(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណ:កម្មការចម្រុះខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-ឡាវ បានជំរុញឲ្យក្រុមការងារព្រំដែនកម្ពុជា និងឡាវ បង្កើនកិច្ចសហការគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីថែរក្សា សន្តិសុខតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។
ការជំរុញរបស់នាយឧត្តមសេនីយ៍ នាង ផាត បានធ្វើឡើងក្នុងកិច្ចប្រជុំគណ:កម្មការកិច្ចសហប្រតិបត្តិការសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ។
ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ នាង ផាត បានគូសបញ្ជាក់ថា បើទោះបីពេលបច្ចុប្បន្នតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ពុំមានបញ្ហាអ្វីធំដុំ និងស្មុគស្មាញក៌ដោយ តែគណ:កម្មការរក្សារបៀបរៀបរយ តាមបណ្តោយព្រំដែន ត្រូវយកចិត្តទុកដាក់ដោះស្រាយ ឲ្យបានទាន់ពេលវេលា ក្នុងស្មារតីយោគយល់ និងរួមគ្នា ដើម្បីអភិវឌ្ឍន៍ និងលើកស្ទួយផលប្រយោជន៍ប្រទេសទាំងពីរ។
ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ បានឲ្យដឹងថា ដោយយោងទៅស្ថានភាពចាំបាច់ក្រសួងការ ពារជាតិកម្ពុជា បានសម្រេចបង្កើតគណ:កម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដែលមានសមាសភាពមកពីអគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោក បណ្តាភូមិភាគ និងខេត្ត ដែលនៅជាប់ព្រំដែនជាមួយឡាវ។
លោកឧត្តមសេនីយឯក បានបន្តថា គណ:កម្មការនេះមានភារកិច្ចធ្វើជាសេនាធិការ ជូនអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលសហប្រតិបត្តិការ ថែរក្សាការពារព្រំដែនប្រទេសទាំងពីរកម្ពុជា-ឡាវ ឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
លោកវរសេនីយ៌ឯក ជៀម ហុក ប្រធានក្រុមការងារបច្ចេកទេស របស់គណ:កម្មការព្រំដែនបានអោយដឹងថា កម្ពុជា-ឡាវ មានព្រំដែនជាប់គ្នា ប្រវែង៥៤០គីឡូម៉ែត្រ មានបង្គោលព្រំដែន១០៨បង្គោល៕