(ព្រះវិហារ)៖ កម្លាំងនគរបាលការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាប និងចាប់ខ្លួនមេជួញដូរគ្រឿងញៀន ជនជាតិឡាវម្នាក់ នៅលើទឹកដីខេត្តព្រះវិហារ ដោយដកហូតថ្នាំញៀនប្រមាណ២គីឡូក្រាមផងដែរ។
ប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ព្រមទាំងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារលោក លី លន់។
លោក យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» ដែលដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាប និងចាប់ខ្លួនមេក្លោងគ្រឿងញៀន ជនជាតិឡាវខាងលើនេះ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះថា សម្រាប់ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ បានធ្វើងឡើងនៅចំណុចមុខវត្តកំពង់ស្រឡៅ ភូមិ-ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។
លោកបានបញ្ជាក់ថា ជាលទ្ធផលកម្លាំងរបស់លោកបានចាប់ជនល្មើសម្នាក់ឈ្មោះ ប៊ុន មន ( BOUN MONE )ភេទប្រុស ជនជាតិឡាវ អាយុ៥២ឆ្នាំ ទីលំនៅស្រុកមឿងស៊ីង ខេត្តណាំថា ប្រទេសឡាវ ព្រមទាំងដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន២គីឡូក្រាម។
បើតាមលោក យិន បញ្ញារិទ្ធ សម្រាប់ប្រតិបត្តិការនេះ ជនល្មើសម្នាក់ទៀតដែលជាបក្ខពួក បានលោតចូលទន្លេតែត្រូវខាងភាគីឡាវចាប់បានផងដែរ។ នាយការិយាល័យ «ក៩» បានបញ្ជាក់ថា «ក្រោយពីមានបទបញ្ជាពីថ្នាក់លើរួចមក យើងបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដល់ខេត្តព្រះវិហារ ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យរូបនេះតែម្តង»។ បច្ចុប្បន្ន ជនសង្ស័យស្ថិតក្រោមការសួរនាំ នៅក្រោមសមត្ថកិច្ចរបស់លោកដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕