(ភ្នំពេញ)៖ ក្រុមជនសង្ស័យចំនួន៤នាក់ ដែលបានធ្វើសកម្មភាពឆក់ខ្សែកពីស្រ្តីម្នាក់ កំពុងជិះម៉ូតូត្រលប់មកពីជូនកូនទៅសាលារៀនបានសម្រេច និងបណ្ដាលឲ្យស្រ្តីរងគ្រោះដួលរងរបួសបែកមុខធ្ងន់ធ្ងរកាលពីដើមខែធ្នូនោះ ត្រូវកម្លាំងនគរបាលខណ្ឌកំបូលឃាត់ខ្លួនបានហើយ។
ការឃាត់ខ្លួននោះ បានធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី១៣ និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិសាស្រ្តសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បានចំនួន២នាក់ នៅក្នុងភូមិសាស្រ្តសង្កាត់ពងទឹក ខណ្ឌដង្កោម្នាក់ និងក្នុងភូមិសាស្រ្តសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោម្នាក់។
ជនសង្ស័យទាំង៤នាក់ រួមមាន ទី១៖ ឈ្មោះ ខេន វិច្ឆិកា អាយុ១៨ឆ្នាំ ជាសិស្ស, ទី២៖ ឈ្មោះ សន វាសនា ហៅស្លា អាយុ១៨ឆ្នាំ អ្នកទាំង២នេះ ស្នាក់នៅក្នុងភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ, ទី៣៖ ឈ្មោះ សុវណ្ណ ករុណា អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ និងទី៤៖ ឈ្មោះ រៀម បូពា ហៅច្រាំង អាយុ១៨ឆ្នាំ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
ក្នុងនោះ កម្លាំងនគរបាលជំនាញដកហូតបាន ម៉ូតូចំនួន៣គ្រឿង រួមមាន ម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1H-1752, ម៉ាកហុងដាស្កូបពី ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1IK-2421 និងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JH-0372។ ក្រោយបញ្ចប់ការសួរនាំ ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។
ចំណែកស្រ្តីរងគ្រោះនៅក្នុងអំពើឆក់ខ្សែកនោះឈ្មោះ សុទ្ធ សំណាង អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ សម្ភារបាត់បង់ខ្សែកមាស ទម្ងន់៥ជី និងរកឃើញតែបន្តោងរូបព្រះ ដែលដាច់ជ្រុះនៅនឹងកន្លែងកើតហេតុប៉ុណ្ណោះ។
សូមរំលឹកថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ស្រ្តីរងគ្រោះបានជិះម៉ូតូនៅតាមផ្លូវ៦០ម៉ែត្រ ត្រលប់មកពីជូនកូនទៅសាលរៀននៅវត្តព្រៃស្ពឺ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ឆ្ពោះទៅផ្ទះនៅភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
លុះពេលពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យខាងលើ ជិះម៉ូតូ២គ្រឿងដេញតាមពីក្រោយរួចធ្វើសកម្មភាពឆក់យកខ្សែក បានសម្រេចបណ្ដាលឲ្យស្រ្តីរងគ្រោះដួលបោកផ្ទប់ថ្នល់រងរបួសបែកមុខបែកមាត់ធ្ងន់ធ្ងរ ហើយក្រុមចោរបានគេចខ្លួនបាត់អស់ រហូតមកទល់ពេលនេះទើបនគរបាលឃាត់ខ្លួនបានជាបន្តបន្ទាប់៕