(ភ្នំពេញ)៖ អង្គមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក បានបញ្ចូលខ្លឹមសារពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់ប្លាស្ទិកនៅតំបន់ឆ្នេរសមុទ្រទៅក្នុង «ធម្មនុញ្ញឆ្នេរសមុទ្រ / Charter of Bay / Charte de Baie» តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានលើកឡើងនាឱកាសបើកមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខាប៊ិច ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១៦របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក​ ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះថា អង្គមហាសន្និបាតបានអនុម័តដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញឆ្នេរសមុទ្រ (Charter of Bay / Charte de Baie) ដោយបានដាក់បញ្ចូលអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនាឱកាសបើកមហាសន្និបាតក្លឹបស្តីពីការគិតគូរអំពីការគ្រប់គ្រងសំណល់ប្លាស្ទិក ជាលក្ខខណ្ឌមួយក្នុងការដាក់បញ្ចូលសមាជិកភាពក្នុងក្លឹប ដើម្បីជាឯកសារសម្រាប់សមាជិកទាំងអស់ប្រើប្រាស់ជាមូលដ្ឋានក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខ្លួន ដែលត្រូវបានអនុម័តនៅកម្ពុជា ពិសេសនៅក្រុងព្រះសីហនុតែម្តង។

លោកបានបន្តថា ការអញ្ជើញដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងពិធីបើកមហាសន្និបាត និងការចាត់តាំងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ក្នុងពិធីបិទមហាសន្និបាត បានផ្តល់កិត្តិយសដ៏ធំសម្រាប់គណៈប្រតិបត្តិ និងសមាជិកក្លឹបទាំងអស់។

លោក ថោង ខុន បានបន្តថា អង្គមហាសន្និបាតបានសម្រេចបញ្ចូលឆ្នេរសមាជិកថ្មីចំនួន៤ រួមមាន ឆ្នេរ Triplet Bays of Pujada, Balite and Mayo របស់ប្រទេសហ្វីលីពីន, ឆ្នេរ Lan Ha របស់ប្រទេសវៀតណាម, ឆ្នេរ La Ciotat របស់ប្រទេសបារាំង និងឆ្នេរ Les Sables d’Olonne របស់ប្រទេសបារាំង។ ក្រៅពីពិធីផ្ទេរតំណែងដល់លោក Louis Thebault សម្រាប់អាណត្តិ ២០២៣-២០២៥ អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើសលោក Bruno BODARD ជាប្រធានក្លឹបសម្រាប់អាណត្តិ ២០២៦-២០២៨។

ជាមួយគ្នានោះ អង្គមហាសនិ្នបាតបានបោះឆ្នោតដោយសំឡេងឯកឆន្ទជ្រើសតាំងកម្ពុជាកាន់តំណែងជាអគ្គលេខាធិការសម្រាប់អាណត្តិ ២០២៣-២០២៥ ដែលនេះអាចចាត់ទុកថាជាសមិទ្ធផល និងជោគជ័យដ៏សំខាន់របស់កម្ពុជា ដែលនឹងដឹកនាំស្ថាប័នអន្តរជាតិដ៏ធំមួយនេះ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អង្គមហាសន្និបាតបានវាយតម្លៃខ្ពស់ និងកោតសរសើរអំពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈកម្មវិធីនានាក្នុងរយៈពេល៥ថ្ងៃនេះ ពិសេសក្រុងព្រះសីហនុ ដែលបានអភិវឌ្ឍគោរពទៅតាមគោលការណ៍និរន្តរភាព និងរក្សាបាននូវលក្ខខណ្ឌនានាក្នុងនាមជាសមាជិកក្លឹប ពិសេសការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ និងការបើកលម្ហឆ្នេរខ្សាច់កម្សាន្តសម្រាប់បម្រើប្រយោជន៍សាធារណៈ ការអភិរក្សធនធានធម្មជាតិព្រៃកោងកាង ការរៀបចំរមណីយដ្ឋានឆ្នេរខ្សាច់ដែលមានការគិតគូរច្បាស់លាស់អំពីបញ្ហាបរិស្ថាន និងការងារជាច្រើនទៀត ដែលជាបញ្ហាប្រឈមដ៏លំបាកសម្រាប់បណ្តាឆ្នេរសមាជិកភាគច្រើន។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន នេះជាមោទនភាពសម្រាប់កម្ពុជាដែលត្រូវបានគណៈប្រតិភូអន្តរជាតិសរសើរអំពីការអភិវឌ្ឍក្រុងព្រះសីហនុ ការគិតគូរម៉ត់ចត់លើការគ្រប់គ្រងបរិស្ថាន ហើយប្រតិភូមួយចំនួនបានសុំរៀនសូត្រពីការគ្រប់គ្រងឆ្នេរកម្ពុជា ហើយខ្លះទៀតស្នើចែករំលែកបទពិសោធន៍នៃការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ដើម្បីរៀបចំនៅឆ្នេររបស់គាត់។ យើងធ្លាប់រៀនសូត្រពីគេច្រើន តែពេលនេះយើងក្លាយជាប្រទេសគំរូ ឆ្នេរគំរូ ដែលគេរៀនសូត្រតាមវិញ។

គួរជម្រាបថា សមាជិកឆ្នេរចូលរួមមានចំនួន៣៤ឆ្នេរ មកពី២១ប្រទេស ជាចំនួនដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្រ្តនៃការរៀបចំមហាសន្និបាត ពិសេសក្នុងបរិបទដែលពិភពលោកនៅបន្តរងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ដែលបង្ហាញពីទំនុកចិត្តដ៏ខ្លាំងមកការធ្វើដំណើរមកកម្ពុជា ដោយពុំខ្លាចហានិភ័យនៃការឆ្លងជំងឺនេះ ពិសេសវត្តមានរបស់គណៈប្រតិភូដែលជាអភិបាលក្រុង អភិបាលខេត្ត អភិបាលតំបន់ រួមជាមួយវត្តមានរបស់បវរកញ្ញាឯកឆ្នាំ២០២២របស់ប្រទេសអង់ហ្គោឡា កញ្ញា Swelia Antonio តំណាងឆ្នេរ Luanda។ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ គណៈប្រតិភូភាគច្រើនបានត្រឡប់ទៅមាតុប្រទេសវិញហើយ ខណៈដែលមួយចំនួនទៀតនៅបន្តដំណើរកម្សាន្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ដោយឡែកសម្រាប់ពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ លោក ថោង ខុន បានបន្តទៀតថា ទទួលបានភ្ញៀសរុបប្រមាណ៧១ម៉ឺននាក់ និងសម្រាប់ថ្ងៃទី១២ និងទី១៣ ខែធ្នូ បន្តមានចំនួនបន្ថែមប្រមាណ៣១ម៉ឺននាក់។ សរុបរយៈពេល៥ថ្ងៃ ភ្ញៀវសរុបមានចំនួនប្រមាណ១លាន២ម៉ឺននាក់។ ហើយសភាពការណ៍ទូទៅមានភាពល្អប្រសើរ និងមិនមានបញ្ហាណាមួយចោទឡើងទេ ខណៈដែលប្រជាពលរដ្ឋដែលមកកម្សាន្តក្នុងពិធីបុណ្យមានក្តីរីករាយ និងសាទរជាខ្លាំងចំពោះការអភិវឌ្ឍក្រុងព្រះសីហនុ រួមជាមួយសមិទ្ធផលជាច្រើនទៀតក្នុងការគិតគូរម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល។

តាមការប៉ាន់ស្មានក្នុងឆ្នាំ២០២២នេះ ខេត្តព្រះសីហនុអាចទទួលបានភ្ញៀវទេសចរបានប្រមាណជាង៤.៨២លាននាក់ ក្នុងនោះភ្ញ្ញៀវទេសចរជាតិប្រមាណ៤.៥លាននាក់ និងភ្ញៀវអន្តរជាតិប្រមាណ៣២ម៉ឺននាក់៕