(ឧត្តរមានជ័យ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានបន្តយាងជួបសំណេះសំណាលជាមួយសកម្មជន អ្នកគាំទ្រ និងរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់របស់គណបក្សហ៊្វុនស៊ិនប៉ិច ក្នុងភូមិត្រុំ ឃុំអំពិល ស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្តរមានជ័យ។

មានព្រះបន្ទូលក្នុងឱកាសនោះ ព្រះអង្គម្ចាស់ព្រះប្រធានគណបក្ស បានរំលឹកនូវអនុស្សាវរិយ៍ ភាពតស៊ូ ពលីកម្មដ៏អង់អាចក្លាហាន នៃវិរជនទាំងអស់ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងការប្រយុទ្ធប្រឆាំងការឈ្លានពានទឹកដីរបស់កងទ័ពជាតិ សីហនុនិយម ANS និងការបង្កើតឡើង រណសិរ្ស រួបរួមជាតិ ដើម្បីកម្ពុជាឯករាជ្យ សន្តិភាព និងសហប្របត្តិការ ហៅកាត់ថា «FUNCINPEC» ដែលមានគ្រប់ចលនាទាំងអស់ ក្រោមព្រះរាជកិច្ចដឹកនាំនៃ សម្តេចព្រះបរមរតនកោដ្ឋ ជាព្រះបិតាស្ថាបនិក។

ព្រះអង្គម្ចាស់ បានមានព្រះបន្ទូលថា ទីកន្លែងនេះជាកន្លែងប្រារព្ធពិធីសមាជ នាឆ្នាំ១៩៩១ បានប្តូរឈ្មោះ រណសិរ្ស ហ៊្វុនស៊ិនប៉ិច មកជាគណបក្សហ៊្វុនស៊ិនប៉ិច ហើយព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានប្រោសប្រទាន ថ្វាយគណបក្សហ៊្វុនស៊ិនប៉ិច ដល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដឹកនាំបន្ត ដើម្បីចូលរួមក្នុងការ បោះឆ្នោតជាតិ នាឆ្នាំ១៩៩៣ រហូតគណបក្សរាជានិយម មួយនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ព្រះអង្គម្ចាស់ បានមានព្រះបន្ទូលទៀតថា «ពេលនេះ យើងមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាលំដាប់ គឺការផ្តើមចេញពីនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ នៃសម្តេចព្រះ ព្រះបរមរតនកោដ្ឋ និងជាពិសសមានប្រមុខដឹកនាំជាតិ បានរួបរួមគ្នា កសាងមាតុភូមិមួយនេះឱ្យមានសេចក្តីសុខក្សេមក្សាន្ត រុងរឿងរហូតមក»

ព្រះអង្គម្ចាស់ ក៏មានព្រះបន្ទូលបន្ថែមថា សូមសហជីវិន សហជីវិនី បន្តរួបរួមសាមគ្គី ជាធ្លុងមួយ ឯកភាព ក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច និងប្រមែលប្រមូល អ្នកសីហនុនិយម រណឫទ្ធិនិយម អ្នកសេហ្នាជាតិទាំងអស់ ការពារសន្តិភាព ឧត្តមប្រយោជន៍ជាតិ សម្រាប់ប្រជារាស្ត្រខ្មែរ និងធ្វើយ៉ាងណាឱ្យគណបក្សនេះធំធាត់ ទទួលបានជោគជ័យសាជាថ្មី៕