(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការ OIC នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ អញ្ជើញដឹកនាំប្រតិភូទៅទស្សនកិច្ចការងារ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី ចំនួន៧ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

សូមជម្រាបថា លោកបណ្ឌិត អូស្មាន ហាស្សាន់ ត្រូវបានតែងតាំងជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីនាំយកលិខិតសម្តេចតេជោ ជូនប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី។

ក្នុងដំណើរទស្សនកិច្ចនេះទៀតសោត ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឥស្សរជនអាល់ហ្សេរី រួមមាន ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីកិច្ចការសាសនា និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត នៃប្រទេសអាល់ហ្សេរី។

ក្រៅពីនេះ ប្រតិភូកម្ពុជា ក៏នឹងមានជំនួបជាមួយតំណាងស្ថាប័នរដ្ឋ និងឯកជនមួយចំនួន ក្នុងប្រទេសអាល់ហ្សេរីផងដែរ៕