(ភ្នំពេញ)៖ គណៈប្រតិភូអន្តរជាតិ ចំនួន១៨ប្រទេស បាននិមន្ត និងអញ្ជើញទស្សនាវឌ្ឍនភាព គម្រោងសាងសង់អគារសិក្សាថ្មី នៃពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

ដំណើរនិមន្ត និងអញ្ជើញទស្សនានេះ ដឹកនាំដោយព្រះតេជៈព្រះគុណ យិន ស៊ុន ព្រះអនុប្រធានសមាគមព្រះពុទ្ធសាសនាចិន ព្រះប្រធានសមាគមព្រះពុទ្ធសាសនាខេត្តហៃណាន និងក្រុងស៊ិនជិន ព្រះចៅអធិការវត្តហុងហ្វា និងមានការយាងស្វាគមន៍ដោយ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហមុនី រួមទាំងគណៈសង្ឃធម្មយុត្តិកនិកាយ និងមន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនជាច្រើនរូបទៀត ។

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានសង្ឃដីកាថា ពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហមុនរាជា បានកសាងសង់នូវអគារសិក្សាថ្មី ដើម្បីជាប្រយោជន៍ដល់ការសិក្សារបស់សមណនិស្សិត និងសិស្សនិស្សិត រួមទាំងការទទួលបានអាហារូបករណ៍ សិក្សារយៈពេល៤ឆ្នា ដោយឥគតិថ្លៃក្នុងផងដែរ។

តាមរយៈបណ្តាញព័ត៌មាន Fresh News សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានសង្ឃដីកា អំពាវនាវដល់អ្នកមានចិត្តបុណ្យទាំងឡាយ ចូលរួមថវិកាកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីចូលរួមចំណែកវិស័យអប់រំ និងជួយសមណនិស្សិត-និស្សិត គ្រប់រាជធានី-ខេត្ដ។

ដោយមានកាគិតគូដ៏ខ្ពង់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មី បានអំពាវនាវដល់សប្បុរសជន ឲ្យចូលរួមកសាងនូវអគារសិក្សាថ្មី ក្នុងពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា ទៅតាមលទ្ធភាព ដើម្បីផ្ដល់ជាប្រយោជន៍ ក្នុងការជួយអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា ក្នុងនោះក៏មានថវិការបស់សម្តេចតេជោ ហ៊ុន សែន ចូលរួមបរិច្ចាគថវិកា២០ម៉ឺនដុល្លារ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយថវិកា១០ម៉ឺនដុល្លារ រួមទាំងសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានសមាគមនឧកញ៉ាកម្ពុជា បាននាំយកបច្ច័យ២,៤២១,៧២២ដុល្លារ សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងសប្បុរសជននានាផងដែរ។

សម្ដេចព្រះមហាសង្ឃរាជ មានសង្ឃដីកាបន្ថែមថា អគារសិក្សាដែលកំពុងកសាងថ្មីនេះ មានកម្ពស់៩ជាន់ គ្រោងចំណាយប្រមាណ២លានដុល្លារ សម្រេចការសាងសង់បានជាង៤០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៣ខាងមុខ។

គួរបញ្ជាក់ថា ពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហមុនីរាជា កន្លងមកក៏មានចុះកិច្ចព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការជាមួយ សមាគមព្រះពុទ្ធសាសនាចិន ដើម្បីឲ្យវិស័យព្រះពុទ្ធសាសនារវាងកម្ពុជា និងចិន កាន់តែមានភាពជិតស្និតបន្ថែមទៀត៕