(ឡុងដ៍)៖ ក្រុមអ្នករុករកដានរបស់ជើងហោះហើរ MH370 ដែលបានបាត់ដំណឹងជាមួយមនុស្សជិត ២៤០នាក់ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤នោះ ទើបបានបង្ហាញរូបភាពមួយចំនួន នៃវត្ថុប្រើប្រាស់ ២០ប្រភេទ ដែលគេ ជឿជាក់ថា ជារបស់អ្នកដំណើរនៅលើយន្តហោះម៉ាឡេស៊ី Boeing-777 នោះ។ នេះបើតាមការចេញផ្សាយមុននេះ បន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦។

វត្ថុដែលត្រូវបានក្រុមសង្គ្រោះប្រទះឃើញ និងថតរូបភាពផ្សព្វផ្សាយនោះ ភាគច្រើនស្ថិតនៅតាមបណ្តោយឆ្នេរនៃ ប្រទេសម៉ាដាហ្គាស្កា ដែលជាដែនដីកោះមួយស្ថិតនៅក្បែរតំបន់អាហ្វ្រិកខាងត្បូងក្នុងមហាសមុទ្រឥណ្ឌា ដែលក្រុម ជំនាញអះអាងថា ជាកន្លែងដែលយន្តហោះ MH370 បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពីជាង ២ឆ្នាំមុន។ វត្ថុ ទាំងនោះរួមមាន ប៊ិច, កាបូបដាក់កុំព្យូទ័រយួរដៃ, កាបូបស្ពាយមានរូប Angry Birds, និង របស់របរជាច្រើនទៀត ដែលអាចសុទ្ធសឹងតែរបស់របរ របស់អ្នកដំណើរទាំងអស់នៅលើយន្តហោះ។

គួរបញ្ជាក់ថា បើទោះបីជារបស់របរនានាត្រូវបានរកឃើញក្តី ក៏គេនៅតែពិបាកនឹងរកទីតាំងពិតប្រាកដ ដែលយន្តហោះ បានធ្លាក់ខ្លាំងណាស់ ព្រោះថាវត្ថុគឺអាចអណ្តែតពីទីឆ្ងាយរាប់រយ រាប់ពាន់ គីឡូម៉ែត្រ មកទើនៅលើប្រទេសដីកោះ ខាងលើនេះប៉ុណ្ណោះ ហើយគេក៏មិនដឹងពីប្រភពនិងទិសដៅច្បាស់លាស់នោះដែរ។ រហូតមកដល់ពេលនេះ យើងអាច និយាយបានថា ភាពអស់សង្ឃឹម និងស្រពិចស្រពិល កាន់តែកើនឡើងខ្លាំងហើយ ចំពោះការរុករក MH370 ពីព្រោះតែ កត្តាមួយចំនួនដូចជា ធនធានសម្រាប់បន្តការរុក, អំណាចនៃធម្មជាតិដែលកំពុងលុបដាន, និង ភាពមិនប្រាកដប្រជា នៃការកំណត់ទីតាំងដែលយន្តហោះបានធ្លាក់៕