(ព្រះវិហារ)៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តី ពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តព្រហវិហារ ក្រោមវត្តមានលោក យ៉ុង គឹមហ៊ាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានស.ស.យ.ក ខេត្តព្រះវិហារ និងលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាអនុប្រធានផ្នែកដឹកជញ្ជូននៃ ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន តំណាងលោក ឈួន វ៉ន់ ប្រធានផ្នែកដឹកជញ្ជូននៃ ស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន។
លោក យ៉ុង គឹមហ៊ាន បានថ្លែងថា ផែនការ១១១ថ្ងៃ ក្នុងការចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដាក់ចេញនូវទិសដៅមួយប្រគល់ភារកិច្ចជូន ស.ស.យ.ក ក្នុងការចូលរួមផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ នឹងតម្កល់ភារកិច្ចមួយជូន ស.ស.យ.ក គ្រប់ថ្នាក់ ក្នុងការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងចូលរួមបិទចំណាំងផ្លាតលើគោយន្តកន្ត្រៃយ៍នៅតាមមូលដ្ឋាន។ លោកបានថ្លែងអំពាវនាវដល់ ស.ស.យ.ក មកពីតាមវិស័យផ្សេងៗ ដែលមានវត្តមាននៅទីនេះ ពេលត្រឡប់ទៅវិញត្រូវជួយផ្សព្វផ្សាយបន្ត ពិសេសពេលចុះតាមមូលដ្ឋាន ពាក់ព័ន្ធនឹងការងារសុវត្ថិភាពចរាចរណ៍នេះ។
ដោយឡែកលោក ព្រំ វន្ថា ថ្លែងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សមាជិក សមាជិកា ស.ស.យ.ក. និងដើម្បីយកចំណេះដឹងនេះទៅអប់រំ ផ្សព្វផ្សាយបន្តដល់យុវជនដទៃទៀត។
ប្រធានបទដែលយកមកអប់រំផ្សព្វផ្សាយរួមមាន ស្ថានភាពទូទៅនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សុជីវធម៌ក្នុងការបើកបរ ការប្រើប្រាស់ល្បឿនក្នុងការបើកបរ សិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង អត្ថប្រយោជន៍នៃមួកសុវត្ថិភាព ការត្រួតពិនិត្យទោចក្រយានយន្ត កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរស័ព្ទដៃ (Cambodia Driving Rules) និងកម្មវិធីថែទាំផ្លូវ (Road Care Mobile App)៕