(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបង្កើតអាហារូបករណ៍និស្សិតឯកទេស ថ្នាក់វេជ្ជបណ្ឌិតប្រឡងជាប់លេខ១ នៅសាលា វិទ្យាសាស្រ្តសុខាភិបាល។ សម្តេចបានបន្តថា អាហារូបករណ៍និស្សិតឯកទេស ថ្នាក់វេជ្ជបណ្ឌិត គឺជាអាហាររូបករណ៍ក្រុមគ្រួសារ របស់សម្តេចផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកថ្ងៃនេះ គឺជាថ្ងៃផ្តល់អាហារូបករណ៍ដល់និស្សិតពេទ្យ ដែលប្រឡងជាប់ជយលាភីលេខ១ផងដែរ ក្នុងមួយឆ្នាំ តម្លៃប្រមាណ ២៥០០ដុល្លារ ដោយគិតចាប់ពីឆ្នាំ២០១៥ទៅ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈសម្តេច ចូលរួមនៅក្នុងពិធីចែកសញ្ញាបត្រ ដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសម្រេចចិត្តបង្កើតអាហាររូបករណ៍ សម្រាប់និស្សិតឯកទេស ថ្នាក់វេជ្ជបណ្ឌិតប្រឡងជាប់លេខ១ នៅសាលា វិទ្យាសាស្រ្តសុខាភិបាល។ ថ្ងៃស្អែក ខ្ញុំជួបនិស្សិត៤០នាក់ ក្នុងសិស្ស ៤០នាក់ត្រូវការលុយ ១២ម៉ឺនដុល្លារ ដើម្បីជួយពួកគេ ដោយសារស្អែក ត្រូវមកជួបផ្ទាល់ ចំពោះតម្លៃនៃការបង់ថ្លៃ និស្សិត គឺចំណាយ២៥០០ដុល្លារ ក្នុងមួយឆ្នាំ។ ដូចនេះ ស្អែកជួបផ្ទាល់ ត្រូវឲ្យចាយខាងក្រៅម្នាក់ ៥០០ដុល្លារ ផ្សេង ចឹងជួប៤០នាក់ ត្រូវអស់ ១២០០០ដុល្លារ ជាអាហារូបករណ៍ក្រុមគ្រួសាររបស់ខ្ញុំ។ ការចាប់ផ្តើមអនុវត្ត អាហារូបករណ៍នេះ ចាប់ពីឆ្នាំ២០១៥-២០១៦ យកតែអ្នកឯកទេសលេខ១ទេ»។
គួរបញ្ជាក់ថា សម្តេចនឹងជួបជុំនិស្សិតពេទ្យទាំងអស់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ នៅភូមិគ្រឹះរបស់សម្តេចដើម្បីពិភាក្សាពីការផ្តល់ អាហារូបករណ៍នេះ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេច មានគោលដៅពង្រឹងគ្រូពេទ្យឯកទេស ដើម្បីពង្រឹងវិស័យសុខាភិបាល នៅកម្ពុជាផងដែរ៕