(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ ឧបាសិកា ស្វាយ យ៉ាន ដែលត្រូវជាមាតាបង្កើតរបស់លោកស្រី ឃុន សុផល ស្វាយស៉ីថា ដែលបានទទួលមរណភាព នៅវេលាម៉ោង០៧៖៤៨នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដោយជរាពាធ ក្នុងជន្មាយុ៩២ឆ្នាំ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកថា មរណភាពរបស់ឧបាសិកា ស្វាយ យ៉ាន គឺជាការបាត់បង់មាតា មាតាក្មេក ជីដូន ជីដូនទួត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ដែលក្នុងមួយជីវិតរបស់ឧបាសិកា តែងតែប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ដ៏ល្អប្រពៃ តស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា អប់រំ ផ្តល់ដំបូន្មានល្អៗដល់កូន ចៅ ចៅទួត និងក្រុមគ្រួសារ ឲ្យក្លាយជាបញ្ញវន្ត ជាឥស្សរជនជាន់ខ្ពស់ ដែលជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
លើសពីនេះទៅទៀត ឧបាសិកាបានរួមចំណែកកសាងសមិទ្ធផលជាច្រើនក្នុងការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការី សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ ឧបាសិកា ស្វាយ យ៉ាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ លោកស្រី ឃុន សុផល ស្វាយស៉ីថា និងក្រុមគ្រួសារ បានគោរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ និងចូលរួមបុណ្យសព ចំនួន៥លានរៀល។
សូមជម្រាបថា សពរបស់ឧបាសិកា ស្វាយ យ៉ាន កំពុងដម្កល់ធ្វើបុណ្យនៅផ្ទះលេខ១២ ផ្លូវលេខ៣១៣ កែងផ្លូវ៥៤៦ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ និង១០០ថ្ងៃ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២។ ព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញលោក លោកស្រី បងប្អូនញាតិមិត្តជិតឆ្ងាយ ចូលរួមបុណ្យឲ្យបានគ្រប់ៗគ្នា៕