(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យទទួលបានវឌ្ឍនភាពថ្មីៗបន្តទៀត លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។
លោក អ៉ិត សំហេង សង្ឃឹមថា ក្នុងបេសកម្មការងាររបស់លោក Joseph Scheuer និងសហការីនឹងបន្តកិច្ចសហការជាមួយបណ្តាក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ លោកបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានជួយមកដល់កម្ពុជានៅក្នុងដំណាក់កាលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានទាំងវ៉ាក់សាំង គ្រឿងបរិក្ខាបច្ចេកទេសជាច្រើនទៀតមកដល់កម្ពុជា និងនៅតែបន្តជួយមកកម្ពុជាក្រោយការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីកូវីដ-១៩។
លោក Joseph Scheuer ដែលធ្លាប់កាន់តំណែងជានាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅក្នុងអំឡុងឆ្នាំ២០០៧ និង២០១០ ហើយទើបត្រឡប់មកកាន់កម្ពុជានៅឆ្នាំ២០២២សាជាថ្មីម្តងទៀត បានសង្កេតឃើញថាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជាលើគ្រប់វិស័យពិតជាមានការរីកចម្រើនប្រែប្រួលយ៉ាងលឿន។
ទន្ទឹមនឹងនេះ លោកក៏បានចូលរួមអបអរសាទរដល់រដ្ឋាភិបាលកម្ពុជាដែលបានរៀបចំវិធានការទប់ស្កាត់ជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យគម្រោងធំៗភាគច្រើនវិលត្រឡប់មកប្រក្រតីភាពឡើងវិញ។
លោក Joseph Scheuer បញ្ជាក់ថា អង្គការសហប្រជាជាតិនឹងបន្តការគាំទ្រចំពោះគោលដៅមហិច្ចតារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយប្រទេសកម្ពុជាឱ្យជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០ ដោយអង្គការសហប្រជាជាតិ នឹងបន្តបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៨ ធ្វើយ៉ាងណាឱ្យ កម្ពុជា-UN ក្លាយជាដៃគូកាន់តែរឹងមាំបន្ថែមទៀត។
នៅក្នុងជំនួបនេះផងដែរ ភាគីទាំងពីបានឯកភាពគ្នាទៅលើទិសដៅរួមគ្នាចំនួនសំខាន់ៗបីគឺ៖
១. សំដែងនូវមោទកភាពចំពោះលទ្ធផលជាផ្លែផ្កាដែលកើតចេញពី គម្រោងការងារ និងមុខរបរសមរម្យសម្រាប់យុវជន ដែលជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (DEY)។ ឯកឧត្តមរដ្ឋមន្ត្រី និងលោក Joseph Scheuer ដែលជាសហប្រធានគម្រោងនេះ នឹងកោះប្រជុំគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជាដំណាក់កាលទី៣ នាដើមឆ្នាំ២០២៣ ដើម្បីបន្តផែនការសកម្មភាព ក៏ដូចជាការបន្តគៀងគរធនធានក្នុងការធានានិរន្តរភាព នៃគម្រោង និងពង្រីកវិសាលភាពគម្រោងផងដែរ។
២. ពាក់ព័ន្ធនឹងការបន្តដោះស្រាយលើសុវត្ថិភាពចរាចរតាមដងផ្លូវ និងការដឹកជញ្ជូនកម្មករ ដែលបានជួបនូវគ្រោះថ្នាក់ចរាចរកន្លងមក បើយោងតាមរបាយការណ៍របស់ UNDP គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវបានធ្វើអោយខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងមួយឆ្នាំៗ ហើយតាមការប៉ាន់ប្រមាណអាចខាតបង់ដល់ផលទុនជាតិសរុប ប្រមាណ ៣%។ អង្គការសហប្រជាជាតិនឹងចូលរួមគាំទ្រក្នុងយុទ្ធនាការទៅលើផែនការសុវត្ថិភាពនៅតាមដងផ្លូវ។ ក្នុងពេលឆាប់ៗនេះ នឹងមានទស្សនកិច្ចផ្លូវការមួយរបស់ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ មកកម្ពុជា ដើម្បីពិភាក្សាការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។
៣. ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា កម្មវិធីបង្កើនល្បឿនសកសលើការងារ និងការគាំពារសង្គមសម្រាប់ការធ្វើអន្តរកាលប្រកបដោយយុត្តិធម៌ ដែលគ្រោងនឹងបង្កើតការងារប្រមាណ ៣០០លានការងារ សម្រាប់ប្រទេសជាសមាជិក ក្នុងនោះ កម្ពុជាក៏អាចទទួលបានអត្ថប្រយោជន៍អំពីគំនិតផ្តួចផ្តើមយ៉ាងច្រើននេះដែរ ដោយសារកម្ពុជាមានគម្រោងជាច្រើនដែលបាននឹងកំពុងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ និងដៃគូភ្នាក់ងារអង្គសហប្រជាជាតិនានា ជាពិសេសដូចជាអង្គការ ILO, UNDP, UNICEF, UNIDO ជាដើម។
លោករដ្ឋមន្ត្រីនឹងខិតខំរួមគ្នាជាមួយអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ទៅជាគម្រោងគំរូមួយសម្រាប់បណ្តាប្រទេសដទៃយកទៅអនុវត្ត ដូចដែលកម្ពុជាទទួលបានជោគជ័យលើការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC)។
ភាគីទាំងពីរបានបេ្តជ្ញាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចូលរួមគាំទ្រលើគ្រប់កម្មវិធីអាទិភាពរបស់ក្រសួង។ ភាគីទាំងពីរមានទស្សនៈរួមគ្នាក្នុងការខិតខំសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ហើយរាជរដ្ឋាភិបាលកម្ពុជាសម្រេចនូវគោលដៅប្រែក្លាយប្រទេសកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ហើយទៅជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០៕