(ភ្នំពេញ)៖ សហភាពអឺរ៉ុប (EU) ទើបតែអនុម័តនូវថវិកាប្រមាណ ២៩លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យអប់រំកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃជំនួបទ្វេភាគីរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ចាប់ពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២២។

ការបញ្ជាក់អំពីការអនុម័តថវិកា​នេះ បានធ្វើឡើងក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-សហភាពអឺរ៉ុប និងការរួមចំណែកដ៏សំខាន់របស់ សហភាពអឺរ៉ុប ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបភាគី សហភាពអឺរ៉ុបអំពីការរីកចម្រើនប្រកបដោយស្ថេរភាព ក្នុងវិស័យលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ដោយបានគូសបញ្ជាក់អំពីការតាំងចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការធានា និងការពារនីតិរដ្ឋ។

ជាការឆ្លើយតប លោកស្រី Urpilainen បានជម្រាបអំពីឆន្ទៈរបស់ សហភាពអឺរ៉ុប ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅឆ្នាំ២០២៧ សំដៅជួយកសាងនូវការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។ បន្ថែមពីនេះ លោកស្រី Urpilainen ក៏បានឲ្យដឹងដែរថា សហភាពអឺរ៉ុប ទើបតែបានអនុម័តនូវថវិកាប្រមាណ ២៩លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យ អប់រំនៅកម្ពុជា។

ក្នុងក្របខ័ណ្ឌការងារអាស៊ាន-សហភាពអឺរ៉ុប លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការចូលរួមរបស់ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំនៃភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប។

លោកស្រី Urpilainen បានកោតសរសើរចំពោះតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ក្នុងការដឹកនាំអាស៊ាន និងដៃគូសន្ទនារបស់ខ្លួននៅក្នុងឆ្នាំដ៏លំបាកនេះ ហើយបានរំលឹកសាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប សម្រាប់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប តាមរយៈការជំរុញការវិនិយោគជាមួយនឹងថវិកាប្រមាណ ១០ ប៊ីលានអឺរ៉ូ នៅក្នុងតំបន់អាស៊ានសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ ស្ថិតក្រោមគំនិតផ្តួចផ្តើមច្រកទ្វារសកល (The Global Gateway) របស់ សហភាពអឺរ៉ុប ដោយផ្តោតលើការផ្លាស់ប្តូរឌីជីថល ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធគុណភាព និងការតភ្ជាប់ប្រកបដោយនិរន្តរភាព។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី Urpilainen ក៏បានផ្លាស់ប្តូរទស្សនៈអំពីប្រធានបទមួយចំនួនពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួមផងដែរ៕