(ព្រះសីហនុ)៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ ពាក់ព័ន្ធករណីកាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់ និងករណីកាន់កាប់រក្សាទុកនូវសារធាតុញៀន។ ការឃាត់ខ្លួននេះ ធ្វើឡើងក្នុងប្រតិបត្តិការរដ្ឋបាលចំហ នៅចំណុចអគារផ្ទះវីឡា ១កន្លែង ស្ថិតនៅក្រុមទី៩ ភូមិ១សង្កាត់៣ ក្រុងព្រះសីហនុ ដែលសង្ស័យថា មានករណីចាប់ជំរិត។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះថា ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៣ និងដោយមានការសម្របសម្រួលនីតិវិធីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការដឹកនាំពីលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅពេលចុះរដ្ឋបាលនោះ បានពិនិត្យឃើញមានមនុស្សជាជនបទេស កំពុងអង្គុយធ្វើការ ជាមួយកុំព្យូទ័រ មានក្នុងបន្ទប់រួម និងតាមបន្ទប់ផ្ទាល់ខ្លួន សង្ស័យអាចមានជាប់ពាក់ព័ន្ធ ការប្រព្រឹត្តបទល្មើសណាមួយ។ ជាក់ស្តែងពិនិត្យឃើញមាន ជនជាតិចិន និងវៀតណាមសរុប២៦នាក់ និងជនជាតិខ្មែរចំនួន៤នាក់ និងមានសម្ភារៈមួយចំនួនទៀត។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះដែរ នៅពេលដែលក្រុមការងារ បានទៅទីតាំងអគារខាងលើ មានជនសង្ស័យម្នាក់ ឈ្មោះ YI XIAO LONG បានផ្លោះរបងខាងក្រោយរត់គេចខ្លួនចូលក្នុងព្រៃ ហើយត្រូវកម្លាំងសមត្ថកិច្ចជំនាញ ដេញចាប់ឃាត់ខ្លួនបាន និងបាននាំជនសង្ស័យ ទៅឆែកឆេរបន្ទប់ដែលជនសង្ស័យស្នាក់នៅ រកឃើញអាវុធខ្លីចំនួន២ដើម និងសម្ភារៈមួយចំនួន។
តាមចម្លើយរបស់ ឈ្មោះ YI XIAO LONG បានបំភ្លឺថា នៅអំឡុងខែមេសា ឆ្នាំ២០១៨ ខ្លួនបានមកប្រទេសកម្ពុជា ដោយជិះយន្តហោះពីខេត្តជាំង ស៊ូ ប្រទេសចិន ចុះនៅព្រលានយន្តហោះខេត្តព្រះសីហនុ គោលបំណងមករកស៊ី ពេលមកដល់រកស៊ី លក់ ត្បូង គុជ តាមរយៈឈ្មោះ PANG JIE ភេទស្រី ជនជាតិចិន ដោយរកស៊ីបានរយៈពេល៣ឆ្នាំ ដោយសារជំងឺកូវីដ១៩ ក៏បានឈប់រកស៊ីមុខរបរនេះ រហូតដល់មកដល់បច្ចុប្បន្នមិនទាន់រកមុខរបរទេ ហើយមិនមានកន្លែងស្នាក់នៅពិតប្រាកដទេ ម្តងដេកនៅសណ្ឋាគារនេះ ម្តងដេកនៅសណ្ឋាគារនោះ។ នៅប្រហែលជា១០ថ្ងៃមុន ខ្លួនបានផ្លាស់ទៅស្នាក់នៅផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងក្រុមទី០៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដែលមិត្តភក្តិរបស់ឈ្មោះ JIU BIN ជនជាតិចិន ជាអ្នកជួល ដោយស្នាក់នៅបន្ទប់លេខ២២ ជាន់ទី២។
វត្ថុតាងមួយចំនួន រួមមាន អាវុធខ្លី២ដើម ម៉ាក SIGSAUER P365 ពណ៌ខ្មៅ, បង់១ មាន៦គ្រាប់ និងម៉ាក STI ពណ៌ខ្មៅ (គ្មានលេខសម្គាល់), បង់១ មាន១៣គ្រាប់, គ្រាប់កាំភ្លើង ១៦៩គ្រាប់, ពិលឆក់ ២គ្រឿង និងមានសម្ភារៈមួយចំនួនទៀត។ ជនសង្ស័យបានសារភាពថា កាំភ្លើងនេះ ខ្លួនទិញក្នុងតម្លៃជាង៨ពាន់ដុល្លារ តាមរយៈ Facebook ដើម្បីទុកការពារខ្លួន មិនដែលបានបាញ់នោះទេ។
បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង ពាក់ព័ន្ធករណីកាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់ និងករណីកាន់កាប់រក្សាទុក សារធាតុញៀន ដោយខុសច្បាប់ និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត រួចរាល់ ដេីម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕