(ភ្នំពេញ)៖ ខួប ២៤ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ នឹងមានការប្រារព្ធពិធីអបអរសាទរ យ៉ាងមហោឡារិក ក្រោមការចូលរួមពីមហាជនសរុបជិត ៥ពាន់នាក់។

កម្ពុជា បានជួបវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារអស់រយៈពេលប្រមាណ ៣ទសវត្សរ៍ ក្រោយពេលនៃការធ្វើរដ្ឋប្រហារដោយខុសច្បាប់នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ភ្លើងសង្គ្រាមដែលបង្កាត់ឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានឆេះរោលរាលបំផ្លិចបំផ្លាញនាវាកម្ពុជាស្ទើរក្លាយជាផេះផង់។ ភ្លើងសង្គ្រាមដែលបង្កាត់ឡើងត្រឹមមួយតែមួយថ្ងៃ តែបានឆេះរោលរាលរហូតដល់ទៅ៣ទសវត្សរ៍។ ភ្លើងសង្គ្រាមនេះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ថ្ងៃដែលមេដឹកនាំខ្មែរក្រហម មកសុំរួមរស់នឹងរាជរដ្ឋាភិបាល។

ភ្លើងសង្គ្រាមនេះ បានផុតរលត់ទៅក្រោមការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។ ការបិទបញ្ចប់សង្គ្រាមមួយនេះ វាបានក្លាយជាពេលវេលាដែលកម្ពុជា រកឃើញនូវសុខសន្តិភាព រកឃើញនូវការឯកភាពជាតិ និងទឹកដីជាថ្មី ក្រោយការបែកបាក់ចក្រភពអង្គរ ដែលមានរយៈពេលយ៉ាងហោចណាស់៥០០ឆ្នាំ។

នៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមប្រារព្ធពិធីអបអរសាទរ ថ្ងៃបិទបញ្ចប់ភ្លើងសង្គ្រាមនេះ ដើម្បីរំលឹកដល់គំរូវីរភាពស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ក៏ដូចជាបញ្ជ្រាបឱ្យប្រជាពលរដ្ឋខ្មែរ បានដឹងពីគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ ដែលជាបុព្វហេតុនាំមកនូវសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម និងនាំមកនូវការអភិវឌ្ឍសម្រាប់សង្គមជាតិដូចពេលបច្ចុប្បន្ន។

ក្នុងសន្និសីទព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ការអបអរសាទរខួប២៤ឆ្នាំ នៃទិវានយោបាយឈ្នះ-ឈ្នះនេះ នឹងត្រូវប្រារព្ធឡើងយ៉ាងមហោឡារិកផងដែរ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា អ្នកចូលរួមអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រនេះ មានចំនួនប្រមាណ ៤,៦៨៨នាក់។ ក្នុងនោះគណៈអធិបតី ភ្ញៀវជាតិ និងអន្តរជាតិសរុប ២៧២នាក់, ព្រះសង្ឃ ៧អង្គ, កងកម្លាំងប្រដាប់អាវុធ រួមទាំងកាយរឹទ្ធិ ១៩ផែន ស្មើនឹង ២,៣១៥នាក់, ផែនយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា កាយរឹទ្ធិ កាកបាទក្រហម ៨៩៤នាក់ ផែនប្រជាពលរដ្ឋ ១,២០០នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ការប្រារព្ធខួបនេះ មានសារៈសំខាន់ណាស់ ដែលត្រូវធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីឱ្យប្រជាពលរដ្ឋយល់ជ្រូតជ្រាបពីនយោបាយឈ្នះ-ឈ្នះ គាំទ្ររាល់សកម្មភាពនៃនយោបាយឈ្នះ-ឈ្នះ ដឹងគុណ និងកតញ្ញូចំពោះវីរជន ជាពិសេសស្ថាបនិក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិរហូតបានបញ្ចប់សង្គ្រាមទាំងស្រុង។

លោក ឥត សារ៉ាត់ បានបញ្ជាក់ដូច្នេះ «ថ្ងៃ២៩ ខែធ្នូ ជាថ្ងៃបញ្ចប់សង្គ្រាមនេះ មានអត្ថន័យ និងសារៈសំខាន់ណាស់ ចំពោះជាតិមាតុភូមិរបស់យើង។ វាជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិខ្មែរទាំងមូលផងដែរ ព្រោះថា ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានេះ វាមានអត្ថន័យធំធែងណាស់ ចំពោះប្រជាជាតិយើងដែលបានបញ្ចប់សង្គ្រាមស៊ីវិល ដែលមានរយៈពេលយ៉ាងយូរមកហើយនេះ។ ការបញ្ចប់សង្គ្រាមស៊ីវិលនេះ ដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តថា «កម្ពុជារបស់យើងបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសង្គ្រាមរ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងបែងចែកទឹកដី ពីខឿនសេដ្ឋកិច្ចជាតិត្រូវបានខ្ទេចខ្ទាំ រហូតមកដល់បច្ចុប្បន្នយើងមានសុខសន្តិភាព មានសេរីភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយធ្វើឱ្យប្រជាពលរដ្ឋរបស់យើងរស់នៅដោយសុខសាន្ត នេះជាសមិទ្ធផលមួយធំណាស់ ដែលយើងត្រូវតែចូលរួមថែរក្សា»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងផងដែរថា ទ​ន្ទឹមនឹងការប្រារព្ធពិធីអបអរសាទរនេះ នឹងមានការសម្ពោធសួនសមិទ្ធផលមួយចំនួន ដែលទើបសាងសង់រួចរាល់នៅបរិវេណវិមានឈ្នះ-ឈ្នះ។ សមិទ្ធផលដែលសម្ពោធនោះ មានដូចជា សមិទ្ធផលរបស់កងយោធពលខេមរភូមិន្ទ, សន្តិសុខជាតិ រួមមានកងរាជអាវុធហត្ថ និងនគរបាលជាតិ, សួនស៊ីម៉ាក់​ និង សួនស្តីពីការកសាងវិមានឈ្នះ-ឈ្នះ។

ក្នុងព្រឹត្តិការណ៍នោះ ក៏មានការរៀបចំតាំងពិព័រណ៍ស្តីពីការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះរបស់កងយោធពលខេមរភូមិន្ទចំនួន ១៩ស្តង់។ ក្នុងនោះផែនចំណុះក្រសួងការពារជាតិ ១២ស្តង់ និងអគ្គបញ្ជាការចំនួន៧ស្តង់ ហើយនៅពេលរាត្រី មានបាញ់កាំជ្រួចថែមទៀតផង។

សូមបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរទិវានយោបាយឈ្នះ-ឈ្នះ កាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរកំណត់យកទិវានយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាកនោះឡើយ។

ក្នុងសារាចរនោះ រាជរដ្ឋាភិបាល បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយឈ្នះ-ឈ្នះ ដែលមានខ្លឹមសារថា «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ-ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»