(ក្រចេះ)៖ ក្រុមការងារនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានជួបប្រជុំជាមួយមន្រ្តីរាជការ នៃរដ្ឋបាលខេត្តក្រចេះ ស្តីពីការតាមដានត្រួតពិនិត្យ និងវាយ តម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលរាជធានី ខេត្ត។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តមុខងារ តួនាទី ភារកិច្ច និងការ គ្រប់គ្រង ការចាត់ចែង ការផ្តល់សេវាសាធារណៈ និងការប្រើប្រាស់ធនធាន ដោយផ្អែកតាមគោលការណ៍ នីតិវិធី ស្តង់ដាសេវា និងស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលបានកំណត់។

លោក ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានស្វាគមន៍ និងរាយការអំពីកិច្ចនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរួមមក លោក ឈូក បណ្ឌិត អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដោយកែសម្រួលចំនួនអភិបាលរងក្នុងជួរគណៈអភិបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអនុវត្តតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនាមជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្លាយជារដ្ឋបាលមូលដ្ឋានដ៏មានសក្តានុពល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានដែលបានផ្ទេរ និងប្រតិភូកម្មពីថ្នាក់ជាតិ ក្នុងគោលដៅបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តាមរយៈការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងសេវាសង្គម។

លោកបន្តថា ក្រុមជំនាញរបស់នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានីខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ធ្វើការកំណត់ផែនការយុទ្ធសាស្តដែលអនុវត្តរៀងរាល់២ឆ្នាំម្ដង ចំពោះរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ដោយបានរៀបចំនូវសូចនាករ ដើម្បីធ្វើការវាស់វែងពីកម្រិតវឌ្ឍនភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើមុខងារនៃការគ្រប់គ្រង-ទាំងឡាយ សម្រាប់កំណត់រកឲ្យឃើញនូវ (១)ប្រសិទ្ធភាព និងគុណភាពលើមុខងារនៃការគ្រប់គ្រងចាត់ចែងកិច្ចការរដ្ឋបាល (២)ការគ្រប់គ្រងមន្ត្រីរាជការ (៣)ការផ្តល់សេវាសាធារណៈដែលរួមមានសេវារដ្ឋបាល និងសេវាសង្គមនានា ហើយជាពិសេសការកំណត់បាននូវមុខសញ្ញានៃបញ្ហាប្រឈមដំណោះស្រាយ ដើម្បីមានជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ដឹកនាំ ក្នុងការរៀបចំនូវគោលនយោបាយដ៏សមស្របសម្រាប់ជំរុញ កែលម្អបំពេញបន្ថែមលើចំណុចខ្វះចន្លោះ និងជាពិសេសការសម្រេចក្នុងកម្រិតនយោបាយ លើការធ្វើប្រតិភូកម្មមុខងារ និងធនធានជាបន្ថែមទៀតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ទន្ទឹមនេះ យន្តការនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគឺជាវិធានការមួយដ៏សមស្របក្នុងការជំរុញនូវស្មារតីទទួលខុសត្រូវឆន្ទៈម្ចាស់ការ មនៈសិកាវិជ្ជាជីវៈរបស់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យក្លាយជាអ្នកផ្តល់សេវាប្រកបដោយប្រសិទ្ធភាព គុណភាព និងបរិយាប័ន្នជាបន្ថែមទៀត៕