(ភ្នំពេញ)៖ ស្ថានទូតថៃប្រចាំកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៣ដល់២៦ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ខ្លួននឹងរៀបចំនូវការតាំងពិព័រណ៍ បង្ហាញលក់ផលិតផលថៃ នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក ជី រ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃនៅកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះថា ពិព័រណ៍ពាណិជ្ជកម្មថៃ ឆ្នាំ២០១៦នេះ នឹងរៀបចំឡើងដោយមានការចូលរួម ពីក្រុមហ៊ុនចំនួន២០០ និងមានស្ដង់សរុប ចំនួន២៥០ស្ដង់។ មុខទំនិញដែលក្រុមហ៊ុនទាំងនោះ យកមកដាក់តាំងបង្ហាញ និងលក់នាគ្រានោះមានដូចជា សម្ភារៈ សំណង់ គ្រឿងបន្លាស់ម៉ាស៊ីន, អាហារ, ភេសជ្ជៈ, សំលៀកបំពាក់, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, វត្ថុអនុស្សាវរីយ ,គ្រឿងសម្អាង , សម្ភារៈអគ្គីសនី ជាដើម។ ក្រៅពីនេះមានទំនិញប្រភេទ OTOP មកពីខេត្តត្រាត ខេត្តចាន់ថៈបុរី និងខេត្តកាឡាក់ស៊ីន ជាដើម។
លោកស្រីបញ្ជាក់ថា «ពិព័រណ៍ពាណិជ្ជកម្មកម្មថៃ ឆ្នាំ២០១៦លើកទី២ នឹងក្លាយជាឱកាសផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលមានគុណភាព ល្អតម្លៃសមរម្យ និងជាការអរគុណដល់អតិថិជនដែលគាំទ្រទំនិញថៃ ដោយពួកគាត់មានឱកាសទិញទំនិញ ពីម្ចាស់រោងចក្រដោយផ្ទាល់ ក្នុងតម្លៃដែលអាចធានា បានថាថោកជាងលើទីផ្សារ»។
លោកស្រីបញ្ជាក់ដែរថា ក្រៅពីស្តង់ទំនិញថៃ ក៏នឹងមាន៥ស្តង់ផ្សេងទៀតរបស់កម្ពុជា ក៏នឹងត្រូវដាក់តាំងលក់ដែរ ដែលភាគច្រើនជាផលិត ចម្លាក់ខ្មែរ ងគ្រឿងអលង្ការជាដើម។
សូមបញ្ជាក់ថា ក្រៅពីការដាក់តាំងបង្ហាញ និងលក់ទំនិញ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់នោះ ក៏មានកម្មវិធីប្រគុំតន្ត្រីដែលចូលរួម ដោយសិល្បករល្បីៗដូចជាកញ្ញា សុគន្ធ នីសា លោក ឆន សុវណ្ណរាជ កញ្ញា ឈិត សុវណ្ណបញ្ញ ជាដើម៕