(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ជំនួយមនុស្សធម៌ជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដ៏ប្រពៃថ្លៃថ្លាទាំងអស់ពីមិត្ដចិន និងពីគ្រប់មជ្ឈដ្ឋាន ពិតជាពុំអាចកាត់ថ្លៃបានឡើយ ហើយថែមទាំងបានគូសបញ្ជាក់ពីចំណងមិត្តភាព សហប្រតិបត្តិការ និងសាមគ្គីភាពរឹងមាំ ក្នុងស្មារតីជួយគ្នា ទៅវិញទៅមកក្នុងគ្រាដ៏សែនលំបាក នៃការដោះស្រាយបញ្ហាប្រឈមជាសកលមួយនេះ។

ការថ្លែងដូច្នេះរបស់លោកស្រីកិត្ដិសង្គហបណ្ឌិត ក្នុងឱកាសតំណាងតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញទទួលជាលើកទី២ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ចំនួន ៣០០,០០០ដូស ជំនួយដ៏ថ្លៃថ្លាពីសមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញ ពីលោក ឆាំង ជាន (Chang Jian) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា តំណាងលោក វាំង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។

លោកស្រីកិត្ដិសង្គហបណ្ឌិត បានថ្លែងបន្ដថា ថ្ងៃនេះក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីប្រគល់-ទទួល ជាលើកទី២ នូវវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ចំនួន ៣០០,០០០ដូស ជាអំណោយរបស់សមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា។

អំណោយជាវ៉ាក់សាំងពីសមាគមជាតិកាកបាទក្រហមចិន លើកទី១ ចំនួន ១០ម៉ឺនដូស កាលពីថ្ងៃទី ២៣ខែសីហា ឆ្នាំ២០២១ រួមជាមួយវ៉ាក់សាំង ដែលរាជរដ្ឋាភិបាល បានទទួលជាង ៥៣លានដូស ពីប្រភពនានា ជាពិសេសពីសាធារណរដ្ឋប្រជាមានិតចិន ពិតជាបានរួមចំណែកធ្វើឱ្យកម្ពុជាសម្រេចបានជោគជ័យក្នុងសមរភូមិកូវីដ-១៩ តាមយុទ្ធសាស្ត្រផ្ការីកស្រោចវ៉ាក់វាំងពីទីក្រុងដល់ជនបទ គ្រប់គ្រងបានទាំងស្រុងគួរឱ្យកត់សម្គាល់នូវការឆ្លងរាតត្បាតជំងឺកូវីដ-១៩ រហូតបានបើកប្រទេសជាតិឡើងវិញក្នុងគ្រប់វិស័យ និងធ្វើឱ្យប្រក្រតីភាពឡើងវិញនូវដំណើរការសេដ្ឋកិច្ចគ្រួសារ សង្គម ព្រមទាំងបាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីបន្តការអភិវឌ្ឍប្រទេស។

លោកស្រីបន្ដថា «ជំនួយមនុស្សធម៌ជាវ៉ាក់សាំងដ៏ប្រពៃថ្លៃថ្លាទាំងអស់ពីគ្រប់មជ្ឈដ្ឋាន ពិតជាពុំអាចកាត់ថ្លៃបានឡើយ ហើយថែមទាំងបានគូសបញ្ជាក់ពីចំណងមិត្តភាព សហប្រតិបត្តិការ និងសាមគ្គីភាពរឹងមាំ ក្នុងស្មារតីជួយគ្នាទៅវិញទៅមកក្នុងគ្រាដ៏សែនលំបាកនៃការដោះស្រាយបញ្ហាប្រឈមជាសកលមួយនេះ»

ជាក់ស្ដែងកម្ពុជាបាននិងកំពុងក្រេបជញ្ជក់ផ្លែផ្កាពីជំនួយជាបន្តបន្ទាប់របស់មិត្តចិន មានដូចជា ថវិកាហិរញ្ញប្បទាន ការវិនិយោគ សំណង់ ផ្លូវថ្នល់ ស្ពាន ។ល។ និងខាងផ្នែកសុខាភិបាល មានដូចជា មន្ទីរពេទ្យ ឧបករណ៍ សម្ភារវេជ្ជសាស្រ្តជាដើម។ បច្ចុប្បន្ននេះទៀត តាមស្មារតីនៃកិច្ចសន្ទនាសាកលអាស៊ានលើកទី២ «ការស្តារឡើងវិញ គ្រប់ជ្រុងជ្រោយក្រោយវិបត្តិកូវីដ-១៩» កម្ពុជាបន្តខិតខំប្រឹងប្រែងឆ្ពោះទៅអនាគត និង វិបុលភាពរួម ផ្អែកលើបទពិសោធន៍ពីវិបត្តិនៃជំងឺកូវីដ-១៩ និងបន្តកសាងភាពធន់ផ្នែកសង្គម ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងប្រព័ន្ធការពារសង្គម ទាំងគុណភាព និងវិសាលភាព ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិ ឬហានិភ័យនានា ដែលអាចកើតមានឡើង ជាយថាហេតុ នាពេលអនាគត។

ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា រួមជាមួយសមាគមជាតិកាកបាទក្រហមចិន និងសមាគមជាតិនានា នៅក្នុងចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម ប្តេជ្ញាចិត្តបន្តខិតខំឱ្យបានកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលពុំទាន់ទៅណាឆ្ងាយពីយើង រួមជាមួយនឹងការបន្តប្រមូលផ្តុំកម្លាំងមនុស្សធម៌ជាតិ-អន្តរជាតិ ដោះស្រាយបញ្ហាប្រឈមនានា និងក្នុងការកសាងភាពធន់សហគមន៍ និងវិបុលភាព ប្រជាជន តាមរយៈសកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល។នេះបើតាមការថ្លែងរបស់លោកស្រី។

លោកស្រីកិត្ដិសង្គហបណ្ឌិត បានលើកឡើងទៀតថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លា ជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣០ម៉ឺនដូស នាពេលនេះកាកបាទក្រហមកម្ពុជា ប្រគល់ជូនក្រសួងសុខាភិបាល សម្រាប់បន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ទន្ទឹមនឹងនេះ លោកស្រីអនុប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវ ដល់បងប្អូនរួមជាតិ សូមបន្តប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល តាមពាក្យស្លោក «ការពារប្រសើរជាងព្យាបាល» និងជាពិសេសសូមបន្តនាំគ្នាទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ស្របតាមការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាល ក្នុងការមិនទុកឱ្យមានប្រជាជនណាម្នាក់ មិនបានចាក់វ៉ាក់សាំង នៅពេលដល់វេនរបស់ខ្លួននោះឡើយ ដើម្បីធានាបានសុខុមាលភាពរបស់គ្រួសារនីមួយៗ និងរក្សាបាននូវស្ថេរភាព នៃកំណើនសេដ្ឋកិច្ចក្នុងសុខសន្តិភាព។

ក្នុងឱកាសនោះ លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សមាគមជាតិកាកបាទក្រហមចិន ដែលបានផ្តល់អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានាពេលនេះ។ កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន ត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ, ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាដំណាក់កាល, ការផ្តល់អំណោយមនុស្សធម៌ក្នុងពេលមានគ្រោះមហន្តរាយ និងក្នុងដំណាក់កាលកូវីដ-១៩ ដើម្បីកសាងភាពធន់សហគមន៍ និងសូមឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនៃប្រទេសយើងទាំងពីរ និងចំណងកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន ដែលមានជាយូរលង់មកហើយ កាន់តែរឹងមាំ ឥតប្រែប្រួលជាយូរអង្វែងតរៀងទៅ។

ជាមួយគ្នានោះលោក ឆាំង ជាន ថ្លែងថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុង ពិធីទទួលវ៉ាក់សាំងកូវីដ១៩ដែលជាជំនួយរបស់កាកបាទក្រហមចិនជូនចំពោះកម្ពុជា។ ចិននិងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួម ដែលតែងគាំទ្រនិងជួយគ្នាទៅវិញទៅមក។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩មក ប្រជាជនចិននិងកម្ពុជាតែងរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លោក ឆាំង ជាន បន្ដថា «យើងមិនអាចបំភ្លេចបានទេ ក្នុងគ្រាដ៏លំបាកបំផុតដែលចិនកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លាដល់ភាគីចិន ហើយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលមានព្រិលធ្លាក់យ៉ាងខ្លាំង បានបង្ហាញពីការគាំទ្រដល់ប្រជាជនចិនក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ១៩ តាមសកម្មភាពជាក់ស្តែង។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយដល់កម្ពុជាជាសម្ភារៈទប់ស្កាត់ជំងឺយ៉ាងច្រើននោះ ក៏បានបញ្ជូនក្រុមវេជ្ជសាស្រ្តមកកាន់កម្ពុជាផងដែរ បានធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា»

លោកបានសង្គត់ធ្ងន់ថា «តាមការពិតចំណងមិត្តភាព ជាប្រពៃណីរវាងចិននិងកម្ពុជា បានអភិវឌ្ឍន៍ថែមមួយកម្រិតទៀត ក្រោយពីឆ្លងកាត់ការសាកល្បងនៃជំងឺ។
យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយសេដ្ឋកិច្ចសង្គមក៏កំពុងតែអភិវឌ្ឍន៍ឡើងវិញជាបន្ដបន្ទាប់ ទទួលបានការកោតសរសើរពីប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ»

កាកបាទក្រហមចិន និងកាកបាទក្រហមកម្ពុជា រក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នៅពេលភាគីម្ខាងណាជួបការលំបាក ភាគីទាំងពីរតែងតែផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមក។ ថ្ងៃនេះ កាកបាទក្រហមចិនបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ចំនួន៣០ម៉ឺនដូសជូនដល់កម្ពុជា ជឿជាក់ថានឹងជួយកម្ពុជាបង្កើនបម្រុងវ៉ាក់សាំងជាយុទ្ធសាស្ត្រ និងពង្រឹងសមិទ្ធផលយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជា«ឆ្នាំមិត្តភាពចិន-កម្ពុជា»។ ភាគីចិននិងសហការជាមួយភាគីកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺនិងការអភិវឌ្ឍន៍ ស្ដារឡើងវិញនូវទំនាក់ទំនងប្រជាជននិងវប្បធមជាបន្តបន្ទាប់ បង្កើនចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ជំរុញការកសាងរួមគ្នានូវសហគមន៍វាសនារួមរវាងចិន និងកម្ពុជា ឱ្យទទួលបានសមិទ្ធផលថ្មីៗផ្តល់ផលប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទាំងពីរ រួមចំណែកកាន់តែធំធេងដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងលើពិភពលោក។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ឆាំង ជាន អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕