(ភ្នំពេញ)៖ អ្នកឧកញ៉ា គួច ម៉េងលី អ្នកឯកទេសខាងអប់រំ និងសុខភាពសាធារណៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងពាក់ព័ន្ធនឹងការប្រកបរបរដឹកជញ្ជូន ដោយថ្លែងថា ការដឹកម៉ូយតាមរយៈការដណ្តើមគ្នា និងការដាក់មនុស្សហួសចំនួន គឺជាទង្វើគ្មានសីលធម៌ និងជាផ្នែកមួយ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍។
បើតាមអ្នកឧកញ៉ា គួច ម៉េងលី ដែលធ្លាប់រស់នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា អាជ្ញាធរស្រុកគេអនុវត្តច្បាប់តឹងតែងណាស់ ហើយគេអាចរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ។ អ្នកឧកញ៉ា ចង់ឃើញពីភាពផ្លាស់ប្តូរពីការចាប់ម៉ូយពាសវាលពាសកាល ទៅជាការប្រកបអាជីវកម្មត្រឹមត្រូវ ដែលជួយដល់សេដ្ឋកិច្ចជាតិ ព្រោះថាដំណាក់កាលនេះ កម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ក្រោមសន្តិភាពពេញលេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់ថា «ការដឹកម៉ូយដណ្តើមគ្នា ការដាក់មនុស្សហួសចំនួន គឺខ្ញុំគិតថា គ្មានសីលធម៌ អសណ្តាប់ធ្នាប់ ហើយក៏មិនសមនឹងភ្នែកចំពោះប្រទេសយើង។ យើងមើលមក អត់ល្អមើល ហើយខ្ញុំសង្ឃឹមថា អាជ្ញាធរ មិនថាក្រុមហ៊ុនខ្ញុំ ឬក្រុមហ៊ុនគេទេ បើមាន គួរតែផាកពិន័យ ព្រោះវាមានហានីភ័យគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ដល់ជីវិតធ្ងន់ធ្ងរណាស់»។
លោកបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង ហើយជាជំងឺធំជាងគេនៅស្រុកខ្មែរ ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍បែបនេះ ដែលមនុស្សម្នា ជាពិសេសអ្នកប្រកបរបរដឹកជញ្ជូន គឺពួកគាត់ជិះទាំងម៉ូតូ កង់បី កង់ រ៉ឹម៉ក Passapp និងឡានផងនោះ លើគន្លងផ្លូវចម្រុះគ្នា។ បញ្ហានេះ មិនត្រឹមតែកកស្ទះលើដងផ្លូវទេ តែវាបង្កជាបញ្ហាគ្រោះថ្នាក់ ហើយមានតែការអនុវត្តច្បាប់តឹងតែងទេ ធ្វើជាមធ្យោបាយល្អ។
ចំពោះក្រុមហ៊ុនប្រកបអាជីវកម្មត្រឹមត្រូវវិញ អ្នកឧកញ៉ា គួច ម៉េងលី បានសង្កេតឃើញថា អ្នកបើករថយន្តខ្លះមានទាំងសារធាតុញៀន ហើយអ្នកបើកបរខ្លះទៀត ពេលបង្កគ្រោះថ្នាក់ចរាចរណ៍ គឺរត់ចោលរថយន្ត។ លោកថ្លែងដែរថា មានអ្នកបើកបរខ្លះ មិនមានបណ្ណបើកបរត្រឹមត្រូវនោះទេ។
សូមជម្រាបថា ក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក ដែលមានយីហោ MBUS ជាកម្មសិទ្ធិរបស់អ្នកឧកញ៉ាផ្ទាល់ គឺជាក្រុមហ៊ុនដំបូងដែលបំពាក់ភ្លើង LED កម្ចាត់បាក់តេរី ដើម្បីផ្តល់អនាម័យដល់គ្រប់អ្វីដែលបានដំឡើងក្នុងរថយន្ត បំពាក់កាម៉េរ៉ាសុវត្ថិភាពវ័យឆ្លាត អាចត្រួតពិនិត្យនូវរាល់ការបើកបរប្រកបដោយគុណភាព ព្រោះថាសុវត្ថិភាពរបស់អ្នកដំណើរទាំងអស់ គឺជាអ្វីដែលយើងយកចិត្តទុកដាក់ខ្ពស់បំផុត។ MBUS ក៏ផ្តល់ជូន ផងដែរ នូវសេវាដឹកជញ្ជូនប្រកបដោយគុណភាព និងសុវត្ថិភាព ដូច្នេះបានកំណត់ឱ្យមានអ្នកបើកបរពីររូប នៅរាល់ជើងដំណើរនីមួយៗ។
អ្នកបើកបរទាំងអស់ ត្រូវបានត្រួតពិនិត្យសុខភាពជាប្រចាំ ដើម្បីធានាថាពួកគាត់ មានសុខភាពល្អដើម្បីផ្តល់សេវាដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងសេវាល្អ។ អ្នកបើកបរ ដែលទទួលបានការហ្វឹកហ្វឺនដ៏ច្បាស់លាស់ទាំងអស់ អាចឈប់សម្រាកនៅចំណតរង់ចំាំភ្ញៀវដែលមានទីធ្លាទូលាយប្រកបដោយ ផាសុកភាព និងមានបន្ទប់ទឹកស្អាត។ ការណ៍នេះ ជួយឱ្យអ្នកដំណើរទទួលបាននូវភាពស្រស់ស្រាយ និងសប្បាយ រីករាយនៅរាល់ការធ្វើដំណើរ៕