(ព្រុចសែល, បែលហ្ស៉ិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូចាកចេញពីទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក ត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារប្រកបដោយជោគជ័យខ្ពស់។
យោងតាមគណៈប្រតិភូ បានបញ្ជាក់ថា យន្តហោះសម្តេចតេជោ បានចាកចេញពីទីក្រុងព្រុចសែលនៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី១៥ ខែធ្នូ (ម៉ោងនៅព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ ៣រសៀលថ្ងៃទី១៥ ខែធ្នូ ម៉ោងនៅកម្ពុជា។ តាមការគ្រោងទុកសម្តេចតេជោ និងគណៈប្រតិភូនឹងអញ្ជើញដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ។
សូមបញ្ជាក់ថា បេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឋានៈជានាយករដ្ឋមន្ត្រី និងឋានៈជាប្រធានអាស៊ាន នៅតំបន់អឺរ៉ុបរយៈពេលប្រមាណជា ៤ថ្ងៃ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបាននាំមកនូវកិត្តិយសធំធេងសម្រាប់ប្រជាជាតិកម្ពុជាផងដែរ។
ក្នុងឋានៈជាមេដឹកនាំដែលបានបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃ សម្តេចតេជោ ហ៊ុន សែន បានផ្តល់វិភាគទានជាច្រើនក្នុងស្វះស្វែងរកសុខសន្តិភាពជូនសហភាពអឺរ៉ុប ជាពិសេសការរកនូវគន្លឹះដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
បេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្តល់តម្លៃយ៉ាងធំធេងពីប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប, ប្រធានាធិបតីបារាំង អធិការបតីអាល្លឺម៉ង់ និងនាយករដ្ឋមន្ត្រីហ្វាំងឡង់ជាដើម៕