(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់អនុសាសន៍ឱ្យគណៈកម្មការអធិការកិច្ចការងារអាស៊ាន និងស្ថាប័នអាស៊ាន ត្រូវប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឱ្យបានជាយោជន៍ក្នុងការបង្កើនទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារ សំដៅធ្វើឱ្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារក្នុងតំបន់អាស៊ានកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសបើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ ក្រោមមូលបទ៖ ការធ្វើទំនើបកម្មអធិការកិច្ចការងារតាមរយៈបដិវត្តកម្មបច្ចេកវិទ្យា នៅក្រោយជំងឺរាតត្បាតជាសាកល នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ ដោយមានការចូលរួមពីមន្រ្តីបង្គោលអធិការកិច្ចការងារអាស៊ាន មន្រ្តីបង្គោលសុវត្ថិភាព និងសុខភាពការងារអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ។

លោករដ្ឋមន្ត្រីជឿជាក់លើមូលបទនៃសន្និសីទនេះ ដោយអះអាងថាវាជាចំណែកមួយក្នុងការចូលរួមសម្រេចឱ្យបាននូវគោលដៅរួមក្នុងក្របខ័ណ្ឌរបស់អាស៊ាន ដែលថ្នាក់ដឹកនាំកំពូលបានអនុម័ត ក៏ដូចជាការបន្តសម្រេចឱ្យបាននូវកម្មវិធីការងារនៃរដ្ឋមន្រ្តីការងារអាស៊ាន សំដៅធ្វើឱ្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈបច្ចេកវិទ្យាព័ត៌មាន ដែលជួយគាំទ្រក្នុងការពង្រឹងប្រសិទ្ធភាពអធិការកិច្ចការងារ សេវាអធិការកិច្ចការងារកាន់តែឆាប់រហ័ស ផ្តល់ភាពងាយស្រួលក្នុងការវាយតម្លៃលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងសម្រួលដល់ការចុះធ្វើអធិការកិច្ចការងារនៅទីកន្លែងដែលមានហានិភ័យ ឬទីកន្លែងដែលអធិការការងារមិនអាចចុះធ្វើអធិការកិច្ចការងារដោយផ្ទាល់បាន ដោយសារកត្តាគ្រោះធម្មជាតិ ឬជំងឺឆ្លងផ្សេងៗ។ ជាងនេះទៅទៀត ប្រព័ន្ធអធិការកិច្ចការងារបែបទំនើប ក៏នឹងជួយលើកកម្ពស់កិច្ចសន្ទនាសង្គមឱ្យកាន់តែប្រសើរឡើង និងធានាអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីការងារផងដែរ។

លោក អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីបង្គោលអធិការកិច្ចការងារអាស៊ាន និងមន្រ្តីបង្គោលសុវត្ថិភាពនិងសុខភាពការងារអាស៊ាន ដែលបានសម្រេចគាំទ្រកម្ពុជាក្នុងការជ្រើសរើសយកមូលបទដ៏មានសារ:សំខាន់នេះ ដោយមានអនុមូលបទចំនួន២ មកធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សានៅក្នុងសន្និសីទលើកទី១១ គឺទី១-អធិការកិច្ច និងបច្ចេកវិទ្យាដែលជំរុញឱ្យមានការផ្លាស់ប្តូរសម្រាប់ការងារសមរម្យ និងទី២-អធិការកិច្ចការងារនៅក្នុងពិភពលោកក្រោយជំងឺរាតត្បាត។ មូលបទនេះពិតជាមានលក្ខណ:សមស្របបំផុត ឆ្លើយតបទៅស្ថានភាពនៃការវិវត្តសេដ្ឋកិច្ច-សង្គម ដែលបានរងផលប៉ះពាលពីជំងឺកូវីដ-១៩ក្នុងតំបន់អាស៊ាន និងជាសកលលើការអភិវឌ្ឍគ្រប់វិស័យ រួមមានទាំងវិស័យការងារ ជាពិសេសស្ថានភាពសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងលក្ខខណ្ឌការងារផងដែរ។

សន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១នេះដែរ មានគោលបំណងមិនត្រឹមតែដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍នៃប្រព័ន្ធអធិការកិច្ចការងារក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភាក្សាលើនវានុវត្តន៍ បញ្ហាប្រឈម និងយុទ្ធសាស្ត្រឆ្ពោះទៅរកការប្រើប្រាស់ប្រព័ន្ធអាយស៊ីធី (ICT) ក្នុងប្រព័ន្ធអធិការកិច្ចការងារផងដែរ។

ដើម្បីឱ្យអង្គសន្និសីទទទួលបានជោគជ័យ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដូចខាងក្រោម៖

ទី១. គណៈកម្មការអធិការកិច្ចការងារអាស៊ាន និងស្ថាប័នអាស៊ាន គួរពិនិត្យមើលលទ្ធភាពបន្ថែមក្នុងការបង្កើតយន្តការតាមដាន និងវាយតម្លៃការអនុវត្តសេចក្តីសន្និដ្ឋាន និងអនុសាសន៍ដែលបានដាក់ចេញដោយអង្គសន្និសីទកន្លងមក ព្រមទាំងលើកទឹកចិត្តដល់រដ្ឋជាសមាជិកក្នុងការស្នើគម្រោង/សកម្មភាពនានា ស្របតាមអ្វីដែលបានដាក់ក្នុងអនុសាសន៍នេះ និងគៀងគរការចូលរួមរបស់អង្គការដៃគូខាងក្រៅអាស៊ានផងដែរ។

ទី២. អាស៊ានគួរពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកអាស៊ាន និងជាមួយដៃគូសន្ទនា/អភិវឌ្ឍន៍របស់អាស៊ាន ដើម្បីចែករំលែកបទពិសោធន៍ និងភាពជោគជ័យរបស់ខ្លួនក្នុងវិស័យអធិការកិច្ចការងារ ជាពិសេសជាមួយប្រទេសប្រើប្រាស់បច្ចេកទេសកម្រិតខ្ពស់ សម្រាប់បង្កើនប្រសិទ្ធភាពប្រព័ន្ធអធិការកិច្ចការងារថ្នាក់ជាតិរបស់ខ្លួន ក្នុងទម្រង់ដូចជាដំណើរទស្សនកិច្ចសិក្សា សិក្ខាសាលា/វេទិកាចែករំលែកជាដើម។

ទី៣. គណៈកម្មការអធិការកិច្ចការងារអាស៊ាន គួរមានការផ្សព្វផ្សាយព័ត៌មានការបណ្តុះបណ្តាល និងការបញ្ជ្រាបការយល់ដឹងពីបច្ចេកវិទ្យា វិស័យអធិការកិច្ចការងារ និងការផ្តល់សេវាសាធារណៈដល់កម្មករនិយោជិតនៅបណ្តាប្រទេសអាស៊ាន៕