(ភ្នំពេញ)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកបដោយកិត្តិយសបំផុតនៅឯវិមានប្រធានាធិបតីអេលីហ្សេ ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី ១៣ ធ្នូ ឆ្នាំ ២០២២។
នេះគឺជាកិត្តិយសដែលសាធារណៈរដ្ឋបារាំងផ្តល់ជូនប្រមុខដឹកនាំកម្ពុជាក្នុងនាមប្រធានអាស៊ានផង និងក្នុងនាមប្រទេសដែលមានប្រវត្តិសាស្ត្រជាប់ពាក់ព័ន្ធគ្នាដ៏យូរលង់ផង។
ប្រជាពលរដ្ឋខ្មែរបានសម្តែងមោទនភាពយ៉ាងខ្លាំងពេលបានឃើញប្រមុខដឹកនាំរបស់ខ្លួនទទួលបានកិត្តិយសនៅលើឆាកអន្តរជាតិពីព្រោះនោះគឺជាមោទនភាពជាតិខ្មែរទាំងមូល។ ប៉ុន្តែ កិត្តិយសនេះបានធ្វើឲ្យ សម រង្ស៊ី ដែលជាអ្នកនយោបាយប្រឆាំងជ្រុលនិយមស្លឈាម អន្ទះអន្ទែង ឈរលែងនឹង និងគ្រប់គ្រងអារម្មណ៍លែងបានក៏ប្រញាប់ប្រញាល់សរសេរលិខិតចំហបង្ហោះលើហ្វេសប៊ុកខ្លួនឯងដោយអះអាងថា ជាលិខិតចំហផ្ញើជូនប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង។ តាមពិត សម រង្ស៊ី ដែលរស់នៅស្រុកបារាំងស្ទើរមួយជីវិតទៅហើយនោះមិនដែលបានជាន់វិមានអេលីហ្សេទេ ហើយក៏គ្មានទំនាក់ទំនងជាមួយរដ្ឋាភិបាលបារាំងដែរពីព្រោះតែគេមិនរាប់រក។ ដូច្នេះហើយបានជាគាត់គ្មានច្រកដើម្បីទាក់ទងដោយផ្ទាល់ជាមួយវិមានប្រធានាធិបតីបារាំងឡើយ។
ជម្រើសដ៏ទាល់ច្រកបំផុតគឺការសរសេរលិខិតចំហបង្ហោះលើហ្វេសប៊ុកខ្លួនឯងហើយអះអាងថា ជាលិខិតផ្ញើជូនប្រធានាធិបតីបារាំង ខណៈដែលខ្លួនកំពុងស្លឈាមដោយឃើញកិត្តិយសដែលប្រធានាធិបតីបារាំងផ្តល់ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
និយាយពីខ្លឹមសារនៃលិខិតចំហនេះវិញ សម រង្ស៊ី បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងជាមួយលោកម៉ាក្រុងដែលទទួលសម្តេច ហ៊ុន សែន យ៉ាងអធិកអធមប្រកបដោយកិត្តិយសនៅក្នុងវិមានអេលីហ្សេ។ ស្ថានភាពនេះបានធ្វើឲ្យ សម រង្ស៊ី ទប់អារម្មណ៍ខ្លួនឯងលែងបានហើយនិយាយលែងដឹងខុសត្រូវដោយប្រើពាក្យមិនសមរម្យទៅកាន់ប្រធានាធិបតីបារាំងតាមបែបបង្គាប់បញ្ជានិងប្រដៅនិងបានហៅការទទួលសម្តេច ហ៊ុន សែន នៅវិមានអេលីហ្សេយ៉ាងអធិកអធមបែបនេះថា ជាកំហុសនយោបាយរបស់បារាំងទៅវិញ។ សម រង្ស៊ី បានខិតខំនិយាយរៀបរាប់ប្របកដោយការបំផ្លើស បំភ្លៃ ក្នុងនាមជាអ្នកនយោបាយជ្រុលនិយមដូចដែលគាត់បានធ្វើជារៀងរហូតមក ដើម្បីបង្ខូចឈ្មោះសម្តេច ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែពាក្យសម្តីរបស់គាត់សាបដូចទឹកទន្លេដោយគ្មាននរណាយកចិត្តទុកដាក់ស្តាប់ទេ មិនថាពលរដ្ឋខ្មែរ ឬបរទេសឡើយ។ ការនិយាយប្រដៅ ឬបែបបង្គាប់បញ្ជារដ្ឋាភិបាលបារាំងពីសំណាក់សម រង្ស៊ី បានបង្ហាញឲ្យសាធរណៈមតិជាតិ និងអន្តរជាតិមើលឃើញកាន់តែច្បាស់ក្រឡែតថា សម រង្ស៊ី រស់នៅស្រុកបារាំងស្ទើរមួយជីវិតមែន ក៏ប៉ុន្តែ គាត់គ្មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលបារាំងឡើយ។ រឿងនេះមិនចម្លែកទេសម្រាប់អ្នកតាមដាននយោបាយនៅស្រុកបារាំងពីព្រោះរដ្ឋាភិបាល និងប្រជាជនបារាំងមិនចូលចិត្តក្រុមប្រឆាំងជ្រុលនិយមឡើយ។
ជាក់ស្តែង បក្សស្តាំនិយមជ្រុលរបស់គ្រួសាឡឺប៉ែន តាំងពីឪពុករហូតដល់កូនមិនអាចឈ្នះឆ្នោតដឹកនាំប្រទេសបារាំងបានទេ ពីព្រោះប្រជាជនបារាំងមិនចូលចិត្តការដឹកនាំបែបជ្រុលនិយម។ ដូចគ្នាអ៊ីចឹងដែរ ក្រុមជ្រុលនិយមដឹកនាំដោយសម រង្ស៊ី មិនត្រូវបានពលរដ្ឋខ្មែរជ្រើសរើសឲ្យឡើងកាន់អំណាចដឹកនាំប្រទេសឡើយ។ កាលពីពេលថ្មីៗនេះ សម្តេច ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាក៏បានប្រកាសកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមចេញពីកម្ពុជា។ ដូច្នេះ ទាំងនៅស្រុកបារាំង ទាំងនៅកម្ពុជា នយោបាយជ្រុលនិយមមិនត្រូវបានស្វាគមន៍ឡើយ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី មិនត្រូវបានរដ្ឋាភិបាលបារាំងពីមួយជំនាន់ទៅមួយជំនាន់យកចិត្តទុកដាក់ទេ។
ចំណែកពលរដ្ឋខ្មែរនៅស្រុកបារាំងក៏មិនចូលចិត្ត សម រង្ស៊ី ដែរ។ សម រង្ស៊ី ក៏ស្លឈាមខ្លាំងណាស់ដែរនៅពេលឃើញសហភាពអឺរ៉ុប ទទួលស្វាគមន៍វត្តមានសម្តេច ហ៊ុន សែន ដោយកតិ្តយសនៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិកដែលជាទីស្នាក់ការធំរបស់សហភាពអឺរ៉ុប។ នេះក៏សបញ្ជាក់ទៀតថា សហភាពអឺរ៉ុបក៏មិនយកចិត្តទុកដាក់ជាមួយសម រង្ស៊ី ដូចដែលបុគ្គលជ្រុលនិយមរូបនេះធ្លាប់អួតនោះដែរ។
ក្រឡេកទៅមើលបាតុកម្មប្រឆាំងវត្តមានរបស់សម្តេច ហ៊ុន សែន នៅប្រទេសបារាំងវិញ មានមនុស្សតិចតួចបំផុតបានចូលរួម បើធៀបនឹងអ្នកទៅទទួលស្វាគមន៍ សម្តេច ហ៊ុន សែន ជាងពីរពាន់នាក់។ នេះសបញ្ជាក់ថា អ្នកគាំទ្រសម រង្ស៊ី កាន់តែហោចទៅៗស្ទើរតែអស់ទៅហើយនៅឯក្រៅប្រទេសពីព្រោះប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានយល់សភាពការណ៍ពិតពីកម្ពុជាដែលខុសស្រឡះពីការនិយាយបំផ្លើសបំភ្លៃពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម។ ជាពិសេសជាងនេះទៅទៀត សាធារណៈមតិជាតិ និងអន្តរជាតិបានស្គាល់ធាតុពិតនិងភាពជ្រុលនិយមរបស់ សម រង្ស៊ី ដែលពិភពលោកស្អប់ខ្ពើម។ និយាយដោយខ្លី សម រង្ស៊ី ជាប្រភេទមនុស្សដែលពិបាករកកន្លែងជ្រកដោយសារតែនយោបាយជ្រុលនិយមរបស់ខ្លួន។ នយោបាយជ្រុលនិយមកំពុងជីកកប់សម រង្ស៊ី ក្នុងរណ្តៅកាន់តែជ្រៅរហូតងើបលែងរួច។
ដូច្នេះការប្រកាសចេញគោលដៅកម្ចាស់មនោគមន៍វិជ្ជាជ្រុលនិយមពីសំណាក់សម្តេច ហ៊ុន សែន គឺជារឿងសមស្របទៅនឹងសភាពការណ៍ក្នុងស្រុកក៏ ដូចជានិន្នាការពិភពលោក។ ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកម្ពុជានៅអឺរ៉ុបនិងនៅបារាំងពេលនេះ គឺជាឧទាហរណ៍ជាក់ស្តែង។ ភាពឯកោរបស់សម រង្ស៊ី ទាំងនៅកម្ពុជានិងនៅក្រៅប្រទេសក៏ជាឧទាហរណ៍ជាក់ស្តែងបំផុតមួយទៀតដោយមិនអាចប្រកែកបាន។ ឥឡូវនេះ តាមព័ត៌មានពីស្រុកបារាំង សម រង្ស៊ី កំពុងស្លឈាមខ្លាំងណាស់ គិតអីក៏មិនត្រូវ ហើយគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងបានរហូតសរសេរលិខិតចំហរ ផ្តេសផ្តាសបង្ហោះលើហ្វេសប៊ុកខ្លួនឯងដោយប្រាប់គេឯងថា ជាលិខិតទៅកាន់ប្រធានាធិបតីបារាំង និងទៅកាន់មេដឹកនាំសហភាពអឺរ៉ុប។ នេះជាកំហុសនយោបាយធ្ងន់ធ្ងរបំផុតរបស់ សម រង្ស៊ី ដែលទីបំផុតងាកទៅខាំសហភាពអឺរ៉ុប និងខាំសាធារណៈរដ្ឋបារាំង ដែលពីមុននេះ សម រង្ស៊ី ធ្លាប់អួតថា ជាទីពឹងរបស់ខ្លួន។ នៅឯសហរដ្ឋអាមេរិកវិញ សម រង្ស៊ី ក៏បាត់បង់ទីតាំងឈរជើងស្ទើរតែទាំងស្រុង។ តើនេះមិនមែនជាទីបញ្ចប់នៃមនោគមន៍វិជ្ជាជ្រុលនិយមនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទេឬ?
ដោយ៖ បញ្ញវន្តខ្មែរ