(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា ដាក់ដំណើរការសាខាបន្ថែមមួយទៀត នៅក្នុងផ្សារទំនើបអ៊ីអន មានជ័យ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលត្រូវការផ្ញើឥវ៉ាន់ទៅក្នុង និងក្រៅប្រទេស។

អ្នកស្រី ឃុន តុលា ប្រធានគ្រប់គ្រងសាខាប្រៃសណីយ៍កម្ពុជា នៅផ្សារទំនើបអ៊ីអនមានជ័យ បានឱ្យដឹងថា សាខាថ្មីនេះ មានបម្រើសេវាកម្មជាច្រើនប្រភេទដូចជា បញ្ញើប្រៃសណីយ៍ក្រៅប្រទេស, បញ្ញើប្រៃសណីយ៍ឆាប់រហ័សក្នុងប្រទេស និងគ្រប់ខេត្ត-ក្រុង, សេវាចែកខិតបណ្ណ និងលិខិតផ្សាយពាណិជ្ជកម្មផ្សេងៗ, សេវាជួលរថយន្ដទេសចរណ៍ សេវាដឹកអ្នកដំណើរ និងផ្ទេរប្រាក់ពីក្នុង និងក្រៅប្រទេស រួមនឹងសេវាផ្សេងៗទៀតជាដើម។

អ្នកស្រីបន្តថា ការបើកដំណើរការសាខានៅក្នុងផ្សារទំនើបអ៊ីអនមានជ័យនេះ នឹងកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងចង់ផ្ញើឥវ៉ាន់ទៅក្នុងតាមបណ្តាខេត្តនានា ឬទៅក្រៅប្រទេស បន្ទាប់ពីពួកគាត់ដើរទិញទំនិញពីផ្សាររួច ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅស្នាក់ការកណ្តាល។ ការបើកដំណើរការសាខានេះ នឹងបន្ថែមការទាក់ទាញអតិថិជន ឲ្យមកទទួលនូវសេវាកម្មពីប្រៃសណីយ៍កម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ប្រៃសណីយ៍កម្ពុជានឹងបម្រើសេវាកម្មជូនអតិថិជន ប្រកបដោយគុណភាព និងទំនួលខុសត្រូវ, បញ្ញើឆាប់រហ័ស, តម្លៃសមរម្យ។

អ្នកស្រីបន្ថែមថា ប្រៃសណីយ៍កម្ពុជាសាខាផ្សារទំនើបអ៊ីអនមានជ័យ មានបើកបម្រើការអតិថិជន ចាប់ពីម៉ោង៩ព្រឹក ដល់១០យប់ ជារៀងរាល់ថ្ងៃ៕