(រតនគិរី)៖ ក្រុមហ៊ុនទឹកស្អាត «តាយសេង» ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី បានរងនូវការរិះគន់ថា បានបូមទឹកបឹងកំសាន្ត និងបឹងកន្សែង ដើម្បីលក់ឲ្យ ប្រជាពលរដ្ឋប្រើប្រាស់ បណ្ដាលឲ្យរីង និងធ្វើឲ្យពូជត្រីជាច្រើនបានពុល ជាពិសេសពូជត្រីប្រា និងប៉ះពាល់ដល់សតិអារម្មណ៍ របស់ភ្ញៀវទេសចរណ៍ ដែលមកកំសាន្ដផងដែរ។
ប្រជាពលរដ្ឋបានបន្ថែមថា «ក្រុមហ៊ុនគិតតែពីផលចំណេញ មិនគិតពីបញ្ហាទឹកខ្វះអនាម័យ ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ នោះឡើយ ជាក់ស្តែងដូចជាករណីបូមទឹក ចេញពីបឹងកំសាន្តយកមកលក់ឲ្យពួកគាត់ហ្នឹង»។ ពាក់ព័ន្ធបញ្ហានេះ លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកខេត្តរតនគិរី ប្រាប់ឲ្យដឹងថា ក្រុមហ៊ុន «តាយសេង» ទឹកស្អាត ធ្វើអាងស្តុកទឹកសំរាប់ចែកចាយ មានទំហំតូចពេក គួបផ្សំ នឹងរដូវប្រាំងក្តៅហួតហែង រហូតដល់រដូវវស្សា ពុំសូវមានភ្លៀងធ្លាក់ ធ្វើឲ្យអាងស្តុកទឹកក្រុមហ៊ុនរីង ដូច្នេះត្រូវតែដាក់ទុយយោ មកបូមទឹក ពីបឹងកំសាន្តនិងបឹងកន្សែង (បឹងធម្មជាតិ) ជាកន្លែងសំរាប់ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកមកកំសាន្ត។
លោកបន្ដថា ប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាត ក្រុមហ៊ុនទឹកស្អាតនេះ មានប្រមាណ២៨០០គ្រួសារ។ លោកបន្ថែមថា នេះជាលើកទី១ប៉ុន្តែនៅ បណ្តាឆ្នាំក្រោយៗទៀត មិនអនុញ្ញាតឲ្យក្រុមហ៊ុនបូមទឹកទៀតទេ ដោយធ្វើការណែនាំខាងក្រុមហ៊ុនត្រូវធ្វើអាងស្តុកទឹក ឲ្យបានធំជៀសវាង បញ្ហាដូចឆ្នាំនេះ។ មេការក្រុមហ៊ុន «តាយសេង» ទឹកស្អាត លោក នាន ធឿន បានឲ្យដឹងថា ដោយសារក្រុមហ៊ុន ខ្វះទឹកស្អាតសំរាប់ផ្គត់ផ្គង់ ប្រជាពលរដ្ឋនៅក្នុងក្រុងបានលុង ទើបធ្វើឲ្យលោកថៅកែ (ឧកញ៉ា តាយ សេង) បានបញ្ជាឲ្យតទុយយោបូមទឹក ចេញពីបឹងកំសាន្តប្រមាណ ២ខែកន្លងមកហើយ ដោយទឹកបឹងនោះជិតរីងទឹកឡើងល្អក់។ លោក នាន ធឿន បន្តថា ក្រុមហ៊ុនបានបង្វែរដាក់ទុយយោទៅបូមទឹក នៅបឹងកន្សែងវិញម្តង ព្រោះទឹកនៅមានច្រើន និងមានអនាម័យ ដោយទឹកនៅពណ៌ខៀវ៕