(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចំនួន២០រូប មកពីអន្តរក្រសួងស្ថាប័ន ចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ (High-Level Segment) នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (UNCBD COP-15) ក្រោមប្រធានបទ «ការលើកកម្ពស់និរន្តរភាពប្រព័ន្ធអេកូឡូស៊ី៖ ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី» នៅទីក្រុងម៉ុងរ៉េអាល ប្រទេសកាណាដា។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Huang Runqiu រដ្ឋមន្រ្តីអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធាន UNCBD COP-15 និងមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកទាំង១៩៣ និងអ្នកពាក់ព័ន្ធសរុបប្រមាណ១៨,០០០នាក់។
គោលបំណង នៃកិច្ចប្រជុំ គឺដើម្បីធានាបាននូវការគាំទ្រកម្រិតនយោបាយពីបណ្តារដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៅលើពិភពលោក លើការរៀបចំ និងអនុម័តក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (Post-2020 GBF) និងសេចក្តីសម្រេចនានារបស់សន្និសីទ UNCBD COP-15 និងពិធីសារពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចបានតាមរបៀបវារៈឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០ ស្តីពី «ការរស់នៅដោយសុខដុមរម្យនាជាមួយធម្មជាតិ»៕