(ភ្នំពេញ)៖ រថយន្តសម័យសង្គមរាស្ត្រនិយម «ម៉ាកអង្គរ» ដែលផលិតនៅកម្ពុជា នៅឆ្នាំ១៩៥៥ ត្រូវបានទិញយកមកជួសជុលនិងកែច្នៃ ដោយរក្សាទម្រង់ដើមឲ្យនៅដដែល ពោរពេញដោយភាពទាក់ទាញជាទីបំផុត។

រថយន្តទាំងនេះ ត្រូវបានទិញក្នុងតម្លៃ ៧៥០០ដុល្លារ ហើយថវិកា ៦០០០ដុល្លារទៀត ត្រូវបានចំណាយ ដើម្បីជួសជុលនិងកែច្នៃ។ អ្នកដែលទិញរថយន្ត យកមកជួសជុលនិងកែច្នៃ គឺនាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ។

រថយន្តទាំងនេះ ស្ថិតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយត្រូវបានយកទៅប្រើប្រាស់ក្នុងការថតខ្សែភាពយន្តហូលីវូដ បានចំនួន ២ដងដែរ។ រថយន្តម៉ាកអង្គរ ជាប្រភេទរថយន្ត Minibus ត្រូវបានផលិតនៅកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយម អំឡុងឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៥៦។

ទាំងកៅអីអង្គុយ តួ ទ្វារ និងដំបូល មានលក្ខណៈពុកផុយអស់ទៅហើយ។ បើតាមព័ត៌មាននានា ម៉ាស៉ីនដើមរបស់វា ត្រូវបានផលិតដោយក្រុមហ៊ុន ស៉ីត្រូអ៊ែន របស់ប្រទេសបារាំង ឯគ្រឿងបន្សំផ្សេងៗ ត្រូវបានផលិតនៅកម្ពុជា។

បច្ចុប្បន្នរថយន្តទាំងនេះ ត្រូវបានគេប្រើប្រាស់ដើម្បីដឹកអ្នកដំណើរ និងទំនិញទៅមក ពីទីរួមខេត្តបាត់ដំបង ទៅផ្សារមោង ក្នុងស្រុកមោងឫស្សី។

រថយន្តម៉ាកអង្គរ បានបង្ហាញថា ខ្មែរយើងមានការផលិតរថយន្ត ឬនិយាយបានថា វិស័យឧស្សាហកម្មរបស់យើង ធ្លាប់រីកចម្រើនខ្លាំង តែដោយសាររបបឃោរឃៅព្រៃផ្សៃ ប៉ុល ពត វិស័យឧស្សាហកម្មបានបាត់បង់ទៅវិញ។ ឥឡូវនេះ ជាសម័យកាលសន្តិភាព ក៏ធ្វើឲ្យមានក្រុមហ៊ុនផលិតរថយន្ត មកផលិតនៅកម្ពុជា និងចាប់ផ្តើមមានសកម្មភាពដំណើរការផលិតកម្មផងដែរ៕