(សៀមរាប)៖ គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦របស់ខ្លួន នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។

កិច្ចប្រជុំបច្ចេកទេសនេះ ស្ថិតក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានបារាំង និងជប៉ុនជាសហប្រធាន។ សហប្រធាននៃកិច្ចប្រជុំពេលនេះ មានលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierri VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពីលោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

កិច្ចប្រជុំបច្ចេកទេសថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ គណ:កម្មាធិការអាយស៊ីស៊ី-អង្គរបានពិភាក្សានិងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៥ និងកិច្ចប្រជុំពេញអង្គទី២៨ នៅខែមីនា ឆ្នាំ ២០២២កន្លងមក ព្រមទាំងពិនិត្យរបាយការណ៍សកម្មភាពក្រុមបច្ចេកទេស ការជួសជុល និងការអភិរក្ស។

ចំពោះរបាយការណ៍ដែលបានពិនិត្យក្នុងកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងចំពោះកម្មសភាពរបស់គណកម្មាធិការចំពោះកិច្ច (AdHoc) ដែលបានចុះតាមការដ្ឋានចាប់តាំងពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១២ ខែធ្នូ ២០២២ ហើយរបាយការណ៍នានានឹងដាក់បញ្ចូលទៅក្នុងកិច្ចពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ស្អែក៕