(ប៊ែលហ្សិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងថា ពិភពលោកទាំងមូលនាពេលបច្ចុប្បន្ននេះ កំពុងប្រឈមទៅនឹងការសាកល្បងដ៏ធំមួយមិនធ្លាប់មានពីមុនមកដែលក្នុងនោះមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច និងការធ្វើឱ្យរង្គោះរង្គើដល់សណ្តាប់ធ្នាប់អន្តរជាតិជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងសន្និសីទរួមនៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវភាពរីករាយចំពោះកិច្ចសន្ទនារបស់អាស៊ាន និងអឺរ៉ុប លើប្រធានបទជាច្រើនដែលមានសារសំខាន់សម្រាប់តំបន់ទាំងពីរប្រកបដោយភាពបើកចំហរ ស្មោះត្រង់ និងស្ថាបនា។

សម្តេចបានបញ្ជាក់ថា «រឹតតែសំខាន់ទៀតនោះ ការវិវឌ្ឍន៍ស្ថានភាពដ៏គួរព្រួយបារម្ភ និងផុយស្រួយ ដែលពិភពលោកទាំងមូលប្រឈមទៅនឹងការសាកល្បងដ៏ធំមួយមិនធ្លាប់មានពីមុនមក»

សម្តេចបានបន្តថា៖ «តួយ៉ាងដូចជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ការធ្វើឱ្យរង្គោះរង្គើដល់សណ្តាប់ធ្នាប់អន្តរជាតិ និងបានគំរាមកំហែងដល់ស្ថិរភាព សន្តិភាព និងការរីកចម្រើន ស្របពេលជាមួយនឹងការកើនឡើងនៃការប៉ះទង្គិចប្រដាប់អាវុធ និងសង្គ្រាម ដូចដែលតំបន់យើងទាំងពីរកំពុងប្រឈម»

ជាមួយនឹងការលើកឡើងនេះ សម្តេចតេជោ ក៏បានបន្តបញ្ជាក់ជំហររបស់កម្ពុជាចំពោះសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន និងអះអាងថា កម្ពុជាតែងបោះឆ្នោតប្រឆាំងចំពោះការប្រើប្រាស់កម្លាំងយោធាដើម្បីឈ្លានពានប្រទេសដទៃ៕