(បាត់ដំបង)៖ លោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា បញ្ហាសុខភាពរបស់សិស្សដែលបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន គ្រឿងស្រវឹង និងគ្រឿងញៀន គឺជាបញ្ហាសំខាន់ដែលថ្នាក់ដឹកនាំក្រសួងអប់រំ ក៏ដូចជាថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្លាំងដើម្បីធ្វើការអភិវឌ្ឍធនធានមនុស្សដែលមានសុខភាពល្អ និងមាន បញ្ញាញាណ មានអត្តចរិក មានគុណធម៍ និងមានសីលធម៍ល្អសម្រាប់សង្គម។

លោកស្រី ឃុន រចនា បានលើកឡើងយ៉ាងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពីការផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទៅលើយុវជន ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង និងដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត យ៉ុង គុណធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា លោក ឈិត លាងអៀង នាយករងវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សនិស្សិតប្រមាណ ៦០០នាក់។

លោកស្រី ឃុន រចនា បានលើកឡើងដូចនេះថា «បញ្ហាសុខភាពរបស់សិស្ស គឺជាបញ្ហាមួយសំខាន់មែនទែនដែលលោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏ដូចជាថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំង ព្រោះថាប្រទេសកម្ពុជាមានចក្ខុវិស័យនៅក្នុងឆ្នាំ២០៣០ យើងនឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ យើងនិងក្លាយជាប្រទេសដែលមានការអភិវឌ្ឍ ដូចនេះធនធានមនុស្សគឺមានសារៈសំខាន់ ហើយធនធានមនុស្សគឺដើរស្របគ្នា យើងត្រូវការធនធានមនុស្សដែលមាន សុខភាពល្អ ហើយនឹងធនធានមនុស្សដែលមានបញ្ញាញាណ មានអត្តចរិក មានគុណធម៍ និងមានសីលធម៍»

ជាមួយគ្នានោះលោកស្រី ឃុន រចនា បានបញ្ជាក់ទៀតថា ការចូលរួមរបស់សិស្សនិស្សិត ក្នុងការស្វែងយល់នឹងទទួលបានចំណោះដឹងបន្ថែមពាក់ព័ន្ធនឹងគ្រឿងស្រវឹងនេះ នឹងធ្វើឱ្យសិស្ស និស្សិតទាំងអស់ អាចសម្របខ្លួនបាន និងគ្រប់គ្រងខ្លួនឯងបាន វៀរចាគឆ្ងាយពីគ្រឿងស្រវឹង និងគ្រឿងញឿន ដែលជាមូលហេតុធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាព។

លោកស្រី ឃុន រចនា ក្នុងនាមក្រសួងអប់រំ ក៏បានអំពាវនាវដល់ សិស្សនិស្សិតទាំងអស់ត្រូវធ្វើខ្លួនឯងឱ្យមានប្រយោជន៍ និងសង្គមត្រូវការ ដោយមិនសាកល្បងក្នុងការប្រើប្រាស់គ្រឿងស្រវឹង និងសាធាតុញៀននោះឡើយ ដើម្បីជាការជួយដល់ខ្លួនឯង ជួយគ្រួសារ និងសង្គមជាតិផងដែរ។

ជាមួយគ្នានោះដែរក្រុមនិស្សិតជាច្រើនរូប បានលើកឡើងថា ការដាក់កំហិតក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាវិធានការមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនាពេលបច្ចុប្បន្ននេះ ដោយហេតុថាការផ្សាយពាណិជ្ជកម្មនេះ បានទាក់ទាញយុវជនដែលជាធនធានទំពាំងស្នងឬស្សីឱ្យចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹង ដែលជាសារធាតុញៀន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពនេះកាន់តែច្រើន៕