(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា បានផ្តល់និយមន័យចំនួនពីរដល់ប្រយោគថា «កម្ពុជាគ្មានមីន»។
និយមន័យនៃប្រយោគថា «កម្ពុជាគ្មានមីន» ដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងនេះរួមមាន៖
ទី១៖ ប្រជាពលរដ្ឋខ្មែរលែងប្រឈមហានិភ័យ ក្នុងការរងរបួស និងបាត់បង់ជីវិតដោយសារគ្រាប់មីនបន្តទៀត ដែលហៅថា ជាឃាតកលាក់មុខនោះ។
ទី២៖ តំបន់មួយចំនួនដែលមានការគំរាមកំហែងដោយសារវត្តមានរបស់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវបានប្រែក្លាយជាតំបន់មានសុវត្ថិភាព និងជាតំបន់ប្រជាពលរដ្ឋអាចបង្កបង្កើនផល និងធ្វើការអភិវឌ្ឍន៍បាន។
និយមន័យសម្រាប់ប្រយោគថា «កម្ពុជាគ្មានមីន» នេះ ត្រូវបានលោកបណ្ឌិត ហ៊ុន ម៉ាណែត លើកបង្ហាញក្នុងពិធីប្រកាសដាក់ខេត្តត្បូងឃ្មុំ ជាខេត្តគ្មានមីន នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
ក្នុងឱកាសនោះលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដ៏មានប្រជាប្រិយភាពរូបនេះ បានលើកបង្ហាញពីទុក្ខវេទនារបស់ប្រជាពលរដ្ឋដោយសារតែគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជាសំណល់ភ្លើងសង្គ្រាម។ លោកបណ្ឌិត ក៏បានលើកបង្ហាញពីគោលដៅ និងផែនការច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥ ដោយបានបញ្ចេញកញ្ចប់ថវិកាជាតិបម្រើដល់ប្រតិបត្តិការបោសសំអាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។
សូមបញ្ជាក់ថា ដោយសារតែសង្គ្រាមហែកហួរចាប់តាំងពីអំឡុងចុងទសវត្សរ៍៦០ បានធ្វើឱ្យផ្ទៃដីកម្ពុជា ក្លាយទៅចំការមីន និងកប់នូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់។ ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរកឃើញការរួបរួមផ្ទៃក្នុងដោយអន្លើ ក្រោមការជួយជ្រោមជ្រែងពីប្រទេសជាមិត្តផងនោះ កម្ពុជា បានចាប់ផ្តើមបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសង្គ្រាមនៅក្នុងឆ្នាំ១៩៩២។ មកដល់ឆ្នាំ២០២២នេះ មានរយៈ៣០ឆ្នាំហើយ។
រយៈពេល៣០ឆ្នាំនេះ ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
ក្នុងនោះផ្ទៃដីប្រមាណ ២,៥៣១គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។ ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់។ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១,១៥១,២៣២គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦,១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣,០២៨,៦៥៩គ្រាប់។
ចាប់តាំងពីឆ្នាំ១៩៧៩មក ប្រជាជនចំនួន ៦៥,០០៤នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ១៩,៨១៨នាក់។ ជាមួយគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងមកនេះ។
គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,០០១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨គីឡូម៉ែត្រក្រឡា រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមផងដែរ។
ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង ២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីន នៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៕