(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរតាមផ្លូវទឹក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ គ្រាដែលការព្យាករណ៍អាកាសធាតុ បានឲ្យដឹងថា នឹងមានខ្យល់រលកខ្លាំង ដែលអាចបង្កហានិភ័យសម្រាប់ការធ្វើដំណើរនៅតាមផ្លូវសមុទ្រ។
សារសំឡេងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក គួច ចំរើន បានណែនាំដល់បណ្ដាសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវម្ចាស់ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងប្រជានេសាទទាំងអស់ ដែលត្រូវធ្វើដំណើរតាមទូក កាណូត ត្រូវយកចិត្តទុកដាក់ និងបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយត្រូវតាមដានស្ថានភាពជាក់ស្ដែង។
បើតាមលោកអភិបាលខេត្ត, ក្នុងករណីនេះ អ្នកដែលមិនមានការចាំបាច់ទេនោះ គួរផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រជាបណ្ដោះអាសន្នសិន។ ដោយឡែក សម្រាប់អ្នកដែលមានការចាំបាច់ ខានមិនបាន ត្រូវតែមានការប្រុងប្រយ័ត្ន ហើយមធ្យោបាយធ្វើដំណើរត្រូវតែបំពាក់ឧបករណ៍ការពារឲ្យបានត្រឹមត្រូវ ពោលត្រូវមានអាវពោងសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ ចំពោះអ្នកដែលធ្វើដំណើរ៕
ខាងក្រោមនេះ ជាសារសំឡេងរបស់លោក គួច ចំរើន៖