទៅមុខ វាគឺជាឱកាសការងារថ្មីរបស់ក្រុមហ៊ុន ដែលបានផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលពួកគាត់បានចូលមកបម្រើការងារជាមួយក្រុមហ៊ុន និងបានរៀនសូត្រយកបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្តនៅសហគមន៍ និងគ្រួសារលើកតម្កើងជីវភាពរបស់ពួកគាត់ ដោយមិនចាំបាច់ធ្វើការចំណាកស្រុក។

លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្ត ក្នុងកម្មវិធីនេះបានថ្លែគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងការចិញ្ចឹមបង្កងទឹកសាបរបស់ក្រុមហ៊ុនហ្គ្រីនិច(PLC) ដែលបានលើកឡើងនៅផែនការរបស់ខ្លួន ដោយសង្ឃឹមថា ក្រុមហ៊ុនទាំង៣ ដែលចុះកិច្ចព្រមព្រៀងជាមួយគ្នា នឹងទទួលបានជោគជ័យតាមផែនការដើម្បីចូលរួមលើកស្ទួយវិស័យកសិកម្ម ដែលជាវិស័យស្នូល របស់ជាតិ៕