(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នឹងសហការី រួមជាមួយអាជ្ញាធរដែនដី ព្រះសង្ឃ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះប្រគល់ផ្ទះចំនួនពីរខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនអតីតយុទ្ធជននៅឃុំឈូកស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថាផ្ទះថ្មីទាំងពីរបានប្រគល់ជូន៖

១៖ អតីយុទ្ធជនពិការឈ្មោះ តី សាយ ភេទប្រុស អាយុ៥៧ឆ្នាំ ឋានន្តរសក្តិព្រិន្ទបាលឯក បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨០ នៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលខ្នងផ្ទះទី២៣០ រស់នៅភូមិក្របៅ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

២៖ អតីតយុទ្ធជនសោធននិវត្តន៍ឈ្មោះ លី ប៊ុនជឺ ភេទប្រុស អាយុ៦៥ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៧ អង្គភាពកងនុសេនាតូចការពារយោធភូមិភាគទី៥ បានទទួលខ្នងផ្ទះទី២៣១ រស់នៅភូមិឈូកបឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្ថែមថា ដោយមើលឃើញពីជីវភាពរស់នៅរបស់ពួកគាត់ទាំងពីរគ្រួសារ មានការលំបាកខ្វះខាតពុំមានលទ្ធភាពសាងសង់ផ្ទះឲ្យបានសមរម្យដោយខ្លួនឯងបានទើបគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាង សង់ផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនគាត់នៅពេលនេះដែលជាខ្នងផ្ទះទី២៣០ និង២៣១ ដោយបានសាងសង់ខ្ពស់ផុតពីដីសសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតក្នុងមួយគ្រួសារមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន២យួរ និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិក មួយចំនួនផងដែរ។

អតីតយុទ្ធជននិងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ៕