(កណ្ដាល)៖ លោក ចាន់ សារិន ប្រធានអង្គការជំនួយនៃក្ដីសង្ឃឹមហៅកាត់ថា HHC បានឲ្យដឹងថា បើយោងតាមការចុះអង្កេតសិក្សាចំនួន៥ខេត្ត រកឃើញថា មានកុមារកើតជំងឺសតិបញ្ញា និងអូទីស្សឹមមានប្រមាណជា២ពាន់នាក់ ហើយតាមការប៉ាន់ស្មាននៅទូទាំងប្រទេស អាចនឹងមានកុមារកើតជំងឺនេះ ប្រមាណ៣ម៉ឺននាក់។
លោក ចាន់ សារិន បានគូសបញ្ជាក់ថា ចំពោះកុមារដែលមានជំងឺសតិបញ្ញា និងអូទីស្សឹមនេះ ចាំបាច់ត្រូវសង្រ្គោះពួកគេ ហើយពិសេសសុំកំុរើសអើងពួកគាត់ ប៉ុន្តែសុំជួយគ្នាលើកទឹកចិត្តពួកគាត់វិញ ដ្បិតពួកគាត់ជាមនុស្សគួរឲ្យអាណិតណាស់។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល លោក ចាន់ សារិន ក៏បានអរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងទ្វេយកចិត្តទុកដាក់ណាស់ចំពោះកុមារៗ ដែលកើតបញ្ហានេះ ខណៈលោកទាំងទ្វេតែងតែឧបត្ថម្ភមកជាហូរហែមក ហើយក៏មានសប្បុរសជន ជាថ្នាក់ដឹកនាំជាច្រើននាក់ផងដែរ ដែលបានគិតគូរផ្ដល់ជំនួយមកកាន់អង្គការនេះ ដើម្បីមានលទ្ធភាពជួយដល់កុមារកើតបញ្ហានេះ។
លោកបន្តថា ឆ្លើយតបនឹងតម្រូវការចាំបាច់ដែលកុមារកើតបញ្ហានេះមានច្រើនកំពុងរង់ចាំចូលសិក្សា លោកមានគម្រោងសាងស់អគារមួយថ្មីថែមទៀត កម្ពស់៣ជាន់ស្មើរនឹង១៨បន្ទប់ ប៉ុន្តែខ្វះខាតថវិកាក្នុងការសាងសង់ ដូច្នេះមានតែលើកម្រាមដៃ១០ស្នើសុំជំនួយពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជននានាមេត្តាជួយឧបត្ថម្ភដល់គម្រោងសាងសង់នេះ ព្រោះមានកុមារៗដែលកំពុងរង់ចាំចូលសិក្សាតែគ្មានបន្ទប់សិក្សា មានចំនួនជិត២០០នាក់ឯណោះ។
លោកបញ្ជាក់ទៀតថា សម្រាប់ស្ថិតិនៃចំនួនកុមារដែលមានបញ្ហានេះ មានការប៉ាន់ស្មានរហូតដល់ជិត៣ម៉ឺននាក់នោះ លោកមានគម្រោងស្នើសុំឲ្យមានទីតាំងបណ្ដុះបណ្ដាលយ៉ាងហោចណាស់មួយទីតាំង សម្រាប់មួយខេត្ត ហើយគ្រោងនឹងស្នើសុំដីចំនួន១០ហិកតា សម្រាប់បណ្ដុះបណ្ដាលវិជ្ជាជីវ:មនុស្សដែលកើតអូទីស្សឹមនៅពេលពួកគាត់ធំឡើង ដែលយ៉ាងហោចណាស់ក៏ចាំបាច់តម្រូវឲ្យជួយបណ្ដុះបណ្ដាលពួកគាត់ ឲ្យចេះជំនាញមួយដែរ ពោលគឺខាងកសិកម្ម តួយ៉ាងដូចជា ចិញ្ចឹមសត្វ ត្រី ដាំដំណាំជាដើម។
គួរជម្រាបថា សាលាកុមារអូទីស្សឹម នៃអង្គការ HHC បានបង្កើតឡើងក្នុងរយៈពេល១០ឆ្នាំ ហើយបានប្រមូលកុមារពិការភាព ខ្សោយសតិបញ្ញា និងអូទីស្សឹម ឲ្យបានចូលរៀនស្របតាមច្បាប់អប់រំជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំសាលាកុមារអូទីស្សឹម បានចំនួន៥ទីតាំង ដោយប្រើប្រាស់ថវិកាឧបត្ថម្ភរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងស្ថានទូតប៉ូឡូញ ប្រចាំទីក្រុងបាងកក ស្ថានទូតសាំងហ្គាពួរជាដើម៕