(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រសាសន៍ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច ទាមទារនូវការបណ្តុះបណ្តាលជំនាញ ដែលមានលក្ខណៈពិសេស ទើបកម្ពុជាអាចប្រែក្លាយមូលដ្ឋាន ពីឧស្សាហកម្ម ផ្អែកលើអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។
លោក វង្សី វិស្សុត ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីសមិទ្ធផលការងាររបស់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
លោកបន្តថា បច្ចុប្បន្នមានក្រសួងស្ថាប័នចំនួន ២ គឺក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងផ្តល់ការបណ្តុះបណ្តាលជំនាញ ទាំងផ្នែករឹង និងផ្នែកទន់។ ក៏ប៉ុន្តែការបណ្តុះបណ្តាលនេះ ជារួម គឺផ្អែកលើការផ្គត់ផ្គង់ (Supply-driven) ហើយជំនាញភាគច្រើន មានលក្ខណៈជាជំនាញទូទៅ និងមិនទាន់ឆ្លើយតបបានទាំងស្រុងទៅនឹងតម្រូវការទីផ្សារ (Skill mismatch) ហើយគុណភាព នៃជំនាញទៀតសោត ក៏នៅមិនទាន់គ្រប់គ្រាន់នៅឡើយ (Quality mismatch) ។ប្រការនេះ ធ្វើឱ្យមានការខ្វះចន្លោះ ក្នុងការអភិវឌ្ឍន៍ជំនាញ ដែលជាបច្ច័យធ្វើឱ្យដំណើរការ នៃការធ្វើពិពិធកម្ម ឧស្សាហកម្ម មានល្បឿនយឺត ធៀបនឹងគោលដៅ ដែលបានដាក់ចេញ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ។
លោកបានគូសបញ្ជាក់ថា «ការធ្វើពិពិធកម្មសេដ្ឋកិច្ច ពិសេសមូលដ្ឋាន ឧស្សាហកម្ម ទាមទារនូវការបណ្តុះបណ្តាលជំនាញ ដែលមានលក្ខណៈពិសេស ទើបយើងអាចប្រែក្លាយមូលដ្ឋាន ពីឧស្សាហកម្ម ផ្អែកលើអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ។ ដូចនេះ ការអភិវឌ្ឍជំនាញ គឺមានភាពចាំបាច់ណាស់ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង ព្រោះថា កំណើនយើងភាគច្រើនពឹងផ្អែកលើកត្តានៃការចូលរួមកម្លាំងពលកម្ម រហូតដល់ប្រមាណពី ៧០% ទៅ ៨០% ដែលជាកម្រិតអតិរមា និងអស់លំហរហើយ។ ក៏ប៉ុន្តែការចូលរួមនៃកត្តាផលិតភាពការងារវិញ នៅមានកម្រិតទាបនៅឡើយ ដែលនេះឆ្លុះបញ្ចាំង ពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញ ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីធ្វើពិពិធកម្ម និងបង្កើនតម្លៃ បន្ថែមក្នុងសេដ្ឋកិច្ចផងដែរ»។
ម្យ៉ាងវិញទៀត ការទទួលបានជំនាញខ្ពស់ ក៏នឹងផ្តល់លទ្ធភាពដល់យុវជន កម្មករ ពលករ អាចទទួលបានការងារធ្វើ និងប្រាក់ចំណូលសមរម្យ ព្រមទាំងជីវភាពធូរធារ ដែលធ្វើឱ្យកម្ពុជាអាចបង្កើតអ្នកវណ្ណៈកណ្តាល ឱ្យបានកាន់តែច្រើនក្នុងសេដ្ឋកិច្ច ដែលជាតួអង្គដ៏សំខាន់ ក្នុងការជំរុញសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើកត្តាខាងក្រៅ ។
លោក វង្សី វិស្សុត មានប្រសាសន៍បន្តថា ការអភិវឌ្ឍជំនាញ ក៏ត្រូវគិតគូរដល់លទ្ធភាព ក្នុងការចាប់យកជំនាញ មួយផ្សេងទៀតផងដែរ ព្រោះដោយសារ ភាពជឿនលឿន និងការវិវត្តយ៉ាងឆាប់រហ័ស នៃវិស័យបច្ចេកវិទ្យា អាចធ្វើជំនាញមួយចំនួនមានផ្លាស់ប្តូរ និង ប្រែប្រួលជាបន្តបន្ទាប់។ ដូច្នេះ យើងត្រូវ បណ្តុះបណ្តាល ជំនាញមួយ ដែលអាចជាមូលដ្ឋាន សម្រាប់ទៅរៀន យកជំនាញមួយផ្សេងទៀត ឬអាចចាប់យកជំនាញថ្មីៗបន្ថែមទៀតបាន ដោយរួមទាំងការបណ្តុះបណ្តាលជំនាញឡើងវិញ និងការបង្កើនសមត្ថភាពជំនាញផងដែរ ដោយឈរលើទស្សទាន នៃការរៀនពេញមួយជីវិត។ លើសពីនេះទៀត ការបណ្តុះបណ្តាលជំនាញ គិតគូរពីតម្រូវការទីផ្សារ (Demand driven) និងផ្សារភ្ជាប់ជាមួយឧស្សាហកម្ម ដើម្បីផ្គត់ផ្គត់កម្លាំង ពលកម្មជំនាញ ស្របតាមតម្រូវការរបស់វិស័យ, វិនិយោគិន, ក្រុមហ៊ុន ឬផលិតផល ជាក់លាក់ណាមួយ ដូចជាវិស័យយានយន្តជាដើម។
លោកបានគូសបញ្ជាក់ រាជរដ្ឋាភិបាលបាន ដាក់ឱ្យដំណើរការគម្រោង មូលនិធិ អភិវឌ្ឍន៍ ជំនាញកាលពីចុងឆ្នាំ២០១៨ ដោយចំណាយថវិកាជាតិប្រមាណ១៥ លានដុល្លារអាមេរិក និងហិរញ្ញប្បទានពី ADB ប្រមាណ១០ លានដុល្លារអាមេរិក ព្រមទាំងមានការចូលរួមជា ថវិកាបដិភាគពីវិស័យឯកជនផងដែរ ក្នុងគោលដៅ ដោះស្រាយបញ្ហា ជារចនាសម្ព័ន្ធ ក្នុងប្រព័ន្ធអេកូឡូស៊ី នៃការអភិវឌ្ឍជំនាញ ទាំងមូល។
លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងបន្តបង្កើនថវិកាគាំទ្រ ក្នុងទិសដៅប្រែក្លាយគម្រោងនេះ ឱ្យទៅជាមូលធិនិ (Trust fund) មួយរបស់ជាតិ ដែលដើរតួនាទីជាថ្នាលជាតិ ដោយរដ្ឋមានតួនាទីជាកតាលីករ និងអ្នកសម្របសម្រួល រវាងគ្រប់តួអង្គពាក់ព័ន្ធ ក្នុងប្រព័ន្ធអេកូឡូស៊ី នៃការអភិវឌ្ឍជំនាញទាំងមូល ទាំងដៃគូអភិវឌ្ឍន៍ និង ស្ថាប័នផ្តល់ការបណ្តុះបណ្តាល ដែលមានគុណភាព និងការទទួលស្គាល់ ទាំងជាគ្រឹះស្ថាន របស់រដ្ឋ, ក្រុមហ៊ុន និងសមាគមអង្គការក្រៅរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍជំនាញនៅកម្ពុជា ដោយផ្អែកលើតម្រូវការ (Demand-driven) និងមានផ្សារភ្ជាប់ ទៅនឹងឧស្សាហកម្ម (Industry-linked), ក្រុមហ៊ុន ឬទំនិញផលិតផលណាមួយជាក់លាក់ច្បាស់លាស់ ។ លោកបានគូសបញ្ជាក់ថា យន្តការនេះ នឹងមិនត្រឹមតែ ចូលរួមដោះស្រាយបញ្ហាការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ ដើម្បីជួយដល់ការរីកចម្រើនងើបឡើង នៃវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង នឹងជួយបង្កើនសមត្ថភាព និងផលិតភាពនៃធនធានមនុស្សកម្ពុជាផងដែរ ដែលនេះជាមូលដ្ឋានមិនអាចខ្វះ សម្រាប់ទាក់ទាញការវិនិយោគ និងការធ្វើពិពិធកម្មឧស្សាហកម្ម និងសេវាកម្មនៅកម្ពុជា ក៏ដូចជាដើម្បីឱ្យក្លាយជាជន្ទល់ សេដ្ឋកិច្ចថ្មីមួយ សម្រាប់ទ្រទ្រង់កំណើន រយៈពេលវែង សម្រាប់ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។
ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ក៏បានអញ្ជើញធ្វើ ជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀង ស្តីពីការផ្តល់ថវិកាបដិភាគ ក្នុងការបណ្តុះបណ្តាលជំនាញចំនួន ៣ ដូចខាងក្រោម ៖
១. អនុស្សរណៈ នៃការយោគយល់គ្នារវាង SDF ជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) និងកម្មវិធីការងារសមរម្យ របស់យុវជនកម្ពុជា (DEY Program) ដែលផ្តោតលើការបណ្តុះបណ្តាលជំនាញ ឲ្យត្រូវនឹងតម្រូវការវិស័យឯកជន ដើម្បីបង្កើនលទ្ធភាព ក្នុងការទទួលបានការគាំទ្រថវិកាបដិភាគពី SDF សម្រាប់ការបណ្តុះបណ្តាលជំនាញ។
២. កិច្ចព្រមព្រៀងរវាង SDF ជាមួយវិទ្យាស្ថានបណ្តុះបណ្តាល វិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលគាំទ្រថវិកា បណ្តុះបណ្តាលជំនាញ ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ដល់សិក្ខាកាមសរុបចំនួន ៣ ០១០ នាក់។
៣. កិច្ចព្រមព្រៀងរវាង SDF ជាមួយសមាគមវិទ្យាស្ថាន ដើម្បីឧត្តមភាពអប់រំ បច្ចេកទេស និង វិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) សម្រាប់វគ្គ បណ្តុះបណ្តាលជំនាញ ក្នុងវិស័យបដិសណ្ឋារកិច្ចដល់សិក្ខាកាមសរុបចំនួន ២០០ នាក់ ។
គួរបញ្ជាក់ដែរថា តាមរបាយការណ៍របស់លោក ជា កុងហុង ប្រធានគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញបានឱ្យដឹងថា គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗ ដូចជា ៖ (១).ផ្តល់ថវិកាបដិភាគប្រមាណ ៥.៤ លានដុល្លារអាមេរិក ដែលត្រូវនឹង ៥០% នៃថវិកាបណ្តុះបណ្តាលសរុបចំនួនប្រមាណ១០,៩ លានដុល្លារអាមេរិក ដល់គម្រោងបណ្តុះបណ្តាលសរុបចំនួន ៩១ ដែលស្ថិតក្នុងវិស័យអាទិភាពទាំងប្រាំរបស់គម្រោង ដែលក្នុងនោះមានសិក្ខាកាម សរុបចំនួន ១០ ៣៥៥ នាក់ (មានស្ត្រី ៣៦%) ដោយក្នុងនោះ ៣០% គឺ ជាថវិកាបដិភាគ របស់ក្រុមហ៊ុន សហគ្រាស សរុបប្រមាណ ៣.៣ លានដុល្លារអាមេរិក និង ២០% ទៀត គឺជាថវិកាបដិភាគ របស់វិទ្យាស្ថានបណ្តុះបណ្តាលសរុបប្រមាណ ២.១ លានដុល្លារអាមេរិក
(២).ផ្តល់ការគាំទ្រដល់វិស័យឯកជនចំនួន ១៩២ ក្រុមហ៊ុន/សហគ្រាស និង ១២ សមាគមពាណិជ្ជកម្ម ដែលសហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាលរដ្ឋចំនួន១៤, វិទ្យាស្ថានបណ្តុះបណ្តាលឯកជន ចំនួន១៣ និងសាលាអង្គការចំនួន៦ ក្នុងការរៀបចំសំណើ គម្រោងបណ្តុះបណ្តាល
(៣).ផ្លាស់ប្តូរឥរិយាបថ របស់វិទ្យាស្ថានបណ្តុះបណ្តាល ដែលបានចាប់ផ្តើមសហការជាមួយក្រុមហ៊ុន/សហគ្រាសឯកជន ក្នុងការរៀបចំសំណើគម្រោង បណ្តុះបណ្តាលជំនាញ ដែលមានតម្រូវការជាក់ស្តែង ក្នុងទម្រង់ចែករំលែកថ្លៃ និងបង្កើនការបណ្តុះបណ្តាលក្នុងសហគ្រាសផ្ទាល់។
តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)សមាគមវាយនភណ្ឌ សំលៀកបំពាក់ ស្បែងជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, អង្គការស្វីសខន់ថាក់, សមាគមវិទ្យាស្ថាន ដើម្បីឧត្តមភាពអប់រំបច្ចេកទេស និង ក្រុមហ៊ុន RMA Cambodia Group សុទ្ធតែបានសំដែង នូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងតួនាទីដ៏សំខាន់ របស់គម្រោង SDF ក្នុងការចូលរួមចំណែកអភិវឌ្ឍជំនាញនៅកម្ពុជា៕