(កណ្ដាល)៖ ក្រោយចម្រូងចម្រាស់ពីបញ្ហាប្រមូលភាស៉ីរួចមក ថ្នាក់ដឹកនាំខេត្តកណ្ដាល បានសម្រេចអនុញ្ញាត្តផ្ដល់សិទ្ធិឲ្យ ក្រុមហ៊ុន ស៉ិនទ្រី ជាអ្នកប្រមូលភាស៉ីអនាម័យ ចំពោះក្រុមអ្នកលក់ដូរនៅតាមម្ដុំសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ បានប្រាប់បណ្តាញ Fresh News ថា ក្រោយថ្នាក់ដឹកនាំខេត្តកណ្ដាល បានប្រជុំគ្នារួចមក ក៏សម្រេចប្រគល់សិទ្ធិទៅឲ្យក្រុមហ៊ុនស៉ិនទ្រី ជាអ្នកប្រមូលភាស៉ីអនាម័យចាប់ពីថ្ងៃនេះតទៅ។

លោកបានអះអាង ការប្រមូលភាស៉ីនេះ គឺសម្រាប់សេវាប្រមូលសំរាម និងការធ្វើអនាម័យទីតាំងលក់ដូរ ពោលគឺក្រុមហុនស៉ិនទ្រី មានកម្មករ និងរថយន្តប្រមូលសំរាមស្រាប់ ដែលបង្កភាពងាយស្រួលក្នុងការប្រមូល និងធ្វើអនាម័យ ហើយអ្នកលក់ដូរក៏មានកាតព្វកិច្ចចូលរួមជួយរក្សាអនាម័យផងដែរ ដោយរៀបចំទុកដាក់សម្រាមឲ្យមានរបៀប និងមិនបង្កក្លិនអ្វីមួយឡើយ។

ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុន ស៉ិនទ្រី លោក ប៊ុន ធី បានប្រាប់ថា ក្រុមហ៊ុនបានចាត់ឡានប្រមូលសម្រាម១ថ្ងៃចំនួន២ជើង ដោយសម្អាតឲ្យបានស្អាត និងប្រមូលសំរាមឲ្យអស់ចេញពីទីតាំងសួនច្បារ ដើម្បីសោភ័ណភាពទីក្រុងស្អាត ដោយកម្មករមកប្រមូលជារៀងរាល់ថ្ងៃ និងទៀងទាត់៕