(ភ្នំពេញ)៖ ក្រោយសិក្សារយ:ពេលជាង៤ខែ ថ្នាក់ដឹកនាំ និងនាយនគរជាតិថ្នាក់ឧត្តមសេនីយ៍ ចំនួន៥១រូប បានបញ្ចប់ការសិក្សាវគ្គសុក្រឹតការនៅបណ្ឌិត្យសភានគរបាលកម្ពុជា និងបានជួបជុំគ្នាទទួលទានអាហារសាមគ្គី និងថ្លែងអំណរ អរគុណថ្នាក់ដឹកនាំ ជាសាស្រ្តចារ្យ សាស្រ្តាចារ្យរង និងគ្រូនគរបាលជាតិ នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ សាស្រ្តចារ្យ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា។

លើកឡើងនាឱកាសនោះនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានវគ្គ ក៏បានថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សាស្រ្តចារ្យ គ្រូនគរបាល ដែលបានអនុញ្ញាត និងផ្តល់បទពិសោធន៍ ចំណេះដឹង ជំនាញរឹង ទន់ ដើម្បីពង្រឹង លើកកម្ពស់កំលាំងនគរបាលជាតិដើម្បីយកទៅអភិវឌ្ឍអង្គភាពឱ្យមានការអភិវឌ្ឍរីកចម្រើនកសាងបាននូវសុខដុមរមនីយ៍កម្មការងារ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានថ្លែងអគុណដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមចំណែកក្នុងសាមគ្គីភាព មិត្តភាព ជាបងប្អូន អនុវត្តបានល្អតាមវិន័យ បទបញ្ជាផ្ទៃក្នុងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា រហូតទទួលបានទទួលបានចំណេះដឹង និងជោគជ័យក្នុងការសិក្សា។

បន្ថែមពីនេះនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ទៀតថា បើមិនមានអ្វីប្រែប្រួលសិក្ខាកាមទាំងអស់ទាំងកម្រិត១ និងកម្រិត២ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងដែរ៕