(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើសេចក្ដីណែនាំ ស្ដីពីនីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងនីតិវិធីនៃការដាក់អ្នករាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ឲ្យចូលនិវត្តន៍។
តាមខ្លឹមសារ នៃសេចក្ដីណែនាំនេះ គ.ជ.ប ត្រូវអនុវត្តសម្រាប់តែការចូលនិវត្តន៍ដោយដល់អាយុចូលនិវត្តន៍ (៦០ឆ្នាំ) ការដាក់ឲ្យចូលនិវត្តន៍មុនអាយុកំណត់ តាមការស្ម័គ្រចិត្តរបស់អ្នករាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ដែលមានអតីតភាពការងារចាប់ពី៣០ឆ្នាំឡើងទៅ និងការចូលនិវត្តន៍ដោយបាត់បង់សម្បទាវិជ្ជាជីវៈតែប៉ុណ្ណោះ។
អង្គភាពបេឡាសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់អ្នករាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ប.ស.ស.គ.ជ.ប) ត្រូវធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាព ស្ថានភាពនៃនិវត្តជនម្នាក់ៗ ឲ្យបានទៀងទាត់ និងជាប្រចាំនៅរៀងរាល់ប្រាំមួយខែម្ដង។
ប្រាក់សោធននិវត្តន៍ ត្រូវបានបើកផ្ដល់ជូនអ្នករាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ដោយព្រះរាជក្រឹត្យសម្រាប់អ្នករាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ក្របខ័ណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់ ឬដោយសេចក្ដីសម្រេច គ.ជ.ប សម្រាប់អ្នករាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ក្របខ័ណ្ឌបោះឆ្នោតមធ្យម និងបឋម។
នាយកដ្ឋានរដ្ឋបាល នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវរៀបចំសំណើសុំគោលការណ៍ ស្ដីពីការដាក់អ្នករាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ឲ្យចូលនិវត្តន៍ និងបញ្ជីរាយនាមអ្នករាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ដែលត្រូវចូលនិវត្តន៍ តាមរយៈអគ្គលេខាធិការ គ.ជ.ប ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច យ៉ាងតិច៣ខែ មុនកាលបរិច្ឆេទកំណត់ចូលនិវត្តន៍របស់អ្នករាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ម្នាក់ៗ។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានណែនាំឲ្យនាយកដ្ឋានរដ្ឋបាល នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវរៀបចំបែបទដែលត្រូវចូលនិវត្តន៍ ឲ្យបានឆាប់តាមសេចក្ដីណែនាំនេះ។ តាមគម្រោងផែនការ គ.ជ.ប មន្ត្រីអ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ដែលមានអាយុលើសពី ៦០ឆ្នាំមួយចំនួន នឹងត្រូវដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់៕