(ព្រុចសែល, បែលហ្ស៉ិក)៖ សហភាពអឺរ៉ុប បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុច ពាក់ព័ន្ធនឹងវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសប្រធានអាស៊ាន ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ធ្វើបទឧទ្ទេសនាម ក្នុងគណៈកម្មាធិការនយោបាយ និងសន្តិសុខ នៃសហភាពអឺរ៉ុប ស្តីពីការវិវត្តនៅមីយ៉ាន់ម៉ា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា «សហភាពអឺរ៉ុបបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស ក្នុងការជំរុញកិច្ចព្រមព្រៀង ៥ចំណុច (5PC) និងបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួន ក្នុងការគាំទ្រមជ្ឈភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ ឱ្យបានឆាប់បំផុត»។
ចំណែកឯលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ដែរថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានសម្តែងនូវសេចក្តីដឹងគុណចំពោះសហភាពអឺរ៉ុប ក្នុងការរួមចំណែកដ៏សប្បុរសដល់អាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះ ជាពិសេសក្នុងផ្នែកជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា។
កិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន ត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
គោលការណ៍ទាំង ៥ចំណុចនេះ រួមមាន៖
ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕