(ម៉ិចស៊ិកូ)៖ មនុស្ស ០៦នាក់ស្លាប់ និងជាង ១០០នាក់ទៀតរងរបួស បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សា រវាងកម្លាំងប៉ូលិស ជាមួយនឹងក្រុមគ្រូបង្រៀន ស្ថិតនៅទីក្រុង Oaxaca ភាគខាងត្បូងប្រទេសម៉ិចស៊ិកូ។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦។
សារព័ត៌មានម៉ិចស៊ិកូ បានចេញផ្សាយបន្តទៀតថា មនុស្សស្លាប់ទាំង ០៦នាក់នោះគឺជាជនស៊ីវិល (គ្រូបង្រៀន) និង ក្នុងចំណោមអ្នករបួសទាំងអស់ មាន៥៥នាក់ជាមន្ត្រីមានសមត្ថកិច្ច និង ជាង៥០ទៀតជាគ្រូបង្រៀនលាយឡំនឹង ជនស៊ីវិលដែលចូលរួមការតវ៉ា ប្រឆាំងនឹងច្បាប់ថ្មីរបស់រដ្ឋាភិបាលម៉ិចស៊ិកូ ដែលចង់រឹតបន្តឹងគុណភាព អប់រំពីសំណាក់គ្រូបង្រៀនទូទៅ ព្រមទាំងកាត់បន្ថយគ្រូបង្រៀនក្នុងចំនួនដ៏ធំមួយផងដែរ។
ចំពោះការតវ៉ាដូចគ្នានេះ ក៏ធ្លាប់បានកើតមានដែរនៅទីក្រុងនិងរដ្ឋមួយចំនួនដូចជា Chiapas, Guerrero, Michoacan និងពេលនេះនៅ Oaxaca។ កាលពីថ្ងៃទី១២ ខែមិថុនា លោក Ruben Nunez មេដឹកនាំចលនាអ្នកបម្រើវិស័យ អប់រំជាតិ (CNTE) ដែលមានឥទ្ធិពលខ្លាំងលើវិស័យអប់រំទូទាំងម៉ិចស៊ិកូ ត្រូវបានចាប់ខ្លួន ដោយកងកម្លាំងរដ្ឋាភិបាល ដោយតុលាការបានចោទប្រកាន់រូបលោកថា មានការខ្ចីប្រាក់ខុសប្រក្រតី។
សម្រាប់ការបង្ក្រាបគ្រូបង្រៀននោះវិញ ខាងកងកម្លាំងរដ្ឋាភិបាលបានអះអាងថា ខ្លួនមិនបានធ្វើការបាញ់កាំភ្លើងដាក់ ក្រុមអ្នកតវ៉ា ដែលបណ្តាលឲ្យស្លាប់ និងរងរបួសរាប់រយនាក់បែបនោះឡើយ ហើយវាប្រាកដណាស់ ថាមានភាគីទីបីលូកដៃចូលរឿងនេះ ដែលរដ្ឋាភិបាលត្រូវតែធ្វើការស៊ើបអង្កេតជាបន្តទៀត៕