(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយស៊ើបអង្កេតបឋម សមត្ថកិច្ចបានរកឃើញថា ជនបង្កៃគ្រាប់បែកនៅក្បែរណាហ្គាវើលដ៍ គឺជាជនជាតិចិន ហើយករណីនេះ មិនមែនរឿងនយោបាយ ឬភេរវកម្មនោះទេ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ករណីបង្កៃគ្រាប់បែកនេះ ជនបង្កបានរថយន្តទំនើបមួយគ្រឿង យកគ្រាប់បែកទៅដាក់នៅកន្លែងកើតហេតុ ហើយបានចាកចេញទៅ។ រថយន្តនោះត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបាន តាមរយៈផ្លាកលេខ ដែលបង្ហាញថា ម្ចាស់រថយន្តនោះគឺជាជនជាតិចិន។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីចាប់ខ្លួនជន​បង្ក ចំពោះករណីបង្កៃគ្រាប់បែកនេះបន្តទៀត។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍។

សូមបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ មានករណីគ្រាប់បែកបង្កៃមួយគ្រាប់ដែលប្រឡាក់ដោយនំខេក ត្រូវបានគេប្រទះឃើញបង្កៃ នៅចំណុចក្រុមហ៊ុនណាហ្គាវើល២ តាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពរបស់សមត្ថកិច្ច បានឱ្យដឹងថា គ្រាប់បែកនេះ ត្រូវបានបុគ្គលិកក្រុមហ៊ុនសុិនទ្រី ប្រទះឃើញ នៅក្នុងថង់ពណ៌សមួយ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ហើយបានរាយការណ៍ជូនសន្តិសុខក្រុមហ៊ុននេះ រហូតដល់មានការប្តឹងបន្តទៅដល់សមត្ថកិច្ច។ បន្ទាប់ពីប្រទះឃើញនេះ គ្រាប់បែកក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស៊ីម៉ាក់ ក៏បានរៀបចំបំផ្ទុះគ្រាប់បែកនេះចោលតែម្តង៕