(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ «ទុកជាបានការ» ប៉ុន្តែបានសម្រេចកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់សំណង់ជំងឺចិត្ត កាន់តែច្រើនជាង ជូនដល់ដើមបណ្តឹង។

បើតាមលោក គី តិច មេធាវីការការពារក្តីបានថ្លែងឲ្យដឹងថា បន្ទាប់ពីជំនុំជម្រះនៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញ បានធ្វើការសម្រេច ដូចខាងក្រោម៖

- សំណុំរឿងរបស់គណបក្សប្រជាជនកម្ពុជា សាលាឧទ្ធរណ៍សម្រេច៖

១៖ ទទួលបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ តែបដិសេធចោលដោយខុសនឹងគតិច្បាប់។
២៖ ទទួលបណ្តឹងឧទ្ធរណ៍របស់មេធាវី គី តិច តំណាងគណបក្សប្រជាជនកម្ពុជា ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ និងគតិច្បាប់។
៣៖ ទទួលបណ្តឹងឧទ្ធរណ៍របស់ លោកប្លង់ សុផល តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ និងគតិច្បាប់។
៤៖ តម្កល់សាលក្រមលេខ ៣១២៧ «ឆ១» ចុះថ្ងៃទី ០៧-១០-២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ លើកលែងតែ៖

* ចំណុចទី១៖ ក.ផ្ដន្ទាទោសពិន័យជាប្រាក់ ៨លានរៀល ត្រូវកែជាចំនួន ១០លានរៀលវិញ។
* ចំណុចទី២៖ សងជំងឺចិត្ត៣ពាន់លានរៀលគត់ ត្រូវកែជា៤ពាន់លានរៀលគត់ វិញ។
(ក្រៅពីនោះរក្សាទុកជាបានការដដែល)។

- សំណុំរឿងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សាលាឧទ្ធរណ៍សម្រេច៖

១៖ ទទួលបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ តែបដិសេធចោលដោយខុសនឹងគតិច្បាប់។
២៖ ទទួលបណ្តឹងឧទ្ធរណ៍របស់លោក ប្លង់ សុផល តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ និងគតិច្បាប់។
៣៖ តម្កល់សាលក្រមលេខ ៣១២៦ «ឆ១» ចុះថ្ងៃទី ០៧-១០-២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ លើកលែងតែ៖

* ចំណុចទី១៖ ក.ផ្ដន្ទាទោសពិន័យជាប្រាក់ ៩លានរៀល ត្រូវកែជាចំនួន ១០លានរៀលវិញ។ ( ក្រៅពីនោះរក្សាទុកជាបានការដដែល)។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ ទាំង២របស់លោក សុន ឆ័យ ដែលត្រូវបានប្តឹងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា។ សំណុំរឿងប្តឹងដោយគ.ជ.ប ចៅក្រមបាន ផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន៩លានរៀល។ ចំណែកក្នុងសំណុំរឿងប្តឹងដោយ គណបក្សប្រជាជនកម្ពុជា ចៅក្រមបានសម្រេច​ផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន៨លានរៀល ព្រមទាំងបង្គាប់ឲ្យសងសំណងជម្ងឺចិត្តឲ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០លានរៀលផងដែរ។

ការសម្រេចក្នុងសាលក្រមរបស់សាលាដំបូងខាងលើនេះ ត្រូវបានលោក សុន ឆ័យ ប្តឹងឧទ្ធរណ៏ ហើយដើមបណ្តឹងរដ្ឋប្បវេណី និងតំណាងអយ្យការក៏បានប្តឹងឧទ្ធរណ៏ដែរ។ ឥឡូវនេះសាលាឧទ្ធរណ៏បានសម្រេចឲ្យ លោកសុន ឆ័យ ត្រូវទទួលរងនូវទណ្ឌកម្មកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ។

ការដាក់ពាក្យបណ្តឹងរបស់គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពី លោក សុន ឆ័យ បានចោទប្រកាន់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ មានការទិញ និងលួចបន្លំសន្លឹកឆ្នោត។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា កាលពីពេលថ្មីៗនេះ ក៏បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុចំនួន ០២កន្លែង ជាទ្រព្យសម្បត្តិរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ប​ន្ទាប់ពីមានការអះអាងតាមបណ្តាញសារព័ត៌មានថា លោកនឹងមិនសងតាមការសម្រេចរបស់តុលការ ចំពោះបទបរិហាកេរ្តិ៍ជាសាធារណៈ នោះឡើយ៕