(សៀមរាប)៖ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងថា មេរោគអេដស៍ នៅតែជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ដែលមេរោគអេដស៍អាចឆ្លងតាមការរួមភេទ ការប៉ះពាល់ឈាមដែលមានមេរោគអេដស៍ និងពីម្តាយទៅទារក អំឡុងពេលមានផ្ទៃពោះ លើសពីនេះទៀតវាអាចបំផ្លាញប្រព័ន្ធសុំការពារប្រឆាំងនឹងជំងឺនានា ហើយថែមទាំងអាចបណ្ដាលឲ្យបាត់បង់ជីវិត។
លោក ពិន ប្រាកដ បានលើកឡើងយ៉ាងដូចនេះនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសដែលរដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឲ្យមានសមភាព» ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តលោក លោកស្រី អភិបាល អភិបាលរង ក្រុង-ស្រុកលោក លោកស្រី ចៅសង្កាត់ លោក លោកស្រី ប្រធានអង្គការដៃគូជាតិ-អន្តរជាតិ និង គរុសិស្ស និស្សិត សិស្សានុសិស្សជាច្រើននាក់ចូលរួមផងដែរ។
សូមបញ្ជាក់ដែរថា សម្រាប់កម្ពុជា ក្នុងឆ្នាំ២០២២នេះ ជាលើកទី៣០ និងជាលើកទី៣៣ នៅលើសកលលោក ដែលប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» ទីវានេះធ្វើឡើងក្នុងគោលបំណងរួមគ្នាជាសកល ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រជាជននៅលើសកលលោក ចូលរួមចែករំលែកជំនាញ ចំណេះដឹង និងបទពិសោធន៍ថ្មីៗ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលមេរោគឣេដស៍ឱ្យមានប្រសិទ្ធភាព និងបង្ហាញពីការគាំទ្រ ការយកចិត្តទុកដាក់ដល់ឣ្នកផ្ទុក ឣ្នករងផលប៉ះពាល់ពីមេរោគឣេដស៍ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាសង្គមឲ្យកាន់តែទូលំទូលាយ។
លោក ពិន ប្រាកដ បានបន្តថា ទោះបីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ លើការទប់ស្កាត់ការរាលដាលមេរោគអេដស៍ក៏ដោយ ហើយក៏ត្រូវខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាបន្តទៀត ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់មេរោគអេដស៍ឱ្យបានជាអតិបរិមាបន្ថែមទៀត។ ក្នុងនោះដែរក្នុងចំណោមក្រុមដែលប្រឈមមុខខ្ពស់មានដូចជា៖ ក្រុមបុគ្គលិកគ្រឹះស្ថានសេវាកម្សាន្តសប្បាយ ក្រុមបុរសស្រលាញ់បុរស ក្រុមបុរសបំប្លែងភេទ ក្រុមអ្នករងគ្រោះដោយសារគ្រឿងញៀន ក្រុមយុវវ័យ និងឈានទៅកាត់ផ្តាច់ទាំងស្រុងការចំលងមេរោគអេដស៍ពីម្ដាយទៅកូន។
លោក ពិន ប្រាកដ ក៏បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ និងអង្គការមិនមែន រដ្ឋាភិបាលជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកបញ្ហាជំងឺអេដស៍ជាអាទិភាពក្នុងការបញ្ជ្រាប និងបញ្ចូលទៅគ្រប់សេវាទាំងអស់ក្នុងអង្គភាព ស្ថាប័ន និងសហគមន៍របស់ខ្លួន ដើម្បីធានាថា មន្ត្រី បុគ្គលិក ប្រជាជនរបស់ខ្លួនមានចំណេះដឹងត្រឹមត្រូវពីមេរោគអេដស៍ និងជំងឺអេដស៍ និងមានមធ្យោបាយគ្រប់គ្រាន់ក្នុងការបង្ការខ្លួនពីការចំលងមេរោគអេដស៍ និងជំងឺអេដស៍។ ត្រូវបន្តលើកកម្ពស់សមត្ថភាព ក្នុងភាពជាអ្នកដឹកនាំល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ទៅគ្រប់លំដាប់ថ្នាក់ទាំងអស់ និងត្រូវបន្តអប់រំ ផ្សព្វផ្សាយឱ្យបានជាប្រចាំ ទូលំទូលាយនៅទូទាំង ប្រទេសខេត្ត ក្រុង-ស្រុក ជាពិសេសតំបន់ដាច់ស្រយាល ក្រុមប្រជាជនចំណាកស្រុក និងក្រុម ប្រជាជន ប្រឈមមុខខ្ពស់នឹងមេរោគអេដស៍។
ជាមួយនេះដែរ លោកក៏បានអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍នានា និងអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ទាំងអស់ បន្តការចូលរួម គាំទ្រឲ្យបានខ្លាំងក្លាថែមទៀត តាមគ្រប់រូបភាពទាំងកំលាំងកាយ ប្រាជ្ញាស្មារតី និងសម្ភារ ថវិកា ដើម្បីពង្រីកអន្តរាគមន៍ឱ្យបានទូលំទូលាយ និងប្រកប ដោយប្រសិទ្ធភាព ឈានទៅសម្រេចបានគោលដៅយុទ្ធសាស្ត្រ ៩៥នាឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា ការបញ្ចប់ការរីករាលដាលមេរោគអេដស៍ ជម្ងឺអេដស៍ គឺជាសមាសភាគដ៏សំខាន់មួយនៅក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព(SDG)ផងដែរ៕