(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្ស ថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំប្រតិភូផ្នែកឃោសនាអប់រំសួរសុខទុក្ខ លោក ច័ន្ទ តុងអ៉ីវ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវ័យចាស់ដល់គេហដ្ឋានរបស់គាត់។

លោក ចាយ បូរិន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស អនុប្រធានគណបក្ស ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ លោក ច័ន្ទ តុងអ៉ីវ និងក្រុមគ្រួសារ។

លោក ច័ន្ទ តុងអ៉ីវ មានក្តីរំភើបយ៉ាងខ្លាំងអរគុណជាអនេក និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន, សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ចាស់ព្រឹទ្ធាចារ្យ និងសុខុមាលភាពរបស់ប្រជាជនគ្រប់ទីកន្លែង។

ក្នុងនោះដែរ លោក ច័ន្ទ តុងអ៉ីវ ក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងច្បាស់ ចំពោះបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជារៀងរហូត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេន ក្នុងការដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត។

លោកក៏បានរៀបរាប់ពីប្រវត្តិការងារប្រាប់ប្រតិភូផ្នែកឃោសនាអប់រំថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ លោកបានចូលបម្រើការងារ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបានទទួលមុខតំណែង ជាអនុប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋានក្សេត្យសាស្ត្រ ប្រធាននាយកដ្ឋានផែនការ ជាអនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការ ជារដ្ឋមន្រ្តីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកបានចែករំលែកពីបទពិសោធន៍ការងារ បច្ចេកទេសកសិកម្មកន្លងមក និងផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ បានយល់ដឹងអំពីគោលការណ៍គ្រឹះរបស់សហគមន៍កសិកម្ម ដើម្បីជួយដល់កសិករនៅតាមជនបទ ដោយមានមន្ត្រីបច្ចេកទេសកសិកម្មចុះជួយប្រឹក្សាជាប្រចាំ នេះជាគន្លឹះសម្រាប់ជួយដល់ប្រជាជន ឲ្យរួចផុតពីបញ្ហាអសន្តិសុខស្បៀងអាហារ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់អំពី ការអនុវត្តផែនការអនាម័យ និងភូតគាមអនាម័យ (SPS) នៅលើផលិតផលកសិកម្ម ដើម្បីកុំឲ្យសមាសភាពចង្រៃហូរចូលប្រទេសកម្ពុជា រហូតដល់បង្ករហានិភ័យ នៃការរាលដាលឆ្លងសមាសភាពចង្រៃទាំងនោះ ក្នុងប្រទេសមានកម្រិតខ្ពស់ ដែលធ្វើឲ្យកសិផលយើងមិនអាចនាំចេញទៅក្រៅប្រទេសបាន។

លោកមើលឃើញពីទស្សនវិស័យដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដ៏ត្រឹមត្រូវក្នុងការឲ្យតម្លៃកម្លាំងយុវជន គឺជាកម្លាំងស្នូល និងជាកម្លាំងបន្តវេនដ៏មានសក្តានុពល ដើម្បីចូលរួមចំណែកក្នុងការដឹកនាំប្រទេសនាពេលអនាគត គឺត្រូវខិតខំបំពេញការងារដោយប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាជន ក៏ដូចជាការរួបរួមប្រមូលផ្តុំកម្លាំងមហាសាមគ្គី ដើម្បីកសាង និងអភិវឌ្ឍន៍ជាតិឲ្យរុងរឿងទៅមុខបន្តពីយុវជនជំនាន់មុន។

លោកបានដាស់តឿនក្រើនរំលឹកដល់យុវជនគណបក្សថ្នាក់កណ្តាលទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចសំខាន់បី គឺបន្តថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ក្នុងពេលបច្ចុប្បន្ន និងរៀបចំមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អ្នកជំនាន់ក្រោយ។ ដូចប្រសាសន៍សម្តេចតេជោ ប្រធានគណបក្សតែងថា គ្រប់កាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនត្រូវតែឈ្នះ ហើយការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាទី៧ ឆ្នាំ២០២៣ខាងមុខនេះ ក៏ត្រូវតែឈ្នះដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរាប់សិបឆ្នាំតទៅមុខទៀត។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក ចាយ បូរិន និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកា ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក ច័ន្ទ តុងអ៉ីវ និងជូនពរលោកមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕