(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា មានសប្បុរសជនពីរក្រុមផ្សេងគ្នា បាននាំយកអំណោយជូនដល់កាកបាទក្រហមកម្ពុជា រួមមាន៖ ទី១សិប្បកម្ម វីភី ផ្ទះចល័ត អង្ករចំនួន៥តោន ត្រីខ៧៥កេស, ទី២ក្រុមហ៊ុន ស្តារីត (ខេមបូឌា) ឯ.ក កាបូបស្ពាយ ចំនួន ៨០០កាបូប ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ធ្វើសកម្មភាពមនុស្សធម៌តាមតម្រូវការ។
ក្នុងឱកាសទទួលជួបសវនាការនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ សិប្បកម្ម វីភី ផ្ទះចល័ត និងក្រុមហ៊ុនស្តារីត (ខេមបូឌា) ឯ.ក ដែលបានបរិច្ចាគអំណោយទាំងនេះ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទុកជួយទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។
លោកស្រីបន្តថា អំណោយក្នុងថ្ងៃនេះ ជាអំណោយដ៏ពិសេសថ្លៃថ្លាណាស់ គឺចំថ្ងៃខួបចម្រើន ជន្មាយុរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយអំណោយទាំងនេះ កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាល និងយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់នាពេលឆាប់ៗខាងមុខនេះ។
សប្បុរសជនបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ពួកគាត់ បានចូលរួមចែករំលែកការងារមនុស្សធម៌ជាមួយប្រជាជនកម្ពុជា និងសូមកោតសសើរយ៉ាងខ្លាំងក្លា ចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែធ្វើឱ្យប្រជាពលរដ្ឋគ្រប់ទីកន្លែង មានស្នាមញញឹម ពេញចិត្ត យ៉ាងខ្លាំង ក្នុងការជួយទៅដល់ពួកគាត់ ដែលត្រូវការជំនួយជាចាំបាច់ក្នុងជីវភាពគ្រួសារ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
សប្បុរសជូនខាងលើនេះ បានប្ដេជ្ញាចិត្ដថា នៅពេលបន្តបន្ទាប់ទៀត ក្រុមការងារ និងចូលរួមបរិច្ចាគអំណោយមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ទៀត ដើម្បីជាការរួមចំណែក ជួយទៅដល់ប្រជាពលរដ្ឋ ដែលជីវភាពខ្សត់ខ្សោយនៅក្នុងសង្គម។
ចុងបញ្ចប់ក្នុងឱកាសខួបចម្រើនជន្មាយុ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តំណាងក្រុមហ៊ុនខាងលើ បានសូមបួងសួងដល់គុណបារមី ទេវតាគ្រប់ព្រះអង្គ គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុ ស័ក្ដិសិទ្ធិ នានាក្នុងលោក សូមព្រះមេត្តាប្រោសព្រះរាជទាន ប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមសម្រេចបានជោគជ័យថ្មីៗទៀត ក្នុងភារកិច្ច ដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន នៅទូទាំងកម្ពុជាតរៀងទៅ៕